កោះរ៉ុង និងកោះរ៉ុងសន្លឹម មានចម្ងាយប្រមាណជា 25 គីឡូម៉ែត្រពីខេត្តព្រះសីហនុ កោះទាំងពីរនេះ គឺជាទីតាំងទេសចរណ៍ពិសេសមួយ របស់ប្រទេសកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនឲ្យទៅកំសាន្ត និងរំសាយអស់ទុក្ខកង្វល់ ហើយក៏បានរកប្រាក់ចំនូលជូនជាតិមិនតិចនោះដែរ។ សម្រាប់ឆ្នាំ 2019 នេះ ជោគវាសនារបស់ដែនកោះទាំងពីរ នឹងមានការវិវឌ្ឍន៍ខ្លួនកាន់តែប្រសើរ ឡើង ជាមួយនឹងការករកើតថ្មីនៃទីក្រុង នៅកណ្ដាលសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។
កាលដើមឡើយកោះទាំងពីនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋបាលខេត្តព្រះសីហនុ ក្នុងសង្កាត់មិត្តភាព តែគិតចាប់ពីខែឧសភា ឆ្នាំ 2019 នេះតទៅ ទាំងកោះរ៉ុង និងកោះរ៉ុងសន្លឹម នឹងក្លាយទៅជាទីក្រុងថ្មី ដែលទទួលបានសាលាក្រុងកោះរ៉ុងថ្មី ចែកចេញជាពីរសង្កាត់គឺ សង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ដែលរាល់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកោះរ៉ុង គឺត្រូវអនុលោមទៅតាមច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការសម្រេចនេះត្រូវបានកំណត់ឡើងដោយ អនុក្រិត្យ សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន លេខ ០២ អនក្រ.បក កាលពីពេលថ្មីៗកន្លងទៅ។
ជុំវិញការប្រកាសចេញជាទីក្រុងថ្មីនៅលើដែនដីកោះទាំងពីរ មានការរំពឹងទុកជាច្រើនលើកឡើងថា នឹងមានការបោះទុនវិនិយោគស្ទុះឡើងយ៉ាងឆាប់រហ័ស ហើយក៏នឹងធ្លាក់មកជាបន្តបន្ទាប់ ក៏ប៉ុន្តែអ្វីដែលស្ថិតក្នុងការរង់ចាំ ហើយជាបញ្ហាចំបងនោះគឺ កម្មសិទ្ធិនៃអចលទ្រព្យនៅលើកោះ។ សព្វថ្ងៃនេះកោះទាំងពីរ មានភូមិសរុបទាំងអស់ 6 ក្នុងទំហំផ្ទៃក្រឡាជាង 100 គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនស្នាក់នៅអចិន្តៃ្រយ៍ប្រមាណជា 4000 នាក់ ដោយក្នុងភាគច្រើនពុំទាន់ទទួលបានប្លង់រឹង ជាប្លង់ចុះបញ្ជីបញ្ជាក់ពីម្ចាស់កម្មសិទ្ធិ ដែលទទួលស្គាល់ពីមន្ទីរបស់ខេត្តនៅឡើយទេ។
ក្នុងនោះលោក ឈួន ចាន់ថា ដែលជាប្រធានរដ្ឋបាលទូទៅនៃកោះរ៉ុងសន្លឹម បានលើកឡើងថា “ខ្ញុំរំពឹងទុកថានឹងមានការអភិវឌ្ឍន៍កាន់តែច្រើន និងឆាប់រហ័សទៅលើវិស្ស័យអចលនទ្រព្យ ដែលជម្រុញឲ្យតម្លៃដីនៅលើកោះកាន់តែឡើងថ្លៃ តែក៏តម្រូវឲ្យមានការសាងសង់អាគាររបស់រដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធផងដែរ” លោកបានបន្ថែមទៀតថា “បច្ចុប្បន្នតម្លៃដីនៅលើកោះរ៉ុងសន្លឹមជាប់សមុទ្រក្នុង 1 ម៉ែត្រការ៉េ គឺថ្លៃជាង USD 1,000 ទៅហើយ ហើយដីទៅក្នុងជ្រៅ 1 ម៉ែត្រការ៉េមានចន្លោះចាប់ពី USD 100 ទៅ USD 200 ដោយតម្លៃទាំងនេះគឺជាតម្លៃដី មានប្លង់កម្មសិទ្ធិចុះបញ្ជីត្រឹមត្រូវ ដែលប្រជាពលរដ្ឋក្នុងតំបន់នេះត្រឹមតែ 1/3 ប៉ុណ្ណោះ ដែលមានប្លង់រឹងទុកដាក់ ខណៈដីមានត្រឹមប្លង់ទន់ តម្លៃចន្លោះពី USD 20 ទៅ USD 50 ប៉ុណ្ណោះក្នុង 1 ម៉ែត្រការ៉េ”។
ជុំវិញការករកើតទីក្រុងថ្មីលោក Brad King ដែលជាអគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន Sihanoukvill’s Cambodia Real Estate ហើយបានបោះទុនវិយោគអាផាតមិន នៅលើកោះរ៉ុង មានប្រសាសន៍ថា “ការបង្កើតជាក្រុងថ្មីស្រឡាងនៅលើកោះរ៉ុងទាំងពីរ គឺជារឿងល្អសម្រាប់វិស្ស័យអចលនទ្រព្យ ក៏ប៉ុន្តែអ្នកភូមិភាគច្រើន ពុំមានប្លង់កម្មសិទ្ធិចុះបញ្ជី (ប្លង់រឹង) នៅឡើយទេ ដោយអ្នកវិនិយោគធំៗ បានកំពុងរង់ចាំឲ្យប្រជាជនទាំងនោះទទួលបានប្លង់រឹងជាមុនសិន ទើបពួកគេហ៊ានបោះទុនវិនិយោគសំខាន់ៗ”។ អញ្ចឹងការបង្កើតជាទីក្រុងថ្មីមួយ នៅលើដែនកោះទាំងពីរនេះ នឹងជះឥទ្ធិពលខ្លាំងទៅលើវិស្ស័យអចលនទ្រព្យផង និងវិស្ស័យទេសចរណ៍ផង ដោយសង្ឃឹមថា ក្រសួង ក៏ដូចជាមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមចាត់ចែកទៅលើ ប្លង់កម្មសិទ្ធិលើអចលនទ្រព្យរបស់ប្រជាជនរស់នៅតំបន់នោះ ដែលពួកគាត់បានកាន់កាប់ដីត្រឹមត្រូវតាមច្បាប់ ជាហេតុអាចធ្វើឲ្យអ្នកវិនិយោគធំៗហានបោះទុន ដើម្បីអភិវឌ្ឍន៍កោះទាំងពីរ ឲ្យក្លាយទៅជាទីក្រុងថ្មីមួយ មិនចាញ់បរទេស។