ទីធ្លារបៃតង ដែលរាប់ចាប់ពីសួនច្បារ, ការដាំដើមឈើនៅតាមដងវិថី, ទីធ្លារវាលស្មៅ, ឬសួនឧទ្យាន -ល- ពួកវាគឺសុទ្ធតែជាសមាសធាតុនៃប្រព័ន្ធអេកូឡូស៊ីទីក្រុង និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព។ សម្រាប់ប្រទេសកម្ពុជាយើង ទីធ្លារបៃតងបានកើតមានឡើងតាំងពីសម័យដើមមកម្ល៉េះ ជាពិសេសនៅរាជធានីភ្នំពេញ មានសួនច្បារច្រើនជាងគេ ការដាំដើមឈើតាមដងវិថីធំៗ ព្រមទាំងមានការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានអមដោយទីធ្លារបៃតងជាច្រើនផងដែរ។ អញ្ចឹងតើទីធ្លារបៃតងមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ទីក្រុង?
ចំពោះនៅរាជធានីភ្នំពេញ ទីធ្លារបៃតងដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺសួនច្បារ ជាការពិតណាស់សួនច្បារក្នុងទីក្រុងនេះ គឺជាផ្នែកមួយដែលអាចឲ្យសាធារណៈជនលំហែកាយនាពេលព្រឹកឬរសៀល ដូចជាមានការលេងកីឡា ឬរត់ហាត់ប្រាណ, សម្រាប់កុមាររត់លេង និងស្រែកលេងតាមចិត្ត, ការជួបជុំទំនាក់ទំនងសង្គម ហើយជាពិសេសសួនច្បារបានជួយលើកសម្រស់ដល់ទីក្រុងបានមួយផ្នែកធំ។ លើសពីនេះទៀត សួនច្បារប្រៀបដូចជាកន្លែងមួយសម្រាប់បែងចែកការរស់នៅ ក្នុងទីក្រុងមួយផ្នែកអញ្ចឹង មានន័យថាសួនច្បារជាកន្លែងសម្រាប់ឲ្យយើងគេចចេញពីទីក្រុងដ៏មមារញឹក មានសម្លេងយានយន្ដរំខានច្រើន ហើយមកអង្គុយជជែកគ្នា អមដោយទីធ្លារបៃតងដ៏ស្រស់ស្អាត និងមានគុណភាពបរិយាកាសល្អ អាចបន្ថូរអារម្មណ៍មួយផ្នែកបន្ទាប់ពីការងារ។
ចំណែកទីធ្លារបៃតងមួយប្រភេទទៀតគឺការដាំដើមឈើនៅតាមដងផ្លូវ ប្រសិនបើយើងធ្វើដំណើរតាមដងមហាវិថីកម្ពុជាក្រោម មហាវិថីម៉ៅសេទុង មហាវិថីនរោត្តម មហាវិថីព្រះសីហនុ វិថីព្រះអង្គឌួង -ល- យើងនឹងសម្គាល់ឃើញដើមឈើធំៗ ដែលបានដាំនៅអមសងខាងផ្លូវតាំងពីសម័យដើមមកម្ល៉េះ។ ជាការពិតណាស់ នៅតាមដងផ្លូវគឺជាកន្លែងដែលយានជំនិះដំណើរការ ហើយវានឹងបញ្ចេញនូវឧស្ម័នពុលមកបរិយាកាស ដូចនេះការដាំដើមឈើនៅតាមផ្លូវនោះគឺកាត់បន្ថយឧស្ម័នពុលផង និងជាម្លប់ត្រជាក់សម្រាប់ធ្វើដំណើរផង។
យោងតាមអង្គការសុខភាពពិភពលោក (World Health Organization) បានបង្ហាញថា ទីធ្លារបៃតងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព ជាក់ស្ដែងដើមឈើមានតួនាទីសម្រាប់កាត់បន្ថយសម្លេងរំខានទីក្រុង វាផលិតនូវអុកស៊ីសែនសម្រាប់មនុស្ស វាជួយកាត់បន្ថយបរិយាកាសពុល វាជួយផ្ដល់សំណើមនៅពេលព្រឹក កាត់បន្ថយកម្ដៅទីក្រុង -ល-។ ម្យ៉ាងវិញទៀត តាមការស្រាវជ្រាវថ្មីៗនេះបង្ហាញថា ទីក្រុងដែលមានសួនច្បារសម្រាប់ប្រជាជនធ្វើលំហាត់ប្រាណ បានធ្វើឲ្យអាយុសង្ឃឹមរស់ (Life expectancy) កើនឡើងដល់ ៣.៣% ខ្ពស់ជាងទីក្រុងដែលគ្មាន ព្រោះវាជួយបង្កើននូវសុខមាលភាពនៃការរស់នៅ កាត់បន្ថយភាពតានតឹងស្ត្រេស បន្សុទ្ធបរិយាកាស សូម្បីទីធ្លារពណ៌បៃតងក៏ល្អដល់ភ្នែកសម្រាប់សម្លឹងមើលផងដែរ។
បើយើងមើលការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញនៅពេលនេះ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើទីធ្លារបៃតងផងដែរ ឧទាហរណ៍ជាក់ស្ដែងគម្រោងជាច្រើនរបស់បុរីប៉េងហួត ការអភិវឌ្ឍន៍នីមួយសុទ្ធសឹងតែមានទីធ្លារបៃតង ដែលរាប់ចេញតាំងពីសួនច្បារក្នុងផ្ទះ សួននិងដើមឈើមុខផ្ទះ សួនសម្រាប់កុមារកម្សាន្ដ ការដាំដើមឈើនៅអមតាមធ្វើដំណើរ ហើយសម្រាប់គម្រោងធំ ដឹ ហ្គ្រេនស្ដារផ្លាទីនីម (បឹងស្នោ) មានទាំងសួនអឺរ៉ុប ដែលបើកសេរីដល់សាធារណៈជនមកលំហែកាយកម្សាន្ដ។