ភ្នំពេញ៖ ផ្សារអូរឬស្សី ដើរតួយ៉ាងសំខាន់ ជាផ្សារដែលផ្គត់ផ្គង់ទំនិញជាច្រើនប្រភេទ ដោយបែងចែកជាច្រើនតំបន់ ដែលបានកំពុងបម្រើសេវាកម្មទៅដល់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងភ្នំពេញជារៀងរាល់ថ្ងៃ។ កិច្ចដំណើរការ នៃផ្សារនៅកណ្ដាលរាជធានីភ្នំពេញមួយនេះ គឺមានអាយុកាលរាប់សិបឆ្នាំមកហើយ ហេតុនេះភាពទ្រុតទ្រោម និងការសិករិចរឹល ត្រូវតែកើតមានឡើង ដែលមិនអាចជៀសវាងបាន ខណៈពេលបច្ចុប្បន្ននេះ ផ្នែកមួយចំនួនរបស់ផ្សារ បានកំពុងទទួលរងការខូចខាត ពិសេសនៅតំបន់ផ្នែកឡៅតឿ។
ការដុតដាប និងការខូចខាតនៃផ្នែកមួយចំនួនរបស់ផ្សារ នឹងត្រូវធ្វើការជួសជុលជាបន្ទាន់ ដើម្បីធានាទៅដល់សុវត្ថិភាពរបស់អាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលទៅទិញទំនិញនានា នៅក្នុងផ្សារផ្ទាល់។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះ បានចេញសេចក្ដីជូនដំណឹង ជាសាធារណៈមួយ ជម្រាបជូនទៅដល់សាធារណៈជន ពិសេសបងប្អូនអាជីវករ ដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារ ឲ្យបានដឹងអំពីគម្រោង ចុះធ្វើការជួសជុលសំណង់ឡៅតឿរបស់ផ្សារអូរប្ញស្សី ដែលមិនអាចទុកបន្តទៀតបានឡើយ ព្រោះវាអាចនឹងបង្កគ្រោះថ្នាក់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋជាយថាហេតុ ដែលមិនអាចប៉ាន់ស្មានទុកមុនបាន។
យោងតាមសេចក្ដីប្រកាសនេះ ការគម្រោងចុះធ្វើការជួសជុលឡៅតឿ ក៏ដូចជាផ្នែកខូចខាតផ្សេងទៀត នឹងត្រូវធ្វើឡើងឆាប់ៗខាងមុខនេះ ដោយសាលារាជធានីភ្នំពេញបានធ្វើការស្នើសុំឲ្យបងប្អូនអាជីវករ ធ្វើការផ្ទេរការលក់ដូរជាបណ្ដោះអាសន្នសិនក្នុងរយៈពេលដ៏ខ្លី ទៅកាន់ទីតាំងថ្មីសិន ស្ថិតក្រោមកាលបរិច្ឆេទ ដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឲ្យក្រុមការងារបច្ចេកទេសសំណង់ ចុះធ្វើការជួលសជុលឡើងវិញឲ្យបានឆាប់រហ័ស ធានាថានឹងអាចរួចរាល់ឆាប់ ដើម្បីឲ្យបងប្អូនអាជីវករបានត្រឡប់ទៅលក់ដូរជាធម្មតាវិញ ប្រកបទៅដោយសុវត្ថិផាព និងសោភណភាពល្អជាងពេលបច្ចុប្បន្ន។
តាមរយៈសេចក្ដីប្រកាសនេះ នៅមិនទាន់បានកំណត់កាលបរិច្ឆេទ និងទីតាំងសម្រាប់អាជីវករ សម្រាប់ប្រកបអាជីវកម្មបណ្ដោះអាសន្ននៅឡើយទេ។ យ៉ាងណាមិញ ការចុះធ្វើការជួសជុលនេះ នឹងមិនប៉ះពាល់ទៅដល់អាជីវកម្ម របស់អាជីវករ នៅទូទាំងផ្សារឡើយ ភាគច្រើនគឺធ្វើឡើងនៅតែជាន់ឡៅតឿប៉ុណ្ណោះ ដូច្នេះសង្ឃឹមថាបងប្អូនជាជីវករ នឹងចូលរួមសហការណ៍ និងអនុវត្តតាមគម្រោងនេះឲ្យបានគ្រប់ៗគ្នា និងមានប្រសិទ្ធិភាពខ្ពស់។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ