សិង្ហបុរី ធ្វើការវិនិយោគផ្នែកបដិសណ្ឋារកិច្ចធំៗបន្ថែម បន្ទាប់ពីទទួលចំណូលភ្ញៀវទេសចរណ៍ច្រើនលើសពីការរំពឹងទុក!

ស្ទើរតែមិនគួរឲ្យជឿថា ទេសចរណ៍នៅក្នុងប្រទេសសិង្ហបុរីមានភាពរីកចម្រើនខ្លាំងលើសពីការរំពឹងទុកទៅទៀត ដោយក្នុងប្រទេសសិង្ហបុរីមានប្រជាជនប្រហែល ៥ លាននាក់ប៉ុណ្ណោះ ប៉ុន្តែគេអាចទទួលភ្ញៀវទេសចរណ៍បានលើសពី ១៥ លាននាក់ក្នុងមួយឆ្នាំ ស្មើនឹង ៣ ដងនៃចំនួនប្រជាជនសិង្ហបុរី។ បើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Straits Times បង្ហាញថានៅក្នុងរយៈពេល ៣ ខែនៃត្រីមាសទី ៣ ឆ្នាំ ២០១៩ កន្លងទៅនេះ គេទទួលបានភ្ញៀវទេសចរណ៍ដល់ ៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍មកពីចិនដីគោកមានចំនួនច្រើនជាងគេ ដូចនេះការរំពឹងទុកនៅដំណាច់ឆ្នាំ ២០១៩ សិង្ហបុរីទទួលបានភ្ញៀវទេសចរណ៍យ៉ាងតិច ១៥.៨ លាននាក់។

ការទទួលបានភ្ញៀវទេសចរណ៍ខ្ពស់បែបនេះ ធ្វើឲ្យសេដ្ឋកិច្ចរបស់សិង្ហបុរីដំណើរការល្អ ព្រោះប្រទេសនេះគឺបម្រើនូវវិស័យសេវាកម្មជាអទិភាព ដោយសារជាប៉ូលនៃតំបន់ហិរញ្ញវត្ថុអន្តរជាតិ ហើយបើតាមរបាយការណ៍ដោយចេញផ្សាយដោយ Colliers International នៅត្រឹមរយៈពេល ១១ ខែក្នុងឆ្នាំ ២០១៩ សិង្ហបុរីទទួលចំណូលពីវិស័យបដ្ឋិសណ្ឋារកិច្ច តាមរយៈសណ្ឋាគារស្នាក់នៅសរុបដល់ ៥,៧០០ លានដុល្លារ ជាចំនួនខ្ពស់បំផុតក្នុងទសវត្សនេះ ហើយកើនខ្ពស់ជាងឆ្នាំ ២០១៧ ដល់ទៅ ៥ ដង។ ប្រភពចំណូលផ្នែកបដិសណ្ឋារកិច្ចដែលបានច្រើនជាងគេបំផុតនៅឆ្នាំ ២០១៩ មកពីក្រុមហ៊ុនចំនួន ៣ មានដូចជា៖ ក្រុមហ៊ុន Mandarin Orchard ជាក្រុមហ៊ុនមានបម្រើសណ្ឋាគារប្រណិត និងផ្សារទំនើប ទទួលបានចំនូល ១,២០០ លានដុល្លារ, ទីពីរគឺក្រុមហ៊ុន OUE Hospitality Trust និង OUE Commercial Reit ដែលជាក្រុមហ៊ុនសណ្ឋាគារ និងវិនិយោគអចលនទ្រព្យ, និងទីបីគឺសណ្ឋាគារ Crowne Plaza នៅក្បែរអាកាសយានដ្ឋាន Changi Airport ដែលទទួលចំនូល ៤៨៦ លានដុល្លារ។ 

ចំណូលដ៏ខ្ពស់ពីវិស័យទេសចរណ៍ ធ្វើឲ្យប្រទេសសិង្ហបុរី នឹងពង្រីកការវិនិយោគទៅលើវិស័យបដិសណ្ឋារកិច្ចបន្ថែមទៀត ដើម្បីទទួលដល់ភ្ញៀវអន្តរជាតិដែលមកកម្សាន្ដ ឲ្យបានគ្រប់គ្រាន់បន្ថែម។ ប៉ុន្តែគេដឹងថាការវិនិយោគទៅក្នុងប្រទេសសិង្ហបុរីមិនងាយស្រួលឡើយ ដោយសារតែផ្ទៃដីសិង្ហបុរីតូច ហើយគេទុកចំណែកដី ២/៣ នៃផ្ទៃប្រទេសម្រាប់អាងស្ដុកទឹកសាប, ដីប្រហែល ១៧% សម្រាប់សំណង់លំនៅដ្ឋាន និងផ្សេងទៀតសម្រាប់ទីធ្លារបៃតង -ល-។ លើសពីនេះប្រទេសសិង្ហបុរីមានដីវិនិយោគថ្លៃ ដោយនៅតំបន់កណ្ដាលក្រុងមានតម្លៃជាមធ្យម ៣០,០០០ ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ។ អញ្ចឹងហើយទើបការវិនិយោគសណ្ឋាគារ ភាគច្រើនមានសុទ្ធតែសណ្ឋាគារលំដាប់ខ្ពស់ ជាក់ស្ដែងសណ្ឋាគារ Raffles Hotel ទើបតែបើកដំណើរការឡើងវិញ។ យ៉ាងណាក៏មានសណ្ឋាគារលំដាប់មធ្យមជាច្រើនផងដែរ ដោយគេអាចរកបាននៅតំបន់ Chinatown ហើយត្រូវបានគេកក់ស្នាក់នៅហូរហែមិនចេះដាច់។ ដូចនេះ គេរំពឹងថាវិនិយោគិនសិង្ហបុរី នឹងត្រៀមអភិវឌ្ឍន៍នូវសណ្ឋាគារលំដាប់មធ្យម និងលំដាប់ខ្ពស់បន្ថែមទៀត ព្រោះតែចំនួនភ្ញៀវទេសចរណ៍បានកើនឡើងជារៀងរាល់ឆ្នាំ ចំណែកឯប្រជាជនមានកំណើនតិច។