រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីលទ្ធភាពស្ថាបនាផ្លូវកាត់សួនក្ដាន់ពីរ ដើម្បីបញ្ជៀសការកកស្ទះ!

សួនក្ដាន់ពីរ ជាទីតាំងដែលមានភាពពេញនិយមបំផុតសម្រាប់យុវវ័យ ឬក្រុមគ្រួសារសម្រាប់ទៅសម្រាកលំហែកាយនាពេលរសៀល និងមានការហាត់កីឡាផ្សេងៗផងដែរ។ សួនក្ដាន់ពីរ មានសោភ័ណភាពស្រស់ស្អាតអមទៅដោយសួនច្បារ និងដើមផ្កាចំប៉ីនៅអមសងខាងនៃសួន បន្ថែមក្លិនក្រអូបដល់ទីតាំង និងបង់សម្រាប់អង្គុយលេង។ ប៉ុន្តែសម្រាប់ទីតាំងសួនក្ដាន់ពីរ បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីនោះ ក៏ជាចំណុចដែលមានចរាចរណ៍មមាញឹកខ្លាំងផងដែរ ដូចនេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាទៅលើលទ្ធភាពនៃការស្ថាបនាផ្លូវកាត់សួនក្ដាន់ពីរ បន្ថែមទៀតដើម្បីបញ្ចៀសបញ្ហាចរាចរណ៍។

ចំនួនកើនឡើងនៃប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងមហាវិថីសហព័ន្ធរុស្ស៊ី រួមជាមួយការអភិវឌ្ឍន៍តំបន់បឹងកក់ខ្លាំងទៀតនោះ បានធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចសួនក្ដាន់ពីរ មានការសភាពកកស្ទះជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលល្ងាច ដែលបង្កជាផលវិបាកមួយសម្រាប់អ្នកធ្វើដំណើរកាត់តាមផ្លូវនោះ បើទោះជាមានការបំពាក់ភ្លើងស្ដុប ដាក់របាំងចែកទ្រូងផ្លូវ និងមានកម្លាំងនគរបាលចរាចរចុះធ្វើចរាចរណ៍ប្រចាំការជាប់ក្ដី ក៏បញ្ហាកកស្ទះនៅតែចោតជាបញ្ហាធំដដែល សម្រាប់ចំណុចសួនក្ដាន់ពីរ។ 

ដោយមើលឃើញអំពីផលវិបាកទាំងអស់នេះ ទើបកាលពីថ្ងៃព្រហស្បតិ៍ទី ១៩ ខែធ្នូ កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដើម្បីសិក្សាទៅលើគម្រូនៃការរៀបចំជាថ្មីនូវសួនក្ដាន់ពីរ និងការស្ថាបនាផ្លូវកាត់សួននោះបន្ថែមចំនួន ១ ផ្សេងទៀត ពីមហាវិថីសហព័ន្ធរុស្ស៊ីនៅចំណុចប្រសព្វក្ដាន់ពីរ មកកាន់ផ្លូវសាធារណរដ្ឋឆែក ក្នុងភូមិសាស្ត្រខណ្ឌ ៧ មករា និងខណ្ឌដូនពេញ ឲ្យមានលំហូរចរាចរណ៍បានប្រសើរឡើង។ 

គម្រោងនៃការស្ថាបនាផ្លូវកាត់សួនក្ដាន់ពីរនេះ គឺនឹងតម្រូវឲ្យមានការរៀបចំទិសដៅនៃការធ្វើដំណើរលើចំណុចទាំងនោះឡើងវិញ ហើយក៏នឹងត្រូវរៀបចំសួនក្ដាន់ពីរឡើងវិញផងដែរ ហើយត្រូវបានគេព្យាករណ៍ទុកថា គម្រោងនេះអាចសម្រួលការកកស្ទះទៅទិសខាងលិច -៤០%, ខាងកើត -៨%, ខាងជើង -២៣%, និងខាងត្បូង ១%។ អញ្ចឹងសម្រាប់ ដំណើរការស្ថាបនាផ្លូវកាត់សួននេះ នឹងត្រូវធ្វើឲ្យសួនខណ្ឌដាច់ចំណុចក្ដាន់ពីរ ហើយក៏នឹងមានការរៀបចំសួនឡើងវិញដោយរដ្ឋបាលរាជធានីភ្នំពេញផងដែរនៅពេលខាងមុខ ដោយរំពឹងថាប្រជាពលរដ្ឋអាចធ្វើដំណើរបានប្រសើរជាងមុន និងអាចមកលំហែកាយហាត់កីឡានៅសួនក្ដាន់ពីរនោះ ក៏មានភាពងាយស្រួលជាងមុនផងដែរ។

 

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ