កម្មវិធីសម្បទានដីសង្គមកិច្ច សម្រេចផ្តល់ដីសរុបទំហំ ១៤ ម៉ឺនហិកតាហើយ ត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៩!

សម្បទានដីសង្គមកិច្ច គឺជាការផ្ដល់ដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយ ដល់ជនក្រីក្រដែលគ្មានដី អតីតកងកម្លាំងប្រដាប់អាវុធ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសារដែលធ្វើមាតុភូមិនិវត្ត និងគ្រួសារដែលគ្មានដី ខ្វះដីសម្រាប់សាងសង់លំនៅឋានជាដើម។ កម្មវិធីនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រយោជន៍សង្គម សំដៅការលើកកម្ពស់កម្រិតជីវភាព ផ្ដល់ដីធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលអាចបង្កើតឱកាសការងារនិងទទួលបានប្រាក់ចំណូល និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទូទៅ។

នៅក្នុងឆ្នាំ ២០១៩ រាជរដ្ឋាភិបាល តាមរយៈកម្មវិធីដីសម្បទានដីសង្គមកិច្ចនៃក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម និងសំណង់ បានសម្រេចលទ្ធផលបានដូចខាងក្រោម៖

១. សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ៖ អនុវត្តក្នុងខេត្តគោលដៅចំនួន ១២ រួមមានខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តកោះកុង និងខេត្តស្វាយរៀង ៤,៦៤៤.២៣ ហិចតា ជូនគ្រួសារអតីតយុទ្ធជនចំនួន៣ ៥០៤ គ្រួសារ សាងសង់ផ្ទះជូនបានចំនួន ១,៦៨០ ខ្នង ក្នុងនោះផ្ទះសង់អំពីឈើផុតពីដី ប្រក់ស័ង្កសីចំនួន ៨៥០ ខ្នង និងសាងសង់ផ្ទះថ្មពីឥដ្ឋផ្ទាល់ដីប្រក់ស័ង្កសីចំនួន ៨៣០ ខ្នង ជាមួយនឹងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានសាលារៀន ផ្លូវ អណ្តូងទឹក និងស្រះទឹក។

២. សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ៖ សម្រេចផ្តល់ដីជូនតាមរយៈថវិកាពិសេសរបស់រាជរដ្ឋាភិបាល ការធ្វើប្រទានកម្មដីរដ្ឋ និយ័តកម្មដីរដ្ឋ និងសារាចរលេខ ០៣ និងតាមសំណើរបស់ខេត្តសម្រេចចែកដីសរុបទំហំ ១១១,៦១៦.២៨ ហិចតា សើ្មនឹង ៥៨,១២៩ គ្រួសារ និងប្រទានកម្មសិទ្ធដីតាមរយៈការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីទំហំជាង ១ លាន ២ សែនហិកតា ស្មើនឹងជាង ៧១ ម៉ឺនក្បាលដី ដល់ប្រជាពលរដ្ឋប្រមាណ ៤ សែនគ្រួសារ។

៣. ការអភិវឌ្ឍតាមបណ្តោយព្រំដែន៖ សម្រេចផ្តល់ដីសម្បទានសង្គមកិច្ចទំហំដី ១២,៥១៥ ហិកតា ជូន១៤,២១៩ គ្រួសារ និងសាងសង់ផ្ទះបានចំនួន៥ ៥៥៦ ខ្នង ក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង។

៤. គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II)៖ បានផ្តល់ដី សរុបទំហំ ១៦,១១៤ ហិកតា លើមុខសញ្ញាទទួលដីសរុប ៥,០១០ គ្រួសារ បានផ្តល់សម្ភារៈសម្រាប់សាងសង់ផ្ទះជូនប្រជាពលរដ្ឋ ៥,០១០ គ្រួសារ និងបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៥,៤៨១ បណ្ណ ក្នុងនោះដីឯកជនចំនួន ៥,០៤០ បណ្ណ ស្មើនឹង ៣,០០៦ គ្រួសារ និងដីសាធារណៈចំនួន៤៤១ បណ្ណ។

ជារួម គិតពីពេលចាប់ផ្តើមរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទ សម្រេចផ្តល់ដីសរុបទំហំ ១៤៤,៨៨៩.៥១ ហិកតា ជូនប្រជាពលរដ្ឋសរុប ៨០,៨៦២ គ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៧,២៣៦ ខ្នង និងសម្រេចផ្តល់ដីសរុបទំហំជាង ១លាន ២សែន ហិកតា ស្មើនឹងជាង ៧១ ម៉ឺនក្បាលដី ជូនគ្រួសារទទួលដីប្រមាណ ៤ សែនគ្រួសារ តាមរយៈការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី៕

 

ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់