ស្ពានអាកាសថ្មើរជើង នៅខេត្តកំពង់ស្ពឺ រៀបចំសម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ!

ស្ពានអាកាសថ្មើរជើង ដំបូងដែលបានសាងសង់នៅក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧ និង ៤៨ ត្រង់ចំនុចមុខផ្សារកំពង់ស្ពឺ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ពេលនេះបានបញ្ចប់ការសាងសង់ ១០០% ហើយនឹងត្រៀមសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៩ ខែធ្នូ ២០១៩ ខាងមុខនេះ។ 

ពិធីសម្ពោធស្ពានអាកាសថ្មើរជើងដំបូងក្នុងខេត្តកំពង់ស្ពឺនេះ នឹងត្រូវប្រព្រឹត្តិទៅចាប់ពីម៉ោង ០៦:៣០ នាទីព្រឹក រហូតដល់វេលាម៉ោង ១១:៣០ នាទីព្រឹក ដោយត្រូវបានអញ្ចើញចូលរួមដោយថ្នាក់ដឹកនាំ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងមានការមានការរៀបចំពិធីផ្សេងៗផងដែរ ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមគោរពជម្រាបជូនសាធារណៈជន និងមានការយោគយល់អធ្យាស្រ័យទុកជាមុនសម្រាប់អ្នកដំណើរដែលឆ្លងកាត់ត្រង់ចំណុចនោះ។

ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានបើកការដ្ឋានកសាង កាលពីថ្ងៃទី ២០ ឧសភា ២០១៩ កន្លងទៅ ដោយប្រើពេលប្រហែលកន្លះឆ្នាំ និងចំណាយថវិកាអស់ជាង ៣៤ ម៉ឺនដុល្លារ ជាអំណោយរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនក្នុងខេត្តកំពង់ស្ពឺទាំងមូល ដើម្បីរួបរួមគ្នាក្នុងការកសាងស្ពានអាកាសថ្មើរជើង ដើម្បីសម្រួលការធ្វើដំណើរឆ្លងរបស់ប្រជាពលរដ្ឋ បញ្ចៀសបញ្ហាគ្រោះថ្នាក់នានា ជាពិសេសគឺនៅចំនុចទីប្រជុំជនខាងមុខផ្សារកំពង់ស្ពឹ នោះតែម្ដង។

ស្ពានអាកាសថ្មើរជើងនេះ មានប្រវែងសរុប ៣០ ម៉ែត្រ ទទឹងទំហំ ៣ ម៉ែត្រ និងកម្ពស់ ៥.២ ម៉ែត្រចាក់ដោយបេតុងអាមេ ប្រក់ដំបូលការពារកម្ដៅពេញទាំងមូល (រួមទាំងជណ្ដើរ) អាចឲ្យអ្នកធ្វើដំណើរបានយ៉ាងសុវត្ថិភាព ឲ្យរថយន្ដធំៗក៏អាចបរកាត់ក្រោមស្ពានយ៉ាងងាយផងដែរ។ 

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ