រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ទទួលបានភ្ញៀវទេសចរណ៍ជាង ២៦០,០០០ នាក់ក្នុងឆ្នាំ ២០១៩

តំបន់ប្រាសាទសំបូរព្រៃគុក បានដាក់ចូលក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោកចុងក្រោយគេបង្អស់នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ០៨ កក្កដា ឆ្នាំ២០១៧ របស់អង្គការយូណេស្កូ ដើម្បីរៀបចំអភិរក្សថែរក្សាតំបន់ប្រាសាទនេះ ឲ្យក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបុរាណដ៏ប្រសើរមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្ដ និងជានិមិត្តរូបនៃខេត្តកំពង់ធំ ឬរាជធានីនៃសម័យចេនឡាផងដែរ។

តាមរយៈប្រសាសន៍របស់លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ កន្លងទៅ តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ទទួលបានភ្ញៀវទេសចរណ៍សរុប ២៥៧,៦២១ នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ២៣៧,៨៣៨ នាក់ និងភ្ញៀវអន្តរជាតិ ២០,២៣៨ នាក់ ដែលអាចធ្វើឲ្យភ្ញៀវទេសចរមកស្នាក់នៅតាមសណ្ឋាគារ និងសេវាស្នាក់នៅខេត្តមានការកើនឡើង គួរឲ្យកត់សម្គាល់ ជាពិសេសគឺភ្ញៀវទេសចរណ៍ជាតិតែម្ដង។ 

លោកបន្តទៀតថា ក្នុងរយៈពេលមួយឆ្នាំនេះ នៅតាមរមណីយដ្ឋាន នានាក្នុងខេត្តកំពង់ធំ ដូចជារមណីដ្ឋានវប្បធម៌ និងធម្មជាតិភ្នំសន្ទុក រមណីដ្ឋានកែច្នៃស្ទឹងជីនិត រមណីដ្ឋានបឹងសំរឹទ្ធ រមណីដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក និងប្រាសាទគុកនគរ ទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្តសរុប ចំនួន ៣៧២,០២៧ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣៤៩,៥៣៤ នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ មានការថយចុះ ១១.៩៣% និងភ្ញៀវអន្តរជាតិចំនួន ២២,៤៩៣ នាក់ មានការថយចុះ ៩.១៥%។ ចំណែកឯភ្ញៀវមកស្នាក់នៅតាមសណ្ឋាគារនានា មានចំនួន ១០៤,៨៣៨ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៩៦,៤៩១ នាក់ ប្រៀបធៀបនឹងឆ្នាំ ២០១៨ មានការកើនឡើង ២៦.២៧% និងភ្ញៀវអន្តរជាតិ ចំនួន ៨,៣៤៧ នាក់ មានការថយចុះ ២៧.២០%។

គូសបញ្ចាក់ផងដែរថា រមណីដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ នៅភាគឦសាន នៃទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ។ ប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលគ្រប់គ្រងនគរដោយព្រះបាទ ឦសានវរ្ម័នទី ១ កាលពីដើមសតវត្សទី ៧ ដូចនេះការសាងសង់អាចចន្លោះគ្រិស្តសរាជ ៦១៦ ទៅ ៦៣៥ ដែលជាប្រាសាទសម្រាប់ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ សាងសង់ឡើងដោយថ្មឥដ្ឋ និងថ្មបាយក្រៀម ហើយតាមរយៈការស្រាវជ្រាវគេបានបែងចែកតំបន់ប្រាសាទសំបូរព្រៃគុកចេញជា ៣ ក្រុមដូចជា ក្រុមប្រាសាទសំបូរ, ក្រុមប្រាសាទយាយព័ន្ធ, ក្រុមប្រាសាទកណ្ដាល ដែលទីតាំងនោះគឺជារាជធានីចាស់ឈ្មោះថា «ឥសានបុរៈ»។