ការបិទទ្វាររបស់សណ្ឋាគារចាស់វស្សា អាចជាសញ្ញាអាក្រក់ដល់ការវិនិយោគសណ្ឋាគារនៅកម្ពុជាមែនទេ?

ការបើកទំព័រថ្មីក្នុងឆ្នាំ ២០២០ យើងបានឃើញសណ្ឋគារធំៗចាស់វស្សាចំនួន ២ កន្លែងនៅក្នុងប្រទេសកម្ពុជា បានបិទទ្វារ ក្នុងនោះសណ្ឋាគារដ៏ល្បីល្បាញលំដាប់ផ្កាយប្រាំមួយនៅរាជធានីភ្នំពេញ The Great Duke Phnom Penh ដែលយើងភាគច្រើនស្គាល់ថាសណ្ឋាគារ Inter-Continental Hotel បានប្រកាសបិទអាជីវកម្មតែម្ដង។ ចំណែកឯសណ្ឋាគារមួយទៀតលំដាប់ផ្កាយបួន នៅក្រុងសៀមរាប Apsara Angkor Resort បានប្រកាសផ្អាកអាជីវកម្មរបស់ខ្លួន។ អញ្ចឹង តើការបិទទ្វារនៃសណ្ឋគារចាស់វស្សាទាំង ២ នេះជាសញ្ញាអាក្រក់ ដល់ការវិនិយោគផ្នែកបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជាឆ្នាំ ២០២០ មែនទេ?

ដើម្បីស្វែងរកនូវចម្លើយនេះ បានយើងត្រូវពិចារណាទៅលើចំណុចមួយចំនួនដូចជា ការវិនិយោគសណ្ឋាគារថ្មីៗបន្ថែម ជាមួយការប្រកួតប្រជែងទីផ្សារ, ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍, និងភាពក្ស័យធននៃអាជីវកម្ម។ ចំណែកឯលក្ខខ័ណ្ឌនៃការបិទទ្វាររបស់សណ្ឋាគារទាំង ២ ខាងលើនេះ គឺមានភាពខុសគ្នាស្រលះ ដូចនេះយើងនឹងបែងចែកវាចេញដោយឡែក។ 

១. សណ្ឋាគារ the Great Duke Phnom Penh

សណ្ឋាគារនេះ មានភាពល្បីល្បាញខ្លាំងណាស់ ដែលវាគឺជាសណ្ឋាគារខ្ពស់ជាងគេដំបូងបំផុតនៅប្រទេសកម្ពុជា លំដាប់ផ្កាយ ៥ បានបើកដំណើរការតាំងពីឆ្នាំ ១៩៩៦ មកនៅក្រោមឈ្មោះសណ្ឋាគារ Inter-Continental Hotel ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា មានបន្ទប់ចំនួន ៣៤៦ បន្ទប់ និងជាកន្លែងសម្រាប់ធ្វើពិធីជប់លៀង លំហែកាយ និងកិច្ចប្រជុំធំៗ ជាក់ស្ដែងនៅឆ្នាំ ២០០២ សណ្ឋាគារនេះបានជួយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង ដែលទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន។ 

អស់រយៈពេល ២៣ ឆ្នាំមកហើយដែលសណ្ឋាគារនេះបានបើកដំណើរការ ចំណែកឯការបិទអាជីវកម្មវិញ គឺស្ថិតនៅក្នុងស្ថានភាពក្ស័យធន ឬមូលហេតុនៃវិបត្តិសេដ្ឋកិច្ចនៃអាជីវកម្មរបស់ខ្លួនទាំងស្រុង។ តាមពិតទៅ នៅក្នុងរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរណ៍កើនឡើងខ្ពស់ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងទទួលបានការវិនិយោគនូវសណ្ឋាគារផ្កាយ ៤ និងផ្កាយ ៥ បន្ថែមមិនតិចនោះទេ តួយ៉ាងសណ្ឋាគារអន្តរជាតិថ្មីៗដូចជា Hyatt Residency Phnom Penh និង The Khom Hotel ជាដើម រីឯសណ្ឋាគារតូចធំៗជាច្រើនទៀតនៅខណ្ឌដូនពេញ ខណ្ឌចំការមន -ល- សុទ្ធសឹងតែបើកដំណើរការយ៉ាងប្រសើរ។ ដូចនេះ ការបិទទ្វាររបស់សណ្ឋាគារ The Great Duke Phnom Penh គឺអាចបណ្ដាលមកពីបញ្ហាការធ្វើទីផ្សារមិនបានទូលំទូលាយ, កត្តាទីតាំង, ការប្រកួតប្រជែងខ្លាំងជាមួយសណ្ឋាគារ ដែលទើបរីកលូតលាស់ថ្មីៗ, និងបញ្ហាហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្មតែម្ដង។ ព្រោះកន្លងមកថ្មីៗនេះយើងក៏បានឃើញមាននូវកូដកម្មពីសំណាក់បុគ្គលិក ខណៈពួកគេមិនទទួលបានប្រាក់ខែ កាលពីខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះដែរ។

២. សណ្ឋាគារ Apsara Angkor Resort

សម្រាប់សណ្ឋាគារ Apsara Angkor Resort គឺជាលក្ខខ័ណ្ឌផ្ទុយស្រលះពីសណ្ឋាគារ The Great Duke Phnom Penh ដោយការបិទទ្វារនេះ គឺគ្រាន់តែជាផ្អាកដំណើរការបណ្ដោះអាសន្នប៉ុណ្ណោះ អាចជាមូលហេតុដើម្បីរៀបចំនូវការជួសជុលឡើងវិញ និងធ្វើទំនើបកម្មនូវគ្រឿងបរិក្ខាជាដើម។ យោងតាមមន្ទីទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាបមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងពិតប្រាកដមែន (ប្រហែល ១០% កាលពីឆ្នាំមុន) ប៉ុន្តែក៏មិនមែនធ្លាក់ចុះយ៉ាងគំហុក រហូតធ្វើឲ្យប៉ះពាល់ដល់ផ្នែកបដិសណ្ឋារកិច្ច មានការបិទទ្វារនោះដែរ។ ម្យ៉ាងវិញទៀត នៅក្នុងរយៈពេលដើមឆ្នាំ គឺជារដូវកាលចុះថយនៃភ្ញៀវទេសចរណ៍សម្រាប់ខេត្តសៀមរាប បន្ទាប់ពីការឆ្លងឆ្នាំសកលរួច ដូចនេះសម្រាប់ខែមករាដល់មីនា ជាពេលវេលាល្អបំផុតសម្រាប់ការបិទទ្វារធ្វើទំនើបកម្មជួសជុលសណ្ឋាគាររបស់ខ្លួន ព្រោះបើចាំដល់ខែមេសា ជារដូវចូលឆ្នាំថ្មីប្រពៃណីខ្មែររហូតទៅដល់បុណ្យភ្ជុំបិណ្ឌ, បុណ្យអុំទូក, និងឆ្នាំថ្មី ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរណ៍ច្រើនបំផុត។ គូសបញ្ចាក់ផងដែរថា សណ្ឋាគារ Apsara Angkor Resort មានបន្ទប់ស្នាក់ចំនួន ១៦៨ បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ ហើយសណ្ឋាគារ Apsara Angkor Resort នេះមានអាយុកាលជាង ១៨ ឆ្នាំដែរមកហើយ ដូចនេះគឺជាពេលដែលគេត្រូវអភិវឌ្ឍន៍វាឡើងវិញផងដែរ។

ជាសរុបមកវិញ សូមមិត្តអ្នកអានពិចារណាបានដោយខ្លួនឯងថា តើការបិទទ្វាររបស់សណ្ឋាគារទាំង ២ ខាងលើនេះ បណ្ដាលមកពីមូលហេតុអ្វី? ហើយវាជាការជះឥទ្ធិពលមកពីការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍មែនទេ? ដូចនេះវានឹងប៉ះពាល់យ៉ាងណាដល់ការវិនិយោគផ្នែកបដិសណ្ឋារកិច្ចនៅក្នុងទីក្រុងប៉ូលសេដ្ឋកិច្ចទាំងពីរឬយ៉ាងណា?