វៀតណាម៖ ទីផ្សារការងារនៅវៀតណាម គឺជាវិស័យដ៏សំខាន់មួយ ដែលរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងធានាឲ្យបាននូវទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ទៅតាមប្រភេទនីមួយៗ ធ្វើយ៉ាងណាឲ្យពលរដ្ឋទទួលបានប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតបានសមរម្យ។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ បើយោងតាមប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម បានបង្ហាញឲ្យដឹងថា កម្លាំងពលកម្មរបស់កម្មករនិយោជិត របស់វៀតណាមមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។
បើទោះបីជាឆ្នាំ ២០១៩ ចិន និងអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាក៏ពិតមែន តែវៀតណាមបានទទួលនូវផលប្រយោជន៍មួយចំនួន ពីបញ្ហាមួយនោះនៅពេល រោងចក្រជាច្រើនចាប់ផ្ដើមដំណើរការ និងមានការបោះទុនវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនរបស់អាមេរិក ដែលបានងាកចេញពីប្រទេសចិនផងដែរ។ ប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ការិយាល័យស្ថិតិទូទៅវៀតណាម បានចុះផ្សាយអំពី កម្លាំងពលកម្មទីផ្សារការងារមានការកើនឡើងរហូតដល់ទៅ ៥៥.៨ លានកន្លែង នាឆ្នាំ ២០១៩ កន្លងទៅ ដែលចំនួននោះ មានការកើនឡើង ៤១៧,១០០ កន្លែងបន្ថែមទៀត បើធ្វើការប្រៀបធៀបកាលពីឆ្នាំ ២០១៨ កន្លងទៅ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ប្រជាជនវៀតណាម ដែលរាប់បញ្ចូលពលករពីបរទេសជិតឆ្ងាយ មានចំនួនប្រមាណជា ១៩ លាននាក់ បានកំពុងបម្រើការងារក្នុងវិស័យកសិកម្ម នេសាទ ដែលស្មើនឹង ៣៤,៧% នៃចំនួនទីផ្សារការងារសរុប ខណៈចំនួន ១៦,១ លាននាក់ផ្សេងទៀតកំពុងធ្វើការងារ ក្នុងវិស័យឧស្សាហកម្ម និងសំណង់ ស្មើនឹង ២៩,៤% និងមាន ១៩,៦ លាននាក់ផ្សេងទៀត កំពុងបំពេញការងារក្នុងវិស័យសេវាកម្មជាច្រើនប្រភេទក្នុងស្រុក ស្មើនឹង ៣៥,៩%។ ជុំវិញការកើនឡើងទីផ្សារការងារនេះលោក Nguyen Bich Lam អគ្គនាយកនៃ ការិយាល័យស្ថិតិវៀតណាមបាននិយាយថា “ប្រទេសវៀតណាមបានឃើញ ការវិវឌ្ឍន៍ជាវិជ្ជមានកាលពីឆ្នាំ ២០១៩ កន្លងទៅទាក់ទងនឹងកម្លាំងពលកម្ម ដោយវិស័យសេវាកម្មឈរនៅលើតារាងលេខមួយ ដែលមានអ្នកបំពេញការងារច្រើនជាងគេ គឺយកឈ្នះវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយវិស័យនេះគឺមាននិយោជកច្រើន”។
លោកបានបន្ថែមទៀតថា “ក្រៅពីមានការកើនឡើងទីផ្សារការងារ ប្រាក់ឈ្នួលក៏មានការកើនឡើង ២.២៣% ផងដែរ បើធៀបទៅនឹងឆ្នាំ ២០១៨ គឺជួយច្រើនទៅដល់កម្មករនិយោជិត ក្នុងការបំពេញការងារ ដើម្បីទទួលបានប្រាក់បៀវត្សច្រើន។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយៗ និងដាច់ស្រយាលពីទីប្រជុំជន និងទីក្រុងកំណើននៃការអត់ការងារធ្វើគឺស្ថិតក្នុងអាត្រា x២ បើធៀបនឹងទីផ្សារការងារនៅក្នុងទីក្រុងបច្ចុប្បន្ន”។ ក្នុងនោះប្រជាជនវៀតណាមវ័យក្មេង ដែលមានអាយុចាប់ពី ១៥ ទៅ ២៤ ឆ្នាំ អត្រាគ្មានការងារធ្វើគឺមាន ៤៤.៤% តែយ៉ាងណាក៏ដោយ ក្នុងទំហំរួមឃើញថា វៀតណាមបានពង្រីកទីផ្សារការងារជូនប្រជាពលរដ្ឋបានច្រើនជាងឆ្នាំ ២០១៨ ជាចំណុចវិជ្ជមាន នៃការអភិវឌ្ឍន៍ និងរំពឹងទុកថា ឆ្នាំ ២០២០ នឹងមានការរីកចំរើនជាងនេះបន្ថែមទៀត។
ការកើនឡើងទីផ្សារការងារក្នុងប្រទេសរបស់វៀតណាម នេះត្រូវបានឲ្យដឹងថា គឺជាការជ្រុមជ្រែងពីសំណាក់រដ្ឋាភិបាល ដែលបានលូកដៃយ៉ាងច្រើនក្នុងការសម្រេចទៅដល់គោលដៅ គោលនយោបាយ ចក្ខុវិស័យ ការស្វែងរកតំណោះស្រាយ ទប់ស្កាត់បញ្ហា និងបង្កើនឱកាសទីផ្សារការងារ ពង្រឹងការប្រកួតប្រជែង ជាអាទិ៍ ទើបធ្វើឲ្យឆ្នាំ ២០១៩ កន្លងទៅ ប្រជាពលរដ្ឋជាង ៤១ ម៉ឺននាក់បានទទួលការងារធ្វើ ដោយស្របច្បាប់។ ជារួមអត្រាទីផ្សារការងារឆ្នាំ ២០១៩ គឺមានចំនួនសរុប ១.២៥ លានកន្លែង ជាការរីកចំរើន ១៣.៣% បើធៀបទៅនឹងឆ្នាំ ២០១៨៕