ការនាំចេញស៊ីម៉ងត៍របស់វៀតណាម នាឆ្នាំ ២០២០ នឹងបន្តកើនឡើងជាលំដាប់ក្នុងរង្វង់ទឹកប្រាក់លានដុល្លារ

វៀតណាម៖ វៀតណាម ក៏មិនចាញ់ប្រទេសថៃប៉ុន្មានដែរ នៅក្នុងឧស្សាហកម្ម ស៊ីម៉ងត៍ ដែលពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសស្ថិតនៅភាគខាងកើតប្រទេសកម្ពុជាមួយនេះ បាននាំចេញស៊ីម៉ងត៍ទៅកាន់ទីផ្សារបរទេសក្នុងរង្វង់ទឹកប្រាក់ពាន់លានដុល្លារអាមេរិក។ ជាក់ស្ដែង កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ វៀតណាម បានបំបែកកំណត់ត្រាថ្មីមួយផ្សេងទៀត ជុំវិញទីផ្សារមានតម្រូវការ និងកើនឡើងខ្ពស់ ធ្វើឲ្យការនាំចេញផលិតផលស៊ីម៉ងត៍ផលិតក្នុងប្រទេសមានលទ្ធភាពនាំចេញទៅក្រៅ ដែលចំនេញទាំងរដ្ឋ ក្រុមហ៊ុន និងប្រជាជន។

យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម បានចេញផ្សាយឲ្យដឹងថា ត្រឹមរយៈពេល ១២ ខែនាឆ្នាំ ២០១៩ កន្លងទៅនេះ វៀតណាម បាននាំចេញស៊ីម៉ងត៍ និងឥដ្ឋ ទៅបរទេសក្នុងចំនួនជាង ៣៤ លានតោន គិតជាទឹកប្រាក់ស្មើនឹងជាង១,៤ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណជា ១៤៨ លានដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំ ២០១៨ កន្លងទៅ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់វៀតណាម បានផ្ដល់ព័ត៌មានបញ្ជាក់ថា ការនាំចេញផលិតផល ស៊ីម៉ងត៍ និងឥដ្ឋ ឆ្នាំ២០១៩ កន្លងទៅ មានការកើនឡើងចន្លោះពី ១០០ លានទៅ ១៥០ លានដុល្លារអាមេរិក តាមរយៈការកើនឡើងនូវតម្រូវការក្រៅស្រុក ដែលប្រទេសវៀតណាម បាននាំចេញស៊ីម៉ងត៍ជាច្រើន ទៅប្រទេសចិន និងប្រទេសជិតខាងផ្សេងៗទៀត។

ស្ថិតក្នុងការកើនឡើងតម្រូវការស៊ីម៉ងត៍របស់វៀតណាម លោក Nguyen Quang Cung ប្រធានក្រុមប្រឹក្សាភិបាលនៃ សមាគមស៊ីម៉ងត៍ជាតិរបស់វៀតណាម បានឲ្យដឹងដូច្នេះថា កំណើននៃការនាំចេញ និងថ្លៃនាំចេញស៊ីម៉ងត៍ កាន់តែខ្ពស់ បានជម្រុញឲ្យការអភិវឌ្ឍផលិតកម្ម ក្នុងអាជីវកម្មស៊ីម៉ងត៍ ក្នុងស្រុករីកចំរើនគួរឲ្យកត់សម្គាល់។ ការបន្តកើនឡើងនៃតម្រូវការស៊ីម៉ង ក៏ដូចជាឥដ្ឋរបស់វៀតណាម នឹងបន្តមានការកើនឡើងបន្ថែមទៀតនាឆ្នាំ ២០២០ នេះ ហើយបើយោងតាមការសន្និដ្ឋាន បានលើកឡើងថា យ៉ាងហោចណាស់នឹងមានចន្លោះពី ៤ ទៅ ៥% នឹងបន្តកើនឡើង ដែលចំនួនស៊ីម៉ងត៍ នាំចេញទៅបរទេសសរុបនាឆ្នាំ ២០២០ នឹងលោតឡើងដល់ ១០១ ទៅ ១០៣ លានតោន ជាការកើនឡើងនៃចំនួនទឹកប្រាក់ចន្លោះ ៣២ ទៅ ៣៤ លានដុល្លារបន្ថែមទៀត។

ក្រៅពីស៊ីម៉ងត៍ ឥតប្រហោង និងឥដ្ឋតាន់របស់វៀតណាម ក៏មានតម្រូវការខ្ពស់ពីប្រទេសជិតខាងផងដែរ ដោយចំនួននេះ ក៏នឹងបន្តកើនឡើងបន្ថែម ព្រោះវាគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ការសាងសង់សំណង់អគារផ្សេងៗជាមួយនឹងស៊ីម៉ងត៍ ខណៈអ្នកបញ្ជាទិញ គឺរួមបញ្ចូលកម្មង់ទិញទាំងពីរ ស្របពេលតម្លៃអាចទទួលយកបានផងដែរ៕