បច្ចុប្បន្នបញ្ហាដីធ្លី បានកំពុងកើតមានឡើងឥតឈប់ឈរ បើទោះបីជាមានការជ្រុមជ្រែងពីសំណាក់រាជរដ្ឋាភិបាលក៏ដោយ ក្នុងការដោះស្រាយបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាលក្ដី នោះក៏ដោយសារតែកត្តាពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី នៅមិនទាន់បានបំពេញចប់សព្វគ្រប់នៅឡើយ។ បញ្ហានេះ បើយោងតាមប្រភពព័ត៌មានចុងក្រោយ និងតាមការប្រកាសរបស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងក្នុងឱកាសបិទវគ្គ នៃលិទ្ធផលឆ្នាំ 2018 និងចក្ខុវិស្ស័យឆ្នាំ 2019 ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី14 ខែមីនា កន្លងទៅ។
ជុំវិញការចុះបញ្ជីដីធ្លីនេះ ឯកឧត្ដមមានប្រសាសន៍ឲ្យដឹងថា “ការចុះបញ្ជីដីធ្លីបច្ចុប្បន្នគឺមានចំនួនប្រមាណជា 73% ឬស្មើនឹង 5.1 លានក្បាលដី ខណៈក្បាលដីសរុបទាំងអស់មានរហូតដល់ទៅ 7 លាន។ នៅពេលការចុះបញ្ជីដីធ្លី ត្រូវបានបញ្ចប់សព្វគ្រប់ យើងរំពឹងទុកថា វិវាទដីធ្លី នឹងមានការធ្លាក់ចុះ ហើយរដ្ឋាភិបាលក៏អាចទទួលបាននូវប្រាក់ចំនូលបន្ថែមពីការបង់ពន្ធដីដែលបានចុះបញ្ជីផងដែរ”។ សម្រាប់ពេលនេះ ការចុះបញ្ជីដីធ្លីគឺជាគោលនិយោបាយរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រប់ឲ្យបានពេញលេញទៅលើដីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះឯកឧត្ដមបានបន្ថែមទៀតថា “ការចុះបញ្ជីនេះគឺមានសារសំខាន់ខ្លាំងណាស់ ព្រោះវានឹងជួយទៅដល់អ្នក ដែលមានបណ្ណកម្មសិទ្ធិដីត្រឹមត្រូវស្របច្បាប់ តែសម្រាប់អ្នកពុំបានចុះបញ្ជី នឹងងាយរកទទួលគ្រោះថ្នាក់ និងអាចប្រឈមមុខនូវហានិភ័យផងដែរ ដោយគម្រោងរបស់ខ្ញុំគឺបញ្ចប់ការចុះបញ្ជីដីធ្លីឲ្យបានរួចរាល់ក្នុងឆ្នាំ 2021 ខាងមុខ។
កាលពីមុន ដីមិនសូវជាមានតម្លៃខ្លាំងដូចពេលបច្ចុប្បន្ននោះទេ ក៏ប៉ុន្តែឥឡូវនេះដីគឺឡើងថ្លៃដូចមាស ដូច្នេះហើយការចុះបញ្ជីដីធ្លី នឹងជួយកាត់បន្ថយបញ្ហាដីធ្លី ដែលកម្ពុជាកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន។ គួររំលឹកផងដែរថា ឯកឧត្ដម ជា សុផារ៉ា ក៏ធ្លាប់បានប្រាប់ទៅដល់ប្រជាពលរដ្ឋ កុំឲ្យលក់ដី តែគប្បីដាក់ដីនោះជួលវិញ កាលពីពេលថ្មីៗកន្លងទៅនេះ ដែលជាសារដំណឹងសម្រាប់បងប្អូនរស់នៅខេត្តព្រះសីហនុ ព្រោះការជួលរយៈពេលវែង បើទោះបីជាធ្វើឡើងចាប់ពី 15-20 ក៏ពិតមែន តែបងប្អូននៅតែជាកម្មសិទ្ធិករនៃដីដដែល។
នេះគឺជាដំណឺងល្អមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានប្លង់កម្មសិទ្ធិ (ប្លង់ទុន) លើដីធ្លីនានា ក្នុងស្រុកខ្មែរ ដោយគប្បីត្រៀមខ្លួនធ្វើការចុះបញ្ជីកម្មសិទ្ធិ (ប្លង់រឹង) ដើម្បីក្លាយទៅជាកម្មសិទ្ធិករស្របច្បាប់ ដែលរាជរដ្ឋាភិបាលបានកំពុងចាប់ផ្ដើម និងរំពឹងបញ្ចប់នារយៈពេលពីរឆ្នាំខាងមុខ ដើម្បីជាសវាងបញ្ហាវិវាទនាថ្ងៃអនាគត។