សាលាអន្តរជាតិធំៗទាំង ៤ នៅទីក្រុងភ្នំពេញ ដែលមានតម្លៃសមរម្យជាងប្រទេសជិតខាង!

យើងគ្រប់គ្នាសុទ្ធតែបានដឹងរួចមកហើយថា ការរីកលូតលាស់នៃសាលារៀនអន្តរជាតិជាច្រើនក្នុងប្រទេសកម្ពុជា បានបង្ហាញពីភាពរីកចម្រើននៃវិស័យអប់រំក្នុងប្រទេស និងជាការរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធអប់រំមួយ ដែលមានកម្រិតស្ដង់ដារអន្តរជាតិ ដើម្បីប្រកួតប្រជែងនឹងប្រព័ន្ធអប់រំជាមួយប្រទេសដទៃទៀតផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនគេប្រៀបធៀបសាលារៀនអន្តរជាតិនៅប្រទេសកម្ពុជា ទៅនឹងសាលារៀនអន្តរជាតិនៅប្រទេសដទៃទៀត គេសង្កេតឃើញនៅកម្ពុជាតម្លៃសិក្សានៅសាលារៀនអន្តរជាតិ មានតម្លៃទាបជាងគេបំផុតនៅតំបន់អាស៊ី ដោយគេអាចស្វែងរកបានក្នុងតម្លៃទាបជាង ២,០០០ ដុល្លារក្នុងមួយឆ្នាំ បើយោងតាមរបាយការណ៍ International School Database (ISB) ដែលជាជំរើសល្អបំផុតសម្រាប់ជនជាតិបរទេសរស់នៅប្រទេសកម្ពុជា ឬប្រជាពលរដ្ឋកម្ពុជាវណ្ណៈកណ្ដាល (middle class) អាចបញ្ជូនកូនទៅសិក្សាប្រកបដោយគុណភាព ជាមួយការចំណាយសមរម្យជាងបញ្ជូនកូនទៅរៀននៅបរទេស។ អញ្ចឹងខាងក្រោមនេះ គឺជាសាលារៀនអន្តរជាតិល្បីៗទាំង ៤ ក្នុងទីក្រុងភ្នំពេញ ជាជំរើសល្អបំផុត ដែលបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ Study International។ 

១. សាលា International School of Phnom Penh (ISPP)

នេះគឹជាសាលារៀនអន្តរជាតិដែលមិនគិតពីផលចំណេញ (not-for-profit school) បានបើកដំណើរការតាំងពីឆ្នាំ ១៩៨៩ ដែលនឹងផ្ដល់ជូននូវការអប់រំចំណេះដឹងទូទៅស្របតាមប្រព័ន្ធស្ដង់ដារអន្តរជាតិល្អបំផុត ចាប់ពីកុមារអាយុ ៣ ឆ្នាំទៅដល់ថ្នាក់ទី ១២ ក្នុងនោះរួមមានកម្មវិធីសិក្សាបាក់ឌុបអន្តរជាតិ និងកម្មវិធីសិក្សាបន្ថែមជាច្រើនទៀត។ សាលារៀននេះក៏មាននូវប្រព័ន្ធបរិក្ខាទំនើបៗផងដែរ ដូចជាអគារសិក្សាធំ មានមហោស្រពសិល្បៈ អាងហែលទឹក បន្ទប់កុំព្យូទ័រ និងទីលានកីឡាជាដើម។ សាលារៀន ISPP ទទួលបានសិស្សានុសិស្សចម្រុះជាតិសាសន៍ច្រើនជាង ៥០ ប្រទេសមកសិក្សា ចំណែកតម្លៃសិក្សាវិញស្ថិតនៅចន្លោះពី ៧,៧០០ ទៅ ២៤,០០០ ដុល្លារក្នុងមួយឆ្នាំ។

២. សាលា Australian International School of Phnom Penh (AISPP)

នេះគឺជាសាលារៀនអន្តរជាតិ ដែលចេញពី Australian International Schools Association (AISA) ដែលផ្ដល់ជូននូវកម្មវិធីសិក្សាដល់កម្រិតបាក់ឌុបអន្តរជាតិ ដែលបែងចែកចាប់ពី Primary Years, Middle Years និង Diploma Programmes។ សាលារៀនអន្តរជាតិនេះ មានអគារសិក្សាធំ និងទីធ្លារទូលាយសម្រាប់សកម្មភាពសិក្សាផ្សេងៗជាច្រើនទៀតដូចជា ការ៉ាត់តេ ហែលទឹក -ល- ហើយវាទទួលបាននូវសិក្សានុសិស្សជាជនបរទេសមកពីប្រទេសអូស្ត្រាលី និង New Zealand ជាដើម។ សម្រាប់តម្លៃសិក្សាវិញ គឺមានចន្លោះចាប់ពី ៥,០០០ ទៅដល់ ២២,០០០ ដុល្លារ។

៣. សាលា iCAN British International School

សាលារៀនអន្តរជាតិដ៏ល្បីល្បាញមួយទៀត ដែលផ្ដល់នូវការអប់រំកម្រិតស្ដង់ដារអន្តរជាតិពីចក្រភពអង់គ្លេស ដែលចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់ទី ៩ ជាមួយតម្លៃសិក្សាសមរម្យជាងគេបំផុតធៀបនឹងប្រទេសដទៃទៀត។ សាលារៀនអន្តរជាតិនេះ មានកម្មវិធីសិក្សា International Primary Curriculum (IPC) ចំណែកតម្លៃវិញគឺចាប់ពី ៥,០០០ ទៅដល់ ១៣,០០០ ដុល្លារ។

៤. សាលា Singapore Cambodia International Academy

សាលារៀនអន្តរជាតិ ដែលមានការវាយតម្លៃលើការអប់រំពី Cambridge Assessment International Education បានតែងតាំងដោយក្រុមប្រឹក្សាត្រួតពិនិត្យនិងវាយតម្លៃសិង្ហបុរី Singapore Examinations and Assessment Board (SEAB) ជាមួយអ្នកអប់រំមានបទពិសោធន៍ពីប្រទេសសិង្ហបុរី និងអន្តរជាតិ ធ្វើឲ្យសាលារៀន SCIA មួយនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ ម្យ៉ាងវិញទៀត ប្រព័ន្ធអប់រំនៃសាលារៀននេះ គឺសាលារៀនអន្តរជាតិតែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយ University of London និង Recognised Teaching Centre in Cambodia សម្រាប់កម្មវិធីអប់រំលំដាប់អន្តរជាតិ។