ភ្នំពេញ៖ បច្ចុប្បន្នឆ្នេរសមុទ្ររាម ស្ថិតនៅក្នុងខេត្តព្រះសីហនុ បានកំពុងទាក់ទាញវិនិយោគិនមិនតិចនោះទេ ដោយសារតែវាមានឆ្នេរខ្សាច់ស ស្រស់ស្អាត មានបរិយាកាសស្អាត ស្រស់ស្រាយ ទាក់ទាញក្បែភ្នំ និងជិតព្រលានយន្តហោះកងកេង ពិសេសនៅសល់ដីទំនេរច្រើន ដែលគប្បីយកមកធ្វើការអភិវឌ្ឍន៍បន្ថែម ដើម្បីបង្កើនសេដ្ឋកិច្ច និងជួយទៅដល់ប្រជាជនក្នុងតំបន់ឲ្យបានកាន់តែប្រសើរជាងពេលបច្ចុប្បន្ន។ ជុំវិញឆ្នេរសមុទ្ររាមនេះ រដ្ឋាភិបាលកម្ពុជា ដឹកនាំឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំមួយ កាលពីពេលថ្មីៗកន្លងទៅនេះ ដែលស្ថិតក្រោមគម្រោងដ៏សំខាន់មួយរបស់កម្ពុជា។

យោងតាមប្រភពព័ត៌មានផ្លូវការរបស់ក្រសួងបានចេញផ្សាយ រដ្ឋាភិបាលបានកំពុងពិនិត្យមើល ទៅលើគម្រោងនៃឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុ ដោយគ្រោងនឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដោយប្រែខ្លួនទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ដ៏ធំមហិមាមួយ លាតសន្ធឹងលើផ្ទៃដីជាង ៨០០ ហិកតា ក្រោមទុនវិនិយោគប្រមាណ ១៦ ពាន់លានដុល្លារអាមេរិក។ គម្រោងដ៏ធំមួយនេះ នឹងមានឈ្មោះហៅថា ‘ទីក្រុងរាម’ ស្ថិតក្រោមការអភិវឌ្ឍន៍របស់ ក្រុមហ៊ុន ខានូពីស៊ែន ឌីវេឡុបមិន ឯ.ក (Canopy Sands Development Co., Ltd.) ដែលនឹងអភិវឌ្ឍផ្ទៃដីកម្មសិទ្ធរបស់ខ្លួន (ដីសម្បទាន) ក្នុងទំហំ ៨៣៤ ហិកតាឲ្យក្លាយទៅជា សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសិទ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា និងជាពិសេសទីលានវាយកូនគោល ដ៏សំបូរបែប។

ប្រភពដដែលបានឲ្យដឹងទៀតថា គម្រោងយក្សមួយនេះ នឹងរួមបញ្ចូលនូវការរៀបចំឆ្នេរខ្សាច់ស្អាតថ្មីចំនួន ២ ដែលឆ្នេរទាំង ២ នោះនឹងបើកឱ្យប្រើប្រាស់ជាសាធារណៈ ក្រោយបញ្ចប់គម្រោង។ ជុំវិញកិច្ចប្រជុំនេះរដ្ឋាភិបាល បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ខណៈការរៀបចំគម្រោង បើកការដ្ឋានសាងសង់នឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២០ នេះតែម្ដង សម្រាប់ដំណាក់កាលដំបូង។ គួរបញ្ជាក់ផងដែរថា គម្រោង “ទីក្រុងរាម” មួយនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៏ទេសចរណ៍ពិសិដ្ឋនាគរាជ របស់ក្រសួងទេសចរណ៍ ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ៣,០៨១ ហិកតា ស្ថិតនៅក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភព៖ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់