ខេត្តកំពង់ស្ពឺ ត្រូវបានដាក់ចូលជាខេត្តដែលមានសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្មតូចធំ និងជាគោលដៅវិនិយោគនៃរោងចក្រផងដែរ ថ្វីបើខេត្តនេះមានចំនួនប្រជាជនតិចជាងគេ ប៉ុន្តែមានផ្លូវជាតិលេខ ៣ និងលេខ ៤ ជាអ្នកសម្រួលការដឹកជញ្ជូន និងភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ព្រះសីហនុ។ ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅថា CDC (Council for the Development of Cambodia) បានសម្រេចអនុម័តនូវគម្រោងវិនិយោគរោងចក្រចំនួន ៥ នៅក្នុងខេត្តកំពង់ស្ពឺ ដែលសរុបជាទឹកប្រាក់... និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៤,៤៥៤ កន្លែង។
គម្រោងវិនិយោគអភិវឌ្ឍន៍រោងចក្រចំនួន ៤ កន្លែងនោះរួមមាន៖
១. ក្រុមហ៊ុន Ultraspower Technology Battery Co., Ltd សំណើរវិនិយោគបង្កើតរោងចក្រផលិតអាគុយស្ងួត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណូឡូជី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ២១.៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦០០ កន្លែង។
២. ក្រុមហ៊ុន Zhong Yongxin (Cambodia) Co., Ltd សំណើរវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហៈសំណ និងបន្ទះជ័រ) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណូឡូជី ខេត្តកំពង់ស្ពឺដូចគ្នា មានទុនវិនិយោគប្រមាណ ២៥.១ លានដុល្លារ អាចបង្កើតការងារបានចំនួន ៣៩០ កន្លែងបន្ថែមទៀត។ គម្រោងទាំង ២ នេះត្រូវបានអនុម័តសម្រេចនៅថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ២០២០។
៣. ក្រុមហ៊ុន TOMKINS CHAMOIS (Cambodia) Co., Ltd សំណើរវិនិយោគបង្កើតរោងចក្រកាត់ដេរសម្ភារៈសម្រាប់សម្អាតរថយន្ដ (ក្រណាត់ជូតកញ្ចក់ កន្សែងជូតរថយន្ដ ស្រោមដៃជូតរថយន្ដ និងអេប៉ុង) ដែលមានទីតាំងស្ថិតនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានទុនវិនិយោគប្រមាណ ២.៩ លានដុល្លារ អាចបង្កើតការងារចំនួន ១,០២៧ កន្លែង។ គម្រោងនេះត្រូវបានអនុម័តកាលពីថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០២០។
៤. ក្រុមហ៊ុន Lai Man International Co., Ltd សំណើរវិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៧ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៧៧ កន្លែង។
៥. ក្រុមហ៊ុន Trimax Apparel (Cambodia) Co., Ltd សំណើរវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិភ្នំដី និងភូមិសំបូរ សង្កាត់ច្បាមន ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ២០.៧ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៦៦០ កន្លែង។