សមុទ្រដែលមានឆ្នេរស្រស់ស្អាត គឺជាសមុទ្រដែលមានសភាពទាក់ទាញបំផុតសម្រាប់បម្រើវិស័យទេសចរណ៍ ហើយវាគឺជាគោលដៅទេសចរណ៍ដែលមនុស្សមកកម្សាន្ដមិនចេះនឿយណាយឡើយពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះប្រទេសទាំងអស់មិនប្រកដថាមានដែនសមុទ្រនោះទេ ហើយដែនសមុទ្រទាំងអស់ក៏មិនប្រាកដថាមានឆ្នេរខ្សាច់ស្អាត ឬទឹកសមុទ្រថ្លាសម្រាប់ងូតនោះដែរ។ យ៉ាងណាមិញ ថ្ងៃនេះយើងសូមចែករំលែកនូវចំណេះដឹងតូចមួយទាក់ទងនឹងឆ្នេរខ្សាច់សមុទ្រ ថាតើវាកើតឡើងមកពីណា? ហើយហេតុអ្វីបានជាឆ្នេរខ្សាច់មានពណ៌ប្លែកពីគ្នា?
តើឆ្នេរខ្សាច់កើតឡើងដោយសារអ្វី? បាតុភូតធម្មជាតិ ពិតជាដំណើរមួយដ៏ល្អឥតខ្ចោះ ដែលអាចបង្កើតអ្វីៗទាំងអស់ប្រកបទៅដោយភាពស្រស់ស្អាត។ ឆ្នេរខ្សាច់សមុទ្រកើតឡើងដោយសារតែ ទឹករលកសមុទ្របានវាយបក់មកលើដីគោក ឬថ្មភ្នំនៅតំបន់នោះអស់រយៈពេលរាប់ពាន់ឆ្នាំ ទើបបានប្រែក្លាយផ្ទាំងថ្មទាំងនោះ ទៅជាបំណែកខ្សាច់តូចៗល្អិតបន្ដិចម្ដងៗ ទៅជាឆ្នេរខ្សាច់សមុទ្រ អាចឲ្យយើងងូតទឹកកម្សាន្ដបានយ៉ាងរីករាយ។ ហើយមិនបាច់ឆ្ងល់នោះទេថា ខ្សាច់ដែលម៉ត់ល្អបំផុត ភាគច្រើនគឺជាខ្សាច់កម្រ ដែលដំណើរនេះកើតមានរាប់ពាន់ឆ្នាំមកហើយ ដូចជានៅតាមតំបន់កោះ យើងប្រាកដជានឹងឃើញឆ្នេរខ្សាច់សមុទ្រមានសភាពម៉ត់ស្អាតជាងនៅតំបន់ដីគោក (Mainland) ហើយក៏សម្បូរឆ្នេរស្អាតច្រើនជាងផងដែរ ព្រោះវាទទួលរលកពីគ្រប់ទិសគ្រប់រដូវ។
តើហេតុអ្វីបានជាឆ្នេរខ្សាច់មានពណ៌ប្លែកៗ? ជាទូទៅយើងប្រហែលបានឃើញឆ្នេរខ្សាច់សមុទ្រដែលមានពណ៌សក្បុស ឬពណ៌ត្នោតប៉ុណ្ណោះ ប៉ុន្តែក៏មានដែរនៅតាមប្រទេសឬតំបន់មួយចំនួនដូចជានៅកោះហាវ៉ៃ, កោះ Guam, កោះ Ecuador, និងប្រទេស Norway មានឆ្នេរពណ៌បៃតង។ ចំណែកនៅតំបន់មួយចំនួនកោះហាវ៉ៃ, ប្រទេស Iceland, តំបន់ Caribbean, ប្រទេសក្រិច, អេស្ប៉ាញ -ល- មានឆ្នេរខ្សាច់សមុទ្រពណ៌ខ្មៅ។ រីឯនៅតំបន់ជាច្រើនទៀត ដូចជា កោះ Komodo ឥណ្ឌូនេស៊ី, កោះ Crete ប្រទេសក្រិច, ប្រទេស Bahamas សុទ្ធសឹងមានឆ្នេរខ្សាច់ពណ៌ផ្កាឈូកដ៏កម្រ។
ពណ៌របស់ឆ្នេរខ្សាច់ វាកើតឡើងមួយភាគធំដោយសារតែសណ្ឋានដីនៅតំបន់នោះ ដោយតំបន់ភ្នំថ្មខ្មៅ រាប់ពាន់ឆ្នាំក្រោយវានឹងកកើតទៅជាឆ្នេរសមុទ្រខ្មៅ ចំនែកឯតំបន់ភ្នំសណ្ឋានដីក្រហមលាយជាមួយពណ៌ស វានឹងកើតទៅជាឆ្នេរពណ៌ផ្កាឈូក ជាដើម។ ប៉ុន្តែវាក៏ត្រូវបានចូលរួមពីកត្តាមួយចំនួនបន្ថែមទៀត ពីប្រព័ន្ធអេកូឡូស៊ីនៅក្នុងសមុទ្រផងដែរ ឧទាហរណ៍ឆ្នេរពណ៌បៃតងតាមតំបន់ជាច្រើននោះ វាកើតឡើងដោយសារតែសណ្ឋានដីថ្មតំបន់នោះ ជាមួយការចូលរួមពីសារធាតុពណ៌បៃតងខ្ពស់ហៅ Olivine ដែលគេឃើញមានវត្តមាននៅក្នុងត្រីបាឡែន និងផ្កាថ្មបៃតងជាច្រើនប្រភេទទៀត ផ្សំចូលគ្នារាប់ពាន់ឆ្នាំបង្កើតទៅជាឆ្នេរបៃតង។ ចំណែកឯឆ្នេរខ្សាច់ដែលមានពណ៌សក្បុសវិញ កើតឡើងដោយសារសណ្ឋានដីល្អ គួបផ្សំជាមួយជាតិខនិជខ្ពស់ ដែលចេញមកពីសំបកគ្រុំ លាស ងាយ ផ្កាថ្ម និងឆ្នឹងសត្វសមុទ្រដែលបានងាប់រាប់ពាន់ឆ្នាំ ដែលជាសារធាតុកាល់ស្យូមកាប៉ូណាត ធ្វើឲ្យឆ្នេរនោះមានពណ៌សក្បុស។