អគារខ្ពស់បំផុតទាំង ៥ នៅទីក្រុងហូជីមិញ!

ហូជីមិញ ជាទីក្រុងដ៏ធំជាងគេបំផុតក្នុងប្រទេសវៀតណាម ដែលការអភិវឌ្ឍន៍មានសន្ទុះឡើងខ្លាំងបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយគេក៏សម្គាល់ឃើញមានសំណង់អគារខ្ពស់កើនឡើងច្រើនផងដែរ។ សម្រាប់ការសាងសង់អគារខ្ពស់នៅទីក្រុងហូជីមិញ ស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ពោលវាត្រូវបានអភិវឌ្ឍន៍នៅតំបន់មួយដែលមានសក្ដានុពលសំខាន់នៃទីក្រុង។ ដូចនេះយើងនឹងមកស្គាល់អគារខ្ពស់ៗបំផុតទាំង ៥ នៅទីក្រុងហូជីមិញ។

១. អគារ Landmark 81

Landmark 81 ជាអគារខ្ពស់ជាងគេបំផុតនៅទីក្រុងហូជីមិញ ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្មធំបំផុតនៃប្រទេសវៀតណាមឈ្មោះថា Vinhomes ដែលអគារនេះបានក្លាយជាអគារខ្ពស់លំដាប់ទី ១៧ នៅលើពិភពលោក ដែលមានកម្ពស់ដល់ ៤៦១ ម៉ែត្រ បែងចែកចេញជា ៨១ ជាន់ ស្ថិតនៅភាគខាងលិចនៃទន្លេរ Saigon River។ គម្រោងនេះ ត្រូវបានចំណាយទឹកប្រាក់វិនិយោគប្រហែល ១,៥០០ លានដុល្លារ និងត្រូវបានបញ្ជប់នៅឆ្នាំ ២០១៨ សម្រាប់ប្រើប្រាស់ចម្រុះហៅថា Vinhomes Central Park ដោយរួមមានអាផាតមិនលំដាប់ខ្ពស់, អគារការិយាល័យជួល, ភោជនីយដ្ឋាន, កន្លែងកម្សាន្ដ, និង observation deck សម្រាប់មើលទិដ្ឋភាពពីកំពូលអគារ -ល-។

២. អគារ Bitexco Financial Tower

នេះអាចនិយាយបានថាជាអគារល្បីល្បាញបំផុតមួយប្រចាំទីក្រុងហូជីមិញ (Iconic building) ដែលបានសាងសង់រួចតាំងពីឆ្នាំ ២០១០ មានចំនួន ៦៨ ជាន់អគាររួមទាំងមាន helipad សម្រាប់ចុះចតឧទ្ធាម្ភាគចក្រទៀតផង។ អគារនេះមានកម្ពស់សរុប ២៦២ ម៉ែត្រ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនសាជីវកម្មពហុឧស្សាហកម្ម Bitexco Group និងត្រូវបានរចនាដោយស្ថាបត្យករអាមេរិច Carlos Zapata ហើយនៅក្នុងនោះមានដូចជាទីស្នាក់ការបស់ក្រុមហ៊ុនធំៗជាច្រើន, ការិយាល័យចាប់ពីជាន់ទី ៧ ដល់ជាន់ទី ៦៥, ហាងទំនិញនិងភោជនីយដ្ឋាន, កន្លែងកម្សាន្ដ និងរោងភាពយន្ដទំហំជាង ១០,០០០ ម៉ែត្រការ៉េចាប់ពីជាន់ទី ៤ -ល-។ 

៣. អគារ Vietcombank Tower

អគារនេះ ស្ថិតនៅសង្កាត់ទី ១ កណ្ដាលទីក្រុងហូជីមិញ ជាគម្រោងនៃសាខារបស់ធនាគារ Vietcombank ហើយជាការវិនិយោគចូលគ្នារវាងក្រុមហ៊ុន Vietcombank, Bondary Investment Group (ហុងកុង), និងក្រុមហ៊ុនពាណិជ្ជកម្ម TP Trading Services Joint Stock Company។ អគារនេះត្រូវបានសម្ពោធនៅក្នុងឆ្នាំ ២០១៥ រចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Pelli Clarke Pelli Architect មានចំនួន ៤០ ជាន់កម្ពស់សរុប ២០៦ ម៉ែត្រ។

៤. អគារ Saigon One Tower

អគារនេះនៅមិនឆ្ងាយពីអគារ Bitexco Financial Tower ប៉ុន្មានឡើយ ដោយត្រូវបានវិនិយោគនៅលើផ្ទៃដីទំហំ ៦,៨០០ ម៉ែត្រការ៉េមុខទន្លេរ Saigon River ចាប់ផ្ដើមសាងសង់ឡើងតាំងពីឆ្នាំ ២០០៧ ក្នុងគម្រោងវិនិយោគជាង ២២៨ លានដុល្លារ ប៉ុន្តែត្រូវជាប់គាំងមិនទាន់បញ្ជប់ការសាងសង់នៅឡើយទេ។ យ៉ាងណាមិញ វាជាសំណង់ខ្ពស់លំដាប់ទី ៤ ក្នុងទីក្រុងហូជីមិញ ដែលមានកម្ពស់ដល់ ១៩៥ ម៉ែត្របែងចែកជា ៤១ ជាន់ នឹងប្រើប្រាស់ជាអគារការិយាល័យ, អាផាមិន, និងបណ្ដុំហាងទំនិញ។ 

៥. អគារ Saigon Times Square 

អាគារ Times Square ក៏ស្ថិតនៅសង្កាត់ទី ១ ទីក្រុងហូជីមិញផងដែរ ដែលវាមានចំនួន ៤០ ជាន់អគារ កម្ពស់ ១៦៥ ម៉ែត្រជាការវិនិយោគរបស់ក្រុមហ៊ុន Times Square Investment និងបានបញ្ជប់ការសាងសង់នៅឆ្នាំ ២០១១ បម្រើជាសណ្ឋាគារ The Reverie Saigon ចំនួន ២៨៦ បន្ទប់, អាផាតមិនជួល ៨៩ យូនីត, ទីធ្លារការិយាល័យទំហំ ១១,៩០០ ម៉ែត្រការ៉េ, និងបណ្ដុំហាងទំនិញភោជនីយដ្ឋាន កន្លែងកម្សាន្ដជាច្រើនទៀត។