ហេតុអ្វីបានជាម៉ាកាវ ក្លាយជាទីក្រុងអ្នកមាន?

ម៉ាកាវ ហាក់បីដូចជាទីក្រុងនៃឋានសួគ៌នៃបនល្បែងធំមួយនៅអាស៊ី ដែលមានគម្រូស្រដៀងទៅនឹងទីក្រុង Las Vegas, Nevada នៃសហរដ្ឋអាមេរិច ប៉ុន្តែមែនទែនទៅ ទីក្រុងម៉ាកាវ មានទំហំនៃភ្ញៀវទេសចរណ៍ច្រើនជាង ប្រាក់ចំណូលពីឧស្សាហកម្មល្បែងច្រើនជាងលើសពី ២ ដង ដែលធ្វើឲ្យទីក្រុងនេះ ក្លាយជាទីក្រុងមានចំណូលច្រើនបំផុតបើគិតទៅនឹង GDP និង PPP (Purchasing Power Parity) ធៀបនឹងចំនួនប្រជាជន ហើយគេព្យាករណ៍ថា GDP និង PPP ម៉ាកាវ នឹងឡើងខ្ពស់ជាងទីក្រុង Qatar ក្លាយជាទីក្រុងមានបំផុតមួយលើលោក។ អញ្ចឹងតើហេតុអ្វីបានជាម៉ាកាវ អាចក្លាយជាទីក្រុងអ្នកមានបំផុត? ចម្លើយមួយម៉ាត់យ៉ាងខ្លីគឺ «ល្បែង» ប៉ុន្ដែមានរឿងចំនួន ៤ ចំណុចដែលយើងត្រូវស្វែងយល់ពីទីក្រុងម៉ាកាវ។

១. រដ្ឋបាលទីក្រុងម៉ាកាវ

ប្រសិនបើយើងមើលប្រវត្តិសាស្ត្រនៃទឹកដីម៉ាកាវ វាគឺជាទឹកដីរបស់ប្រទេសចិន ដែលឧបទ្វីបភាគខាងត្បូងមួយនេះត្រូវបានគ្រប់គ្រងដោយព័រទុយហ្គាល់ចាប់តាំងពីសតវត្សទី ១៦ ខណៈទឹកដីហុងកុង ត្រូវបានគ្រប់គ្រងដោយអង់គ្លេស ហើយរដ្ឋបាលព័រទុយហ្គាល់ បានចាប់ផ្ដើមបើកច្បាប់ឧស្សាហកម្មល្បែងស្របច្បាប់នៅម៉ាកាវចាប់ពីឆ្នាំ ១៨៤៧ បន្ទាប់ពីពាណិជ្ជកម្មច្រកសមុទ្រត្រូវបានធ្លាក់ចុះទាបជាងទឹកដីហុងកុង។ ត្រង់នេះគូសបញ្ជាក់បន្ដិចថា ម៉ាកាវ និងហុងកុង និយាយជាភាសាបច្ចេកទេស នៅតែជាទីក្រុងរបស់ប្រទេសចិន ប៉ុន្តែមានច្បាប់រដ្ឋបាល និងសេដ្ឋកិច្ចដាច់ដោយឡែក ហៅថា SAR (Special administrative regions of China) ដែលហុងកុងទទួលបានឯករាជ្យនៅឆ្នាំ ១៩៩៧ ចំណែកម៉ាកាវនៅឆ្នាំ ១៩៩៩។ ដូចនេះត្បិតតែឧស្សាហកម្មល្បែងនៅចិនដីគោកគឺជាអំពើខុសច្បាប់ ប៉ុន្តែនៅម៉ាកាវ គឺជាឧស្សាហកម្មល្បែងស្របច្បាប់។

២. GDP របស់ទីក្រុងម៉ាកាវ

ដោយសារតែទីក្រុងម៉ាកាវ ជាតំបន់ដែលមានឧស្សាហកម្មល្បែងស្របច្បាប់តែមួយគត់របស់ប្រទេសចិន ដូចនេះហើយទើបវាទទួលបានភ្ញៀវទេសចរណ៍ជាង ៣០ លាននាក់កាលពីឆ្នាំ ២០១៧ ច្រើនបំផុតមកពីចិនដីគោក ក្នុងនោះ ៧៤% មកជាទេសចរណ៍ល្បែង ហើយធ្វើឲ្យចំណូលពីឧស្សាហកម្មល្បែងទទួលបានជាង ២៨ ពាន់លានដុល្លារ ខណៈឧស្សាហកម្មល្បែងនៅ Las Vegas ទទួលបានជាង ១១ ពាន់លានដុល្លារប៉ុណ្ណោះ។ ចំណែកកាលពីឆ្នាំ ២០១៩ កន្លងទៅ ឧស្សាហកម្មល្បែងនៅម៉ាវកាវ រកចំណូលសរុបបានជាង ៣៤ លានដុល្លារ នឹងបានរួមចំណែកយ៉ាងធំទៅដល់ GDP របស់ទីក្រុងនេះ ព្រោះចំណូលបានពីការបង់ពន្ធឧស្សាហកម្មល្បែងគេទទួលបានជាង ១២ ពាន់លានដុល្លារ ឬស្មើរនឹង ៨៦% នៃការប្រមូលពន្ធសរុប។

៣. ឧស្សាហកម្មល្បែង ចិញ្ចឹមសេដ្ឋកិច្ចទីក្រុងម៉ាកាវ

ចំណូលឧស្សាហកម្មល្បែងនៅទីក្រុងម៉ាកាវ បានឡើងខ្ពស់ជាងទីក្រុង Las Vegas តាំងពីជាង ១០ ឆ្នាំមុនមកម្ល៉េះ ហើយការបង់ពន្ធខ្ពស់ឧស្សាហកម្មល្បែងក៏ខ្ពស់ផងដែរ ជាមធ្យមគឺខ្ទង់ ៤០% ទៅលើប្រាក់ចំណូល នេះគឹជាប្រភពចំណូលមួយដ៏សំខាន់។ ដូចនេះ បើប្រៀបធៀបចំនួនប្រជាជនសរុបទីក្រុងម៉ាកាវជាង ៦៥០,០០០ នាក់ ទៅនឹងផលិតផលក្នុងស្រុកសរុប GDP ជាង ៥០ ពាន់លានដុល្លារ គេឃើញថាកម្រិត PPP របស់ប្រជាជនម៉ាកាវ អាចនឹងមានប្រាក់ចំណូលដល់ជាង ១៤៣,០០០ ដុល្លារក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ ពោលគឺវាខ្ពស់ជាងប្រទេស Qatar និង Luxembourg ដែលជាប្រទេសអ្នកមាន និងមានកម្រិត PPP ចំនួនទឹកប្រាក់ ១៣៩,០០០ ដុល្លារ និង ១១៨,០០០ ដុល្លារក្នុងមនុស្សម្នាក់ៗ។ 

៤. វិសមភាព និងភាពក្រីក្រនៅទីក្រុងម៉ាកាវ

ថ្វីត្បិតតែម៉ាកាវ ជាទឹកដីអ្នកមាន ពោលមានចំណូលចូលជាតិច្រើនមែនពីឧស្សាកម្មល្បែង និងវិស័យផ្សេងៗទៀត ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែទទួលបានប្រាក់ចំណូលស្មើរគ្នាឡើយ។ រដ្ឋាភិបាលក្រុងម៉ាកាវបង្ហាញថាអត្រានៃប្រជាជនក្រីក្រនៅទីក្រុងម៉ាកាវ មានប្រហែល ២.៣% ខណៈស្ថាប័នស្រាវជ្រាវផ្សេងៗទៀតរកឃើញថាមានដល់ជាង ១០%។ ឧស្សាហកម្មល្បែងរកចំណូលបានយ៉ាងច្រើនជូនដល់រដ្ឋាភិបាល និងអ្នកជំនួញលើវិស័យនេះ ជាក់ស្ដែងបនល្បែងធំៗដូចជា The Venetian និង Wynn Resorts បានក្រោបយកចំណូលល្បែងជាង ៧១%។ យ៉ាងណាមិញឧស្សាហកម្មល្បែងនៅម៉ាកាវ ត្រូវបានធ្លាក់ចុះបន្ដិចម្ដងៗនៅឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ដោយសារតែ លោក ប្រធានាធិបតី Xi Jinping បានរកឃើញលុយកខ្វក់ដែលមន្ត្រីជាង ១.៥ លាននាក់នៅចិនដីគោក បានមកពីជំនួញឧស្សាហកម្មល្បែង។ ចំណែកឆ្នាំ ២០២០ នេះទៀតសោត វីរុសកូរ៉ូណា ឬ Covid-19 បានធ្វើឲ្យរីសតល្បែងធំៗនៅម៉ាកាវ បាត់បង់ភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ខ្លះក៏ត្រូវបិទទ្វារបណ្ដោះអាសន្ន (កាស៊ីណូជាង ២៩ មកហើយដែលត្រូវបិទទ្វារ) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចទីក្រុង ប្រៀបដូចជាការបញ្ឈប់អាជ្ញាប័ណ្ណហ្គេមអនឡាញ នៅក្រុងព្រះសីហនុអញ្ចឹងដែរ។