ទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍!

ទ្វីបអាស៊ីអាគ្នេយ៍ មានចំនួនប្រជាជនឡើងខ្ពស់ដល់ជាង ៦៦៥ លាននាក់ហើយ នៅក្នុងឆ្នាំ ២០២០ នេះ ជាតួលេខនៃកំណើនដ៏ខ្ពស់មួយធៀបទៅនឹងពិភពលោក ហើយទ្វីបអាស៊ីក៏មានប្រជាជនរស់នៅច្រើនជាងគេផងដែរ។ កំណើនប្រជាជនខ្ពស់ គឺជាសញ្ញានៃការធ្វើទំនើបនូបនីយកម្មនៅក្នុងទីក្រុង ជាក់ស្ដែងទីក្រុងជាច្រើននៅអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមផ្លាស់ប្ដូរនូវបរិបទរស់នៅក្នុងសង្គម វប្បធម៌ សេដ្ឋកិច្ច អាជីវកម្ម និងសំណង់ថ្មី ហើយប្រជាជនលើសពីពាក់កណ្ដាលកំពុងរស់នៅក្នុងទីក្រុង ធ្វើឲ្យអាស៊ីអាគ្នេយ៍ជាតំបន់ដែលមានការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោកនៅពេលនេះ។ 

អញ្ចឹងខាងក្រោមនេះ យើងនឹងមកស្វែងយល់ខ្លះៗអំពីកំណើនរបាយប្រជាសាស្ត្រ និងការអភិវឌ្ឍន៍ទីក្រុងមួយចំនួននៅអាស៊ីអាគ្នេយ៍ ជាការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ក្នុងរបាយការណ៍ United Nations World Urbaniztion Prospects ដើម្បីចង់ដឹងថាទីក្រុងណាដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេ។ 

១. ទីក្រុងម៉ានីល ហ្វីលីពីន

នៅក្នុងប្រទេសហ្វីលីពីន មានប្រជាជនជាង ១០១ លាននាក់ និងមានទីក្រុងធំៗដល់ ១៦ ក្នុងនោះទីក្រុងម៉ានីលជាទីក្រុងធំលំដាប់ទី ២ ប៉ុន្តែមានចំនួនប្រជាជនរស់នៅច្រើនបំផុតដល់ជាង ១៣ លាននាក់ក្នុងឆ្នាំ ២០២០ ធ្វើឲ្យទីក្រុងម៉ានីល មានដង់ស៊ីតេប្រជាជនច្រើនបំផុតនៅលើពិភពលោកគឺ ៤២,៨៥៧ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលខ្ពស់ជាងទីក្រុង Mumbai ប្រទេសឥណ្ឌា និងទីក្រុងប៉ារីស ប្រហែលពីរដង និងច្រើនជាងទីក្រុងតូក្យូប្រហែលបួនដង។ សង្កាត់ដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងទីក្រុងម៉ានីល មានដូចជាសង្កាត់ Tondo, Sampaloc, និង Santa Ana -ល- ដែលប្រជាជនទីក្រុងប្រហែល ៦០% រស់នៅសង្កាត់ទាំង ៣ នោះដូចនេះក៏មានការអភិវឌ្ឍន៍ខ្លាំងផងដែរ។

២. ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី

ហ្សាកាតា ជារាជធានីនៃប្រទេសឥណ្ឌូនេស៊ី ឬជាទីក្រុងធំបំផុតក្នុងប្រទេស ស្ថិតនៅលើកោះជ្វា ហើយក៏មានចំនួនប្រជាជនរស់នៅចម្រុះជាតិសាសន៍ច្រើនផងដែរ រួមមានជនជាតិជ្វាប្រហែល ៣៥% ជនជាតិដើមហ្សាកាតា ២៧% ជនជាតិ Sundanese ប្រហែល ១៥% ជនជាតិចិន ៥.៥% -ល-។ ប្រជាជនជាង ២៦៤ លាននាក់ក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងនោះទីក្រុងហ្សាកាតា មានប្រជាជនរស់នៅជាង ១០ លាននាក់ក្នុងឆ្នាំ ២០២០ ជាមួយដង់ស៊ីតេប្រជាជន ១៤,៤៦៤ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ដោយសារតែរាជធានីមួយនេះមានចំនួនប្រជាជនច្រើន និងជាទីស្នាក់ការនៃក្រុមហ៊ុនធំៗ ដូចនេះហើយវាមានការកកស្ទះចរាចរណ៍ខ្លាំងបំផុតនៅលើពិភពលោក ហើយកម្ពស់ទឹកសមុទ្រក៏កើនឡើងខ្ពស់រាល់ឆ្នាំផងដែរ ធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រៀមរៀបចំរាជធានីថ្មីមួយនៅលើកោះ Borneo ដើម្បីបន្ថយប្រជាសាស្ត្រនៅទីក្រុងហ្សាកាតានេះ។

៣. ទីក្រុងបាងកក ថៃ

រាជធានីបាងកក ឬហៅថាក្រុងថេប ជាទីក្រុងដែលមានចំនួនប្រជាជនរស់នៅច្រើនបំផុតក្នុងប្រទេសដល់ជាង ១០ លាននាក់ នៅក្នុងឆ្នាំ ២០២០ ព្រោះជាមជ្ឈមណ្ឌលនៃនយោបាយ, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, ទេសចរណ៍ -ល-។ បាងកក ជាទីក្រុងដែលមានភ្ញៀវទេសចរណ៍ច្រើនបំផុតនៅអាស៊ី ដោយកាលពីឆ្នាំ ២០១៩ គេទទួលបានភ្ញៀវទេសចរណ៍មកបាងកក ៣៩.៨ លាននាក់ ជាមួយចំណូលពីវិស័យទេសចរណ៍ប្រហែល ១.៩៣ ទ្រីលានបាត។ បាងកកក៏មានប្រជាជនរស់នៅចម្រុះជាតិសាសន៍ផងដែរ ក្នុងនោះចំនួនប្រជាជនរស់នៅច្រើនមានដូចជាជនជាតិ ជប៉ុន, ចិន, អឺរ៉ុប, អាមេរិច, កម្ពុជា, វៀតណាម, ឡាវ, ភូមា -ល-។ យ៉ាងណាមិញ ទីក្រុងបាងកក មានការអភិវឌ្ឍន៍បានប្រសើរល្អបំផុតទៅលើការរស់នៅ និងទំនើបកម្ម ប៉ុន្តែបញ្ហាដែលប្រឈមខ្លាំងបំផុតគឺគុណភាពខ្យល់ពុលនៅក្នុងបរិយាកាស បញ្ហាស្ទះចរាចរណ៍ និងបញ្ហាងាយទទួលរងទឹកលិច។ 

៤. ទីក្រុងហូជីមិញ វៀតណាម

ប្រទេសវៀតណាម មានប្រជាជនរស់នៅជាង ៩៣ លាននាក់ ក្នុងនោះទីក្រុងហូជីមិញ ឬសៃហ្គន ជាតំបន់ដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេស ព្រមទាំងឥណ្ឌូចិនទាំងមូល ហើយមកដល់ឆ្នាំ ២០១៩ នេះប្រជាជនឡើងដល់ ៩ លាននាក់ ដោយរំពឹងថាឆ្នាំ ២០២៥ ចំនួនប្រជាជននឹងឡើងដល់ជាង ១៣.៩ លាននាក់ មិនតែប៉ុណ្ណោះទីក្រុងផ្សេងៗដែលនៅក្បែរទីក្រុងហូជីមិញនោះ ដូចជាខេត្ត Tien Giang និង Long An ក៏សុទ្ធសឹងមានប្រជាជនរស់នៅច្រើនផងដែរ ពោលតំបន់នោះគឺមានប្រជាជនច្រើនបំផុតនៅប្រទេសវៀតណាម។ ហូជីមិញ ត្រូវបានគេស្គាល់ថាជាទីក្រុងមានម៉ូតូរត់នៅតាមផ្លូវច្រើនជាងគេបំផុត ប៉ុន្តែគម្រោងរថភ្លើង Ho Chi Minh City Metro ក៏ត្រៀមនឹងបញ្ចប់ដំណាក់កាលទីមួយនៅឆ្នាំក្រោយនេះផងដែរ ដោយនឹងអាចដឹកជញ្ជូនអ្នកដំណើរបានដល់ ១៦០,០០០ នាក់ក្នុងមួយថ្ងៃ។

៥. ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី

ទីក្រុងកូឡាឡាំពួ ជាទិសដៅទេសចរណ៍ដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាទីក្រុងដែលបានធ្វើទំនើបកម្មមុនគេផងដែរទាំងអគារខ្ពស់ ទាំងមធ្យោបាយដឹកជញ្ជូនរថភ្លើង ផ្លូវអាកាស ផ្លូវក្រោមដី -ល-។ ទីក្រុងមួយនេះមានប្រជាជនរស់នៅចម្រុះជាតិសាសន៍ ក្នុងនោះប្រជាជនម៉ាឡេមានចំនួនប្រហែល ៤៥.៩% ជនជាតិចិនមាន ៤៣% ជនជាតិឥណ្ឌាមានប្រហែល ១០% -ល-។ ក្រុងកូឡាឡាំពួ មានប្រជាជនរស់នៅជិត ៨ លានហើយក្នុងឆ្នាំ ២០២០ ខណៈភ្ញៀវទេសចរណ៍ទទួលបានច្រើនបំផុតនៅឆ្នាំ ២០១៩ ដល់ជិត ១១ លាននាក់។