ផ្សារទួលទំពូង៖ ហេតុអ្វីបានជាជនបរទេសភាគច្រើនស្គាល់ថាជាផ្សាររុស្ស៊ី (Russian Market)?

ទួលទំពូង ជាសង្កាត់មួយនៅរាជធានីភ្នំពេញសព្វថ្ងៃ ដែលមានការអភិវឌ្ឍន៍លំនៅដ្ឋានអាផាតមិន ខុនដូជាច្រើន ជាពិសេសនៅក្បែរតំបន់ផ្សារទួលទំពូង ឬផ្សាររុស្ស៊ីនោះតែម្ដង។ ចុះឈ្មោះផ្សាររុស្ស៊ី Russian Market នេះបានមកពីណា?

តាមពិតទៅខ្មែរយើងនិយមដាក់ឈ្មោះតំបន់ទីតាំង ទៅតាមស្ថានភាពឬសណ្ឋានដីនៅតំបន់នោះ ឧទាហរណ៍សង្កាត់បឹងត្របែក និងផ្សារដើមថ្កូវ ទំនងជាសម្រាប់ចង្អុលបង្ហាញថាតំបន់នោះគឺជាបឹងសម្បូរទៅដោយដើមត្របែក និងមានដើមថ្កូវជាដើម។ ចំណែកឈ្មោះ «ទួលទំពូង» បើស្ដាប់ទៅទំនងជាកាលពីមុនទីនោះជាដីទួល និងសម្បូរទៅដោយរុក្ខជាតិទំពូង ឬតាពូន ដែលគេនិយមប្រើប្រាស់ជាឱសថព្យាបាលជំងឺជាច្រើន មុននឹងក្លាយមកជាទីប្រជុំជនទីក្រុងមកដល់សព្វថ្ងៃ។ 

សម្រាប់ផ្សារទួលទំពូង គឺជាផ្សារតូចចាស់វស្សាដ៏ល្បីល្បាញមួយសម្រាប់ប្រជាជនក្នុងតំបន់ និងជនបរទេសជាច្រើនបានស្គាល់ ហើយស្គាល់វាជាឈ្មោះ Russian Market ដោយសារតែកាលពីទសវត្សឆ្នាំ ១៩៨០ ជនបរទេសជាច្រើនបានមករស់នៅទីនោះ ភាគច្រើនគឺជាជនជាតិសូវៀត ឬជនជាតិរុស្ស៊ីបច្ចុប្បន្ន ដូចនេះផ្សារទួលទំពូងទទួលបានអតិថិជនច្រើនបំផុតពីជនជាតិរុស្ស៊ី (សូមបញ្ជាក់ថា ជនបរទេសបស្ចឹមប្រទេសមកកាន់ប្រទេសកម្ពុជាកាលពីសម័យនោះភាគច្រើនជាជនជាតិរុស្ស៊ី) អញ្ចឹងហើយបានជាជាប់ឈ្មោះផ្សារ Russian Market មកដល់បច្ចុប្បន្ននេះ។

ប្រជាជនខ្មែរ និងជនបរទេសភាគច្រើនបានមកទិញទំនិញផ្សេងៗនៅផ្សារទួលទំពូងដ៏ល្បីល្បាញនេះរួមមាន វត្ថុអនុស្សាវរីយ៍ វត្ថុបុរាណ ចម្លាក់សិល្បៈឈើ រូបបដិមាព្រះ គ្រឿងអលង្កា ប្រាក់ ស្ពាន់ សូត្រ សម្លៀកបំពាក់បែបខ្មែរ ឬនាំចូលពីបរទេស -ល- ចំណែកត្រីសាច់ បន្លែ ផ្លែឈើ ម្ហូបអាហារប្រចាំថ្ងៃភាគច្រើនលក់នៅផ្នែកខាងក្រៅ។