ជាការពិតណាស់ ការងារជាអ្នកបម្រើលើយន្ដហោះ ជាការងារល្អ ទទួលបានបៀវត្សខ្ពស់ និងទទួលបានការតុបតែងខ្លួនស្អាតបាតជានិច្ច ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនបានចាប់អារម្មណ៍ ទៅលើវិសមភាពយេនឌ័ររបស់អ្នកបម្រើលើយន្ដហោះនោះទេ ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនទូទាំងពិភពលោក កំពុងមានទំនោរទៅការជ្រើសរើសអ្នកបម្រើលើយន្ដហោះ (Cabin Crew) ជានារី ប៉ុន្តែកាលពីដំបូងឡើយ អ្នកបម្រើយន្ដហោះគេជ្រើសរើសតែបុរសភេទប៉ុណ្ណោះ។ ការផ្លាស់ប្ដូរនេះ មានមេរៀនធំៗចំនួន ៣ យ៉ាងដែលអ្នកនឹងស្វែងយល់ក្នុងអត្ថបទនេះ។
១. ប្រវត្តិនៃការជ្រើសរើសអ្នកបម្រើលើយន្ដហោះ
ក្រុមហ៊ុនអាកាសចរណ៍បានបង្កើតដំបូងនៅក្នុងឆ្នាំ ១៩០៩ នោះគឺក្រុមហ៊ុន DELAG នៅប្រទេសអាល្លឺម៉ង់ ហើយរហូតដល់ឆ្នាំ ១៩១២ ទើបមានការជ្រើសរើសបុគ្គលិកផ្នែកបម្រើលើយន្ដហោះដើម្បីជួយសម្របសម្រួលអ្នកដំណើរក្នុងការហោះហើរ ជាការងារថ្មីលើវិស័យអាកាសចរណ៍។ នៅពេលនោះ អ្នកបម្រើលើយន្ដហោះគឺត្រូវបានជ្រើសរើសសុទ្ធសឹងតែជាបុរសទាំងអស់ ព្រោះថាគេយកចិត្តទុកដាក់ខ្លាំង ទៅលើជំនួយផ្នែកសុវត្ថិភាព មិនមែនជំនួយបម្រើលើអាហារនិងភេសជ្ជៈ ដូចពេលនេះទេ។ អ្នកដែលបានបម្រើការងារជា Flight attendant បម្រើលើយន្ដហោះដំបូងគេគឺលោក Heinrich Kubis នៅឆ្នាំ ១៩១២។ គេត្រូវរង់ចាំរហូតមកដល់ឆ្នាំ ១៩៣០ ទើបគេឃើញមានអ្នកបម្រើលើយន្ដហោះជាស្ត្រី ហើយស្ត្រីដែលបម្រើលើយន្ដហោះដំបូងគេ គឺកញ្ញា Ellen Church ដែលមានតួនាទីជាគិលានុបដ្ឋាកយិកា។
២. ហេតុអ្វីបានជាស្ដ្រីមានតួនាទីសំខាន់លើការបម្រើយន្ដហោះ?
រលកនៃការផ្លាស់ប្ដូរនេះ បានចាប់ផ្ដើមនៅពាក់កណ្ដាលទសវត្សឆ្នាំ ១៩៩០ ដែលក្រុមហ៊ុនអាកាសចរណ៍មួយចំនួនធំបានសម្រេចជ្រើសរើសបុគ្គលិក Flight attendant ជានារី ដើម្បីទទួលបានអត្ថប្រយោជន៍លើការបម្រើអ្នកដំណើរក្នុង Business Class ភាគច្រើនពេលនោះ គឺនៅជើងហោះហើរអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ការជ្រើសរើសបុគ្គលិកបម្រើលើយន្ដហោះក៏ចាប់ផ្ដើមសម្រិតសម្រាំងទៅលើកម្ពស់ ទំងន់ អាយុ ស្ថានភាពនៅលីវ និងរូបរាងលក្ខណៈសម្បត្តិស្រស់ស្អាតផងដែរ (សូមបញ្ជាក់ផងដែរថា ការជ្រើសរើសបែបនេះ គឺគ្រាន់តែសម្រាប់ភ្ជាប់ទំនាក់ទំនងប្រសើរ និងភាពទាក់ទាញនៃមនុស្សភេទផ្ទុយគ្នាប៉ុណ្ណោះ)។
ផ្នត់គំនិតនេះ បានជាប់មកដល់សព្វថ្ងៃដែលស្ដ្រីលើសពី ៧៥% កំពុងបម្រើការងារលើយន្ដហោះ នៅសហរដ្ឋអាមេរិច ខណៈបុរសមានកាន់តែតិចទៅៗ ធ្វើឲ្យគម្រាតនៃសមភាពយេនឌ័រកាន់តែឆ្ងាយសម្រាប់វិស័យអាកាសចរណ៍។ សម្រាប់ទ្វីបអាស៊ីគេពុំសូវឃើញមានប្រតិកម្មច្រើននោះទេទៅលើរឿងនេះ ហើយអ្នកបម្រើលើយន្ដហោះនៅអាស៊ីភាគច្រើនឃើញមានសុទ្ធតែនារីស្រាប់ទៅហើយតាំងពីដំបូងមក ប៉ុន្តែសម្រាប់នៅទ្វីបអឺរ៉ុបគេចាត់ទុកវាគឺជាផ្លាស់ប្ដូរ និងវិសមភាពយេនឌ័រលើការងារ។
៣. តើក្រុមហ៊ុនអាកាសចរណ៍អាចផ្លាស់ប្ដូរមកដូចដើមវិញទេ?
អស់រយៈពេលជាង ១០០ ឆ្នាំមកហើយដែលក្រុមហ៊ុនអាកាសចរណ៍បានដំណើរការ ជាមួយការងារអ្នកបម្រើលើយន្ដហោះនេះ និងរយៈពេលជិត ៣០ ឆ្នាំមកហើយ ដែលនារីមានឥទ្ធិពលលើការងារបម្រើយន្ដហោះខ្លាំងជាងបុរស។ អញ្ចឹងតើការផ្លាស់ប្ដូរនេះនឹងទៅជាយ៉ាងណានៅពេលខាងមុខ? ជាការពិត តាមការសិក្សាបង្ហាញថាស្ត្រីមានភាពទាក់ទាញច្រើនជាងបុរស ទៅលើកិច្ចការងារទំនាក់ទំនងនិងសេវាកម្ម ដែលធ្វើឲ្យទំនោរនេះកាន់តែរីកចម្រើនទៅ អាចក្លាយទៅជាការរើសអើងមួយក៏ថាបានដែរ។ ឧទាហរណ៍ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក IndiGo Airline ប្រទេសឥណ្ឌា ព្យាយាមលើកទឹកចិត្តដល់ស្ត្រីដែលមានសញ្ជាតិឥណ្ឌា កាន់ប៉ាស្ព័រឥណ្ឌាមានអាយុចន្លោះ ១៨ ទៅដល់ ២៧ ឆ្នាំ ឲ្យដាក់ពាក្យធ្វើការបើទោះជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ក៏ដោយ (ប៉ុន្តែបុរសត្រូវបានបដិសេធ)។ ចំណុចនេះ មានការចាប់អារម្មណ៍ខ្លាំង ហើយសំនួរជាច្រើនបានផុសឡើងថា តើក្រុមហ៊ុនអាកាសចរណ៍កំពុងផ្លាស់ប្ដូរ Business Model? ហើយនៅពេលខាងមុខគេអាចធ្វើអ្វីខ្លះបានខ្លះដើម្បីលើកកម្ពស់ ឬលើទឹកចិត្តអ្នកបម្រើយន្ដហោះជាបុរស? គិតមកទល់ពេលនេះគេគ្មានចម្លើយនោះទេ ប៉ុន្តែការធ្លាក់ចុះការងារសម្រាប់បុរស Flight attendant មានកាន់តែច្រើន។