គន្លឹះមួយចំនួន ក្នុងការជួយឲ្យ ការបំពេញការងារពីផ្ទះរបស់អ្នកទទួលបានភាពជោគជ័យ និងមានប្រសិទ្ធភាព ក្នុងកំឡុងជម្ងឺរាតត្បាតនេះ!

ដើម្បីជាការ ការពារ ទប់ស្កាត់ការរីករាលដាលបន្តទៀតនៃវីរុសផ្លូវដង្ហើមថ្មី COVID-19 នោះ ស្ថាប័នរដ្ឋ និងបណ្តាក្រុមហ៊ុននានានៅជុំវិញពិភពលោក បានចេញវិធានការណ៍ អនុញ្ញាតឲ្យបុគ្គលិករបស់ពួកគេ អាចធ្វើការងារពីផ្ទះបាន បើកប្រជុំតាមអនឡាញ និងអាចផ្ញើការងារទាំងនោះ តាមរយៈអ៊ីនធើណេតជាដើម។

សម្រាប់មនុស្សជាច្រើនបានយល់ថា ការធ្វើការងារពីផ្ទះគឺជារឿង គួរឲ្យចង់បាន និងជារឿងរំភើបចំពោះពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យ គ្មាននរណាម្នាក់នៅចាំឃ្លាំមើល ចាំបង្គាប់បញ្ជាឡើយ។ ពួកគេយល់ថា ការធ្វើការងារពីផ្ទះរបស់ពួកគេ អាចជួយឲ្យគេមានអារម្មណ៍កក់ក្តៅ និងងាយស្រួលជាង។ វាល្អសម្រាប់បុគ្គលនៅលីវមួយចំនួន ប៉ុន្តែសម្រាប់អ្នកខ្លះទៀត វាជាបញ្ហាដ៏ពិបាក និងផ្តល់ហានិភ័យច្រើន ជាពិសេសបើសិនជាពួកគេមានកូនតូចៗនៅក្នុងបន្ទុក ងាយស្រួលនឹងទទួលការរំខានអារម្មណ៍ច្រើន និងផលិតភាពរបស់ពួកគេធ្លាក់ចុះជាដើម ដែលនាំឲ្យយល់ថា ការធ្វើការងារពីផ្ទះមិនល្អសម្រាប់ពួកគេឡើយ។ 

 

សម្រាប់នៅក្នុងអត្ថបទនេះ ក្រុមការងាររបស់យើង នឹងបង្ហាញពីគន្លឹះល្អៗមួយចំនួន សម្រាប់ជម្រុញឲ្យការធ្វើការងារពីផ្ទះ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ជាពិសេសសម្រាប់អ្នកដែលជួបបញ្ហាពិបាកច្រើន នៅក្នុងស្ថានភាពនេះ៖

 

1. រកកន្លែងទំនេរសម្រាប់ធ្វើការ 

 

ទោះបីជានៅផ្ទះរបស់អ្នក មិនមែនដូចនៅក្នុងការិយាល័យក៏ដោយ ប៉ុន្តែការស្វែងរកកន្លែងទំនេរ ឬតុបតែងកន្លែងទំនេរ ឲ្យសមស្របសម្រាប់ធ្វើការបាន គឺជាគន្លឹះក្នុងការជួយឲ្យអ្នកផ្តោតអារម្មណ៍បានល្អជាងមុន និងមិនងាយនឹងបែកអារម្មណ៍ឡើយ។ វាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវរកកន្លែងទំនេរនៅក្នុងផ្ទះដាច់ដោយឡែក ដែលអ្នកអាចអនុវត្តការងាររបស់អ្នក ដោយមិនចាំបាច់ព្រួយបារម្ភអំពីការរំខាន។ វាអាចចំណាយពេលខ្លះ ហើយត្រូវការគិតខ្លះ ដើម្បីរកកន្លែងដែលអាចនឹងរៀបចំទៅ បានប្រហាក់ប្រហែលនឹងរចនាបថនៃការិយាល័យរបស់អ្នក។ វាមិនចាំបាច់ជាបន្ទប់ឯកជនទេ ប៉ុន្តែជាបរិវេណដែលស្ថិតនៅឆ្ងាយពីសាឡុងឬគ្រែគេង ក៏ដូចជាមានទីតាំង នៅជាប់នឹងមាត់បង្អួច កន្លែងដែលមានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

 

2. រៀបចំកាលវិភាគការងារប្រចាំថ្ងៃ

 

ធ្វើបញ្ជីការងារដែលអ្នកត្រូវធ្វើនៅថ្ងៃនីមួយៗ ជារៀងរាល់សប្តាហ៍ ដើម្បីជាការផ្តល់អាទិភាព និងសុពលភាព ដល់កិច្ចការរបស់អ្នក។ វាមិនត្រឹមតែជួយឱ្យអ្នកផ្តោតអារម្មណ៍ប៉ុណ្ណោះទេ តែថែមទាំងជួយការពារអ្នក ពីការពន្យារពេលទៀតផង។ ពិនិត្យមើលបញ្ជី (to-do list) រៀងរាល់ព្រឹក នៅពេលអ្នកចាប់ផ្តើមដំណើរការងារប្រចាំថ្ងៃរបស់អ្នក ហើយចាប់ផ្តើមធ្វើការផ្ទៀងផ្ទាត់វា ឲ្យបានទៀងទាត់ផងដែរ។ វាយតម្លៃរាល់ការងារដែលអ្នកបានធ្វើពេញមួយថ្ងៃ នៅពេលល្ងាច និងរៀបចំបញ្ជីការងារសម្រាប់ថ្ងៃបន្ទាប់។ អ្នកត្រូវប្រាកដថា អ្នកត្រូវតែអនុវត្ត ឲ្យបានជាប់លាប់ តាមបញ្ជីកាលវិភាគរបស់អ្នក។ ប្រសិនបើអ្នកមិនធ្វើតាមបញ្ជីទេ រួចបន្តផ្លាស់ប្តូរផ្នែករបស់ការងារត្រឡប់ទៅមក វាអាចនឹងឲ្យអ្នក ពិបាកក្នុងការសម្រេចចេញជាលទ្ធផលច្បាស់លាស់ ថែមទាំងឲ្យអ្នកឆាប់នឿយហត់ទាំងរាយកាយ ឆាប់ធុញទ្រាន់ និងចុះថយសមត្ថភាពនៃការគិតទៀតផង។

 

3. ជ្រើសសម្លៀកបំពាក់សមរម្យ ហើយមានផាសុកភាព

 

ទោះបីជាអ្នក មិនចង់ស្លៀកសម្លៀកបំពាក់ជាទម្រង់ឯកសណ្ឋានទេ ក៏អ្នកគប្បីពុំគួរធ្វើការជាមួយនឹងខោអាវគេងយប់ដែរ។ វាអាចនឹងឲ្យអ្នករវើរវាយ មានអារម្មណ៍ខ្ជិលច្រើន និងឆាប់ងងុយគេង។ ខោអាវកីឡា ឬក្នុងទម្រង់សម្រាប់ការកម្សាន្តក៏គួរតែជៀសវាងដែរ ដែលវាអាចនឹងឲ្យអ្នកបែកអារម្មណ៍ទៅរកដំណើរកម្សាន្ត និងការដើរលេងតាមកន្លែងផ្សេងៗបាន។ សម្លៀកបំពាក់ដែលគួរតែពាក់ពេលដែលបំពេញការងារនៅផ្ទះ គួរតែជាអាវយឺតស្រាល សូម្បីតែជាមួយខោខូវប៊យស្តើង និងស្បែកជើង Flip-Flop ក៏បាន សំខាន់ឲ្យតែអ្នកមានអារម្មណ៍ថាស្រាល មានផាសុកភាព និងផ្តល់អារម្មណ៍ស្រដៀងនឹងអង្គុយធ្វើការនៅក្នុងការិយាល័យរបស់អ្នក។ 

 

4. បណ្តោយឲ្យកូនតូចលេងអ្វីដែលគេចង់ នៅកន្លែងដែលមានសុវត្ថិភាព និងជិតខ្លួនអ្នក

 

អ្នកអាចនឹងមានអារម្មណ៍មិនមូល សម្រាប់បំពេញការងាររបស់អ្នកឡើយ បើសិនជាអ្នកមានកូនតូចនៅក្នុងបន្ទុកដែលត្រូវមើលថែ។ អ្នកត្រូវប្រាកដថា អ្នកបានរៀបចំ ការមើលថែប្រចាំថ្ងៃរបស់ពួកគេ ឲ្យលេងនៅជិតៗអ្នក និងស្ថិតនៅក្បែរអ្នកជានិច្ចរាល់ពេលដែលអ្នកធ្វើការ ធ្វើបែបនេះ នឹងធ្វើមិនឲ្យអ្នកអាក់ខានក្នុងការបំពេញការងាររបស់អ្នកឡើយ។ ចែកពេលវេលាថែទាំ ឃ្លាំមើលកូនជាមួយនឹង ប្រពន្ធ/ប្តីរបស់អ្នក ឲ្យបានជាប្រចាំ និងរៀងរាល់ថ្ងៃ។ អនុញ្ញាតឲ្យ ក្រុមការងារ បានដឹងពីស្ថានភាពរបស់អ្នក ដែលមានកូនតូចនៅក្នុងបន្ទុកត្រូវថែទាំ ពួកគេនឹងអាចយល់ពីអ្នក នៅពេលការងាររបស់អ្នកត្រូវបានផ្ញើចូលទៅក្នុង Group យឺតយ៉ាវនៅពេលខ្លះជាដើម។ 

 

នៅពេលវីរុសនៅតែបន្តរាលដាលយ៉ាងឆាប់រហ័ស នៅលើកម្រិតមួយរបស់ពិភពលោក ការរៀបចំដំណោះស្រាយ និងការវិវត្តថ្មីឲ្យសមស្របជាមួយនឹងស្ថានភាពមួយនេះ ត្រូវតែមាន។ បុគ្គលិកត្រូវតែរក្សាជំហ៊រ ភាពស្ងប់ស្ងាត់ ក្នុងការប្រាស្រ័យទាក់ទង ជាមួយនឹងក្រុមការងាររបស់ពួកគេ ព្រមទាំងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព និងសុវត្ថិភាពជាចាំបាច់។ តាមដានស្ថានការណ៍ឱ្យបានដិតដល់ ហើយត្រូវប្រាកដថាអ្នកបានត្រៀមខ្លួនទប់ទល់ និងដោះស្រាយរាល់បញ្ហា ដែលអាចកើតមានឡើងនៅក្នុងពេលខាងមុខ។

 

សរុបមក អ្វីដែលប្រសើរបំផុត គឺការរក្សាទំនាក់ទំនង និងមានគំលាតច្បាស់លាស់រវាងជីវិតនៅផ្ទះ និងជីវិតការងារ ទោះក្នុងស្ថានការដែលអ្នកកំពុងធ្វើការពីផ្ទះក៏ដោយ។ ប្រសិនបើអ្នកបានរៀបចំគម្រោងការងារបានល្អ មានទំនាក់ទំនងល្អជាមួយក្រុមការងារ និងអនុវត្តវិន័យតាមការគ្រោងទុកដោយខ្លួនឯងនោះ គ្មានហេតុផលណា ដែលអ្នកមិនអាចគ្រប់គ្រងទំនួលខុសត្រូវ អាជីព និងជីវិតប្រចាំថ្ងៃផ្ទាល់ខ្លួនរបស់អ្នក បាននោះឡើយ។