ទម្លាប់ 10 យ៉ាងដែលកំពុងប៉ះពាល់ផលិតភាពការងាររបស់អ្នក!

ប្រសិនបើអ្នកមានអារម្មណ៍ថាលំបាកទៅៗ ក្នុងផលិតភាពការងាររបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ប្រាកដណាស់អ្នកមិនមានអារម្មណ៍នេះតែម្នាក់ឯងទេ។ ឆ្លងកាត់រឿងរ៉ាវបញ្ហាជាច្រើន ជាក់ស្តែងដូចជានៅក្នុងកាលៈទេសៈ COVID-19 នេះទៀត វាបានប៉ះពាល់ដល់ជីវិតមនុស្សទូទៅនៅជុំវិញពិភពលោក បង្ខំឲ្យមនុស្សមានការភ័យខ្លាច និងត្រូវធ្វើការពីផ្ទះវិញ ដើម្បីជាការទប់ស្កាត់ និងចៀសវាងការបន្តចម្លងវីរុសនេះ ឲ្យកាន់តែរីករាលដាលកាន់តែធំបន្ថែមទៀត។ ការធ្វើការពីចម្ងាយ ឬពីផ្ទះ វាប្រៀបបានដូចជាមជ្ឈដ្ឋាននៃបរិយាកាសធ្វើការថ្មីអញ្ចឹងដែរ សឹងតែគ្រប់យ៉ាងត្រូវបានប្រែប្រួល មិនតែប៉ុណ្ណោះ នៅមានទំនោរសកម្មភាពដែលយើងឧស្សាហ៍ធ្វើជាប្រចាំ ដែលអាចរំខាន និងប៉ះពាល់ដល់ផលិតភាព ការងាររបស់យើងផងដែរ។ 

 

យ៉ាងណាមិញ ទម្លាប់នៃទំនោរសកម្មភាពទាំងនោះ អាចនឹងត្រូវបានផ្លាស់ប្តូរ ប្រសិនបើយើងស្គាល់ និងចាប់ថ្នាក់វាបាន។ ពេលដែលយើងទទួលស្គាល់ថា រាល់អ្វីដែលយើងធ្លាប់ធ្វើ ឬជាទម្លាប់រឿយៗនោះ អាចនឹងប៉ះពាល់ដល់ការងារ និងផលិតភាពការងារ ដល់កម្រិតណានោះ យើងនឹងអាចបញ្ឈប់ ឬកែប្រែវាបាន។ 

 

ខាងក្រោមនេះគឺជាទម្លាប់សាមញ្ញទាំង 10 ដែលកំពុងតែប៉ះពាល់ផលិតភាពការងារ៖

 

1. ការរំខានដោយទូរសព្ទ

 

អ្នកអាចនឹងមិនចាប់អារម្មណ៍ថា ក្នុងមួយថ្ងៃ អ្នកលើកទទួល និងចុចវាប៉ុន្មានដងទេ? ទោះបីជាពេលខ្លះ អ្នកប្រើវានៅក្នុងសកម្មភាពទាក់ទងនឹងការងារក៏ដោយ ក៏ឱកាសដែលវារំខានដល់អារម្មណ៍ផ្តោតលើការងាររបស់អ្នក នៅតែមានជានិច្ច។ វាអាចនឹងទាញអារម្មណ៍អ្នក ចង់ចុចទៅលើកម្មវិធី Social Network ណាមួយ និងចង់ដឹងពីសារដំណឹងនៅក្នុងនោះជានិច្ច ដែលអាចនឹងធ្វើឲ្យអ្នកបែកអារម្មណ៍។ ប្រការដែលល្អ គឺអ្នកត្រូវដាក់វាជា Silent ឬ Mute Mode ព្រមទាំងដាក់វានៅឲ្យឆ្ងាយពីខ្លួនអ្នកបន្តិច ឬនៅជ្រុងម្ខាងនៃតុរបស់អ្នក។ ចាប់ផ្តើមយកវាមកមើល តែពេលម៉ោងសម្រាក ឬនៅពេលដែលមាននរណាម្នាក់ហៅមកកាន់អ្នកបានហើយ។

 

2. បញ្ហាយឺតយ៉ាវ

 

បញ្ហាទម្លាប់យឺត អាចបណ្តាលឱ្យមានភាពប្រថុយប្រថាន និងមិនខ្វល់ពីផែនការដែលបានផ្លាស់ប្តូរ។ វាអាចធ្វើឱ្យអ្នកព្រងើយកន្តើយ និងងាយនឹងជួបគ្រោះថ្នាក់ នៅពេលដែលអ្នកត្រូវបានគេរំពឹងថា ជាទូទៅការងារផ្នែកនោះអាចនឹងមិនទៀងម៉ោង ដែលមិនចាំបាច់អ្នកមកពិនិត្យទាន់ពេលឡើយ ប៉ុន្តែស្ថានការអាចនឹងផ្លាស់ប្តូរដោយអ្នកមើលមិនឃើញ។ ព្យាយាមរៀបចំពេលវេលាឲ្យបានត្រឹមត្រូវ មកឲ្យបានទៀងពេល និងកាន់តែល្អ ប្រសិនបើមកបានមុនពេលដែលបានកំណត់ 15 នាទី ព្រោះវាជាការត្រៀមខ្លួនទុកមុន នូវស្ថានការដែលអាចនឹងផ្លាស់ប្តូរ និងធ្វើឲ្យការងាររបស់អ្នកកាន់តែបានលឿន។

 

3. និយាយពាក្យថា “YES!” ទៅកាន់អ្នកដទៃច្រើនពេក

 

ប្រសិនបើអ្នកមានការលំបាកក្នុងការនិយាយថា “ទេ!” ទៅកាន់អ្នកដទៃ វាក៏មិនមែនជារឿងចម្លែកដែរ។ ទោះយ៉ាងណា វាសំខាន់ណាស់ ដែលត្រូវទទួលស្គាល់ថា តើអ្នកកំពុងតែទាញយកផលប្រយោជន៍ឬលទ្ធផលអ្វីខ្លះ នៅពេលនិយាយថា “Yes” នេះ? ព្រោះថាអ្នកមិនអាចសម្រេចរឿងមួយចំនួនធំ សម្រាប់តម្រូវមនុស្សគ្រប់គ្នាបានឡើយ គឺវាអាចជាមូលហេតុនឹងធ្វើឱ្យមានរឿងអាក្រក់សម្រាប់អ្នកទៅវិញ។ អ្នកគួរតែនិយាយ ការងារខ្ញុំពេញហើយ ខ្ញុំកំពុងតែធ្វើការងារនេះមិនទាន់រួចទេ…. ឬបើសិនជាខ្ញុំបញ្ចប់វាទាន់ ខ្ញុំអាចជួយពិនិត្យមើលបាន ជាដើម។

 

ព្យាយាមបង្កើតជាបញ្ជីការងារដែលត្រូវធ្វើប្រចាំថ្ងៃ ដែលអ្នកអាចពិនិត្យមើលនិងអនុវត្តតាមបានយ៉ាងច្បាស់។ ប្រសិនបើអ្នកមានការលំបាកក្នុងការនិយាយថា “No!” ការដែលអ្នកមានបញ្ជីការងារមួយច្បាស់លាស់ អ្នកអាចបង្ហាញវាទៅកាន់ពួកគេ ឲ្យបានដឹងថា ការងារអ្នកដែលត្រូវធ្វើសម្រាប់ថ្ងៃនេះពេញហើយ មិនអាចធ្វើការងារផ្សេងៗដែលពួកគេស្នើបានឡើយ។ 

 

4. មានបរិស្ថាននៅកន្លែងធ្វើការ មិនល្អ

 

នេះមិនមែនជាទម្លាប់ទេ ប៉ុន្តែវាជាអ្វីដែលអ្នកអាចធ្វើវាឲ្យប្រសើរបាន។ ប្រសិនបើអ្នកមាន តុអង្គុយ ឬបរិវេណធ្វើការរញ៉េរញ៉ៃ នោះឱកាសដែលអ្នកនឹងបំពេញការងារឲ្យអស់ពីលទ្ធភាព ប្រហែលជាមិនមានទេ។ ប្រសិនបើអ្នកអាចធ្វើបាន សូមធ្វើការការបោសសំអាត រក្សានិងរៀបចំបរិវេណរបស់អ្នកឲ្យបានស្អាត មានអនាម័យ មានក្លិនល្អ និងមានរៀបរៀបរយ ក៏ដូចជាមានកន្លែងអង្គុយប្រកបដោយផាសុកភាព។ ចៀសវាងទទួលទានអាហារនៅលើតុរបស់អ្នកប្រសិនបើអ្នកអាច។

 

5. គេងមិនបានគ្រប់គ្រាន់

 

ចំណុចនេះមិនចាំបាច់ណែនាំទេ។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ទេ ចូរធ្វើការលើទម្រង់នៃសកម្មភាពផ្សេងៗ ដែលនឹងជួយឱ្យអ្នកសម្រាក មុនពេលគេង។ ស្វែងរកវិធីសាស្ត្រណា ដែលអាចឲ្យអ្នកគេងលក់បានលឿន គេងបានស្កប់ និងគ្រប់គ្រាន់តាមក្បួនវេជ្ជសាស្ត្រ។

 

6. ស្លៀកពាក់មិនសមរម្យ

 

ប្រសិនបើអ្នកកំពុងធ្វើការពីផ្ទះ ព្យាយាមក្រោកពីគេងរាល់ថ្ងៃឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ហើយស្លៀកពាក់ដូចជាអ្នកនឹងទៅធ្វើការ ឬស្លៀកសំលៀកបំពាក់ណាមានផាសុកភាព។ ភាគច្រើន មនុស្សធ្វើការពីផ្ទះ ឬធ្វើការពីចម្ងាយ តែងតែស្លៀកសំលៀកបំពាក់គេងយប់ ដែលធ្វើឲ្យអារម្មណ៍រវើរវាយ ពិបាកបែងចែក រវាងពេលសម្រាក និងពេលធ្វើការ។

 

7. ពិនិត្យមើលព័ត៌មានញឹកញាប់ពេក

 

ខណៈពេល ដែលការទទួលព័ត៌មានជារឿងល្អ ប៉ុន្តែវាកាន់តែល្អ នៅពេលដែលអ្នកចាប់ដឹងខ្លួនថា អ្នកពិនិត្យមើលវាញឹកញាប់ពេក ដែលនាំឲ្យអារម្មណ៍ការងាររបស់អ្នកមិនមូល និងនាំឲ្យអ្នកធ្លាក់ចុះការគិត និងគុណភាពការងារ។ កំណត់ពេលវេលាក្នុងការពិនិត្យមើលព័ត៌មាន ឬការរាយការណ៍ពីក្នុង Group ការងាររបស់អ្នក (Telegram/Facebook/Line/WhatsApp) អាចនឹងពេលព្រឹកម្តង ឬពេលថ្ងៃត្រង់ ម្តងទៅបានហើយ។

 

8. តែងតែ ធ្វើការងារដដែលៗ មួយរួចៗ យកតែមួយរួចខ្លួន (Sticking in comfort zone)

 

ពេលខ្លះយើងមិនដឹងថា តើយើងស្ថិតនៅ comfort zone បានប៉ុន្មានទេ រហូតដល់ពេលមួយ ដែលមានការផ្លាស់ប្តូរដ៏ធំកើតឡើង ដោយឥតព្រាងទុកមួយ បានមកដល់។ សួរខ្លួនឯងថា តើអ្នកពិតជាមានអារម្មណ៍យ៉ាងណាចំពោះការងាររបស់អ្នកដែលអ្នកកំពុងធ្វើនេះ និងថាតើមានកន្លែងណា ឬផ្នែកណាផ្សេងទៀត ដែលអាចនាំអ្នកឲ្យមានការអភិវឌ្ឍខ្លួនដែរឬទេ? អ្នកមិនចាំបាច់ចាកចេញពីការងារដែលអ្នកកំពុងតែធ្វើទេ ប៉ុន្តែអ្នកអាចពិចារណាស្នើសុំការងារថ្មីៗបន្ថែមទៀត ឬអ្នកស្ម័គ្រចិត្តសម្រាប់គម្រោង ដែលនឹងជំរុញអ្នកទៅមុខ ដែលអ្នកអាចមានអារម្មណ៍ថាអ្នកអាចរៀនពីវាបាន។ ធ្វើបានបែបនេះ ពីមួយឆ្នាំ អ្នកនឹងឃើញពីការវិវត្តរបស់ខ្លួនឯង ក៏ដូចជាផលិតភាពការងាររបស់អ្នកបានកាន់តែល្អ។

 

9. យកចិត្តទុកដាក់ខ្លាំងពេកជាមួយអ្នកដទៃ

 

មិនថាអ្នកកំពុងស្វែងរក ការទទួលយក ការឲ្យតម្លៃ ជួយយកអាសារ ការគោរពសិទ្ធិ និងភាពស្មោះត្រង់ពីមិត្តរួមការងារក៏ដោយ ក៏ប៉ុន្តែអ្នកមិនអាចដឹងថាពួកគេទាំងអស់នោះមានគំនិតដូចអ្នកដែរឬក៏អត់ឡើយ។ ពេលខ្លះអ្នកអាចនឹងជួយសម្រួលការងារគេ នៅពេលដែលគេត្រូវការជំនួយ ទាំងដែលអ្នកមិនទាន់បានបញ្ចប់ការងារខ្លួនឯងរួច ប៉ុន្តែចុងក្រោយពេលដែលការកំណត់មកដល់ បញ្ហាគឺធ្លាក់ធ្ងន់មកលើខ្លួនអ្នកទៅវិញទេ។ វាជាការល្អណាស់ ដែលអ្នកមានទំនាក់ទំនងជាមួយមិត្តរួមការងាររបស់អ្នក។ ប៉ុន្តែប្រសិនបើទំនាក់ទំនងនោះ កំពុងរារាំងអ្នកក្នុងការធ្វើភាពជាខ្លួនឯង ដល់ពេលត្រូវវាយតម្លៃ និងគិតឡើងវិញហើយ។ ត្រូវគិតពីខ្លួនឯងមុនគេបង្អស់ មុននឹងគិតដល់អ្នកដទៃ។

 

10. មិនទុកចិត្តខ្លួនឯង

 

ការមិនទុកចិត្ត ឬសង្ស័យខ្លួនឯងអាចពិបាក ក្នុងការបញ្ឈប់អារម្មណ៍នេះណាស់ ប៉ុន្តែមានរឿងមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីកសាងទំនុកចិត្តរបស់អ្នក។ ឧទាហរណ៍ធ្វើបញ្ជីរបស់អ្វីដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ។ បន្ទាប់មកនៅចុងបញ្ចប់នៃថ្ងៃ មុននឹងបញ្ចប់ការងារ សូមក្រឡេក និងពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានធ្វើរួចក្នុងថ្ងៃនេះ។ គិតពីអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើទោះបីជាវាតូចក៏ដោយ នោះនៅពេលដែលអ្នកប្រគល់ការងារដែលធ្វើរួចទៅកាន់ មេផ្នែក ឬថ្នាក់ដឹកនាំរបស់អ្នក អ្នកនឹងមិនមានអារម្មណ៍មិនទុកចិត្តពីអ្វីដែលអ្នកបានធ្វើទៀតឡើយ។

 

និយាយជារួម កុំព្យាយាមដាក់សំពាធលើខ្លួនឯងខ្លាំងពេក។ ស្នើសុំពេលវេលាខ្លួនឯង ឬមេផ្នែករបស់អ្នក ក្នុងការវាយតម្លៃនិងមើលការងារដែលអ្នកកំពុងធ្វើ។ ពិចារណាពីអ្វី ដែលអ្នកអាចធ្វើ ដែលនឹងអាចពិបាក ឬថ្មីខ្លាំងសម្រាប់អ្នក ប៉ុន្តែក៏អាចជួយអ្នករៀនពីវាបានផងដែរ។ អនុវត្តតាមចំណុចទាំង 10 នេះ ផលិតភាពការងាររបស់អ្នកនឹងបានកាន់តែប្រសើរ។