នៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ មានក្រុមហ៊ុនអាកាសចរណ៍ច្រើនខ្លាំងណាស់ដែលបានខាតបង់ទៅលើជើងហោះហើរដឹកអ្នកដំណើរ ដោយសារតែការអនុវត្តគោលការណ៍ស្នាក់នៅផ្ទះ ហាមឃាត់ការធ្វើដំណើរ ការបិទច្រកទ្វារព្រំដែន -ល-។ ដោយឡែកសម្រាប់ដឹកជញ្ជូនទំនិញផ្លូវអាកាសវិញ គេសង្កតឃើញថាវាកំពុងមានដំណើរការច្រើនជាងជើងដឹកអ្នកដំណើរ និងជួយសម្រួលទៅដល់ការដឹកជញ្ជូនមួយផ្នែកធំ ជាពិសេសសម្ភារៈបរិក្ខារ និងវត្ថុធាតុដើមចាំបាច់ៗ ព្រោះវាមានភាពរហ័សជាងតាមផ្លូវទឹក (ផ្លូវទឹកក៏ចាប់ផ្ដើមថយដំណើរការ)។ ឧទាហរណ៍ជាក់ស្ដែង ប្រទេសចិនបានបញ្ជូនក្រុមវិជ្ជសាស្ត្រ រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រដល់កម្ពុជាសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ គឺតាមផ្លូវអាកាសទាំងអស់។

អញ្ចឹងថ្ងៃនេះយើងនឹងមកស្វែងយល់ព័ត៌មានមួយចំនួនទាក់ទងនឹងយន្ដហោះដឹកទំនិញ។ ប៉ុន្តែជាដំបូងសូមបញ្ជាក់ថា យន្ដហោះដឹកទំនិញមានច្រើនប្រភេទណាស់ ថែមទាំងមានរូបរាងខាងក្រៅស្រដៀងនឹងយន្ដហោះអ្នកដំណើរផងដែរ គ្រាន់តែយើងអាចកក់សម្គាល់ឃើញថា យន្ដហោះទាំងនោះមិនមានបង្ហួចសងខាងច្រើនដូចយន្ដហោះដឹកអ្នកដំណើរទេ។
១. ក្រុមហ៊ុនជាច្រើន ងាកមកការដឹកជញ្ជូនតាមយន្ដហោះដឹកទំនិញវិញ
មានហេតុផល ២ យ៉ាងដែលក្រុមហ៊ុនជាច្រើន ចាប់ផ្ដើមប្រើប្រាស់យន្ដហោះដឹកជញ្ជូនទំនិញជាជាងការប្រើប្រាស់កប៉ាល់ផ្លូវទឹក។ ទីមួយ តាមផ្លូវទឹកនិងកំពង់ផែជាច្រើនត្រូវបង្អាក់សកម្មភាពដោយវិបត្តិកូវីដ-១៩ ទំនិញមិនបានចេញចូលច្រើនដូចមុននោះទេ ដូចនេះមានតែយន្ដហោះដឹកទំនិញប៉ុណ្ណោះដែលអាចអោយផ្លូវអាកាស និងអាកាសយានដ្ឋានទទួលបានចំណូល។ ទីពីរ ទោះជាមានការបិទច្រកព្រំដែនគោក និងព្រំដែនទឹកក៏ដោយ ប៉ុន្តែជំនួញអាជីវកម្ម និងទំនិញឆ្លងប្រទេសមួយចំនួននៅតែមានសកម្មភាពមិនអាចផ្ដាច់នោះទេ ដូចនេះបានជាអាជីវកម្មខ្លះសុខចិត្តចំណាយលុយច្រើនដើម្បីដឹកទំនិញតាមផ្លូវអាកាស។ លើសពីនេះទៀត ការដឹកទំនិញតាមផ្លូវអាកាសក្រុមហ៊ុនក៏បានចំណេញច្រើនផងដែរ ដោយយន្ដហោះមិនត្រូវការបម្រើសេវាកម្មអាហារ ភេសជ្ជៈ ហើយមិនចាំបាច់ម៉ាស៊ីនត្រជាក់ ឬកម្ដៅ និងការកម្សាន្ដផ្សេងៗ។

២. តើយន្ដហោះប្រភេទណា ដែលសាកសមសម្រាប់ដឹកទំនិញបំផុត?
ការជ្រើសរើសប្រភេទយន្ដហោះដឹកទំនិញ អាចនឹងមានហានិភ័យគ្រោះថ្នាក់ជាងការជ្រើសរើសប្រភេទយន្ដហោះដឹកអ្នកដំណើរ ជាពិសេសប្រសិនបើការផ្ទុកទំនិញមិនត្រឹមត្រូវតាមស្ដង់ដារ ព្រោះយន្ដហោះដឹកទំនិញមានប្រភេទនិងទំហំខុសៗគ្នា មិនដូចយន្ដហោះដឹកអ្នកដំណើរដែលមានកៅអី និងកំណត់ទម្ងន់អីវ៉ាន់ស្រាប់ៗនោះទេ។ យន្ដហោះដឹកទំនិញពេញនិយមជាងគេគឺប្រភេទ Airbus A380 ដែលល្អបំផុតសម្រាប់ដឹកទំនិញកម្រិតមធ្យម សមល្មមសម្រាប់ចេញមួយជើងៗ ព្រោះវាមានសមត្ថភាពហោះហើរបានឆ្ងាយ និងរឹងមាំ មានលំនឹងធនជាមួយអាកាសធាតុ។ យ៉ាងណាមិញ យន្ដហោះនេះក៏មានទម្ងន់ធ្ងន់ស្រាប់ផងដែរ និងមានទំហំមិនសូវធំទូលាយដឹកបានច្រើននោះទេ។

៣. តើយន្ដហោះប្រភេទណាដែលដឹកបានច្រើនជាងគេ?
ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនធំៗ ដែលត្រូវការដឹកទំនិញឆ្លងប្រទេសឆ្ងាយ និងមានទំនិញច្រើននោះ ប្រភេទយន្ដហោះដែលល្អបំផុតគឺ Antonov An-225 Mriya។ យន្ដហោះនេះមានការឌីស្សាញរបស់វាត្រូវបានយកគម្រូវតាមយានអាវកាសរបស់សហភាពសូវៀតកាលពីកំឡុងឆ្នាំ ១៩៨០ ជាមួយការបំពាក់ម៉ាស៊ីន GE9X ចំនួន ៦ គ្រឿងដែលមានអនុភាពខ្លាំង អាចធ្វើឲ្យយន្ដហោះនេះអាចផ្ទុកទំនិញបានដល់ទម្ងន់ធ្ងន់បំផុត ៦៤០,០០០ គីឡូក្រាម។ យ៉ាងណាមិញ យន្ដហោះប្រភេទនេះស៊ីប្រេងច្រើនខ្លាំង ដោយគេបង្ហាញថាវាអាចហោះបានក្នុងចម្ងាយប្រហែល ៥,០០០ គីឡូម៉ែត្រប៉ុណ្ណោះ ដែលជិតជាងប្រភេទយន្ដហោះដឹកអ្នកដំណើរ Boeing 737 ទៅទៀត។

៤. តើប្រភេទយន្ដហោះដឹកទំនិញ មានការប្រកួតប្រជែងយ៉ាងណា?
ដូចបានរៀបរាប់កាលពីអត្ថបទមុនអញ្ចឹង ក្រុមហ៊ុនដែលផលិតយន្ដហោះធំៗនិងប្រជែងគ្នាបំផុតគឺមានតែក្រុមហ៊ុន Airbus និង Boeing ប៉ុណ្ណោះ ហើយជាក់ស្ដែងចំពោះយន្ដហោះដឹកអ្នកដំណើរគឺ Airbus កំពុងឈានមុខ Boeing ក្នុងរយៈពេលចុងក្រោយនេះ ជាមួយការលក់ចេញបានច្រើនជាង។ ដោយឡែកសម្រាប់យន្ដហោះដឹកទំនិញវិញ ប្រភេទយន្ដហោះកម្រិតមធ្យមគេមាន Boeing 747 និង Boeing 777 ដែលពេញនិយមលក់ដាច់បំផុត ហើយ Boeing 767 សម្រាប់ខ្នាតតូច។ ចំណែកក្រុមហ៊ុន Airbus មានប្រភេទ Airbus A330 និង A380 ជាយន្ដហោះកម្រិតមធ្យមដែលលក់ចេញបានច្រើន។ យ៉ាងណាមិញ ប្រភេទយន្ដហោះដឹកទំនិញ Airbus A350s មិនទាន់ចេញជាផ្លូវការទេ ដោយសារក្រុមហ៊ុនដឹកជញ្ជូនកុម្ម៉ង់និងផ្ដល់គំនិតក្នុងការសាងសង់ ចំណែកឯក្រុមហ៊ុន Boeing វិញទើបតែបញ្ចេញ Boeing 787 Cargo ជាម៉ូឌែលថ្មីសម្រាប់លក់ជូនក្រុមហ៊ុនដឹកជញ្ជូន។
