រមណីយដ្ឋាន និងសណ្ឋាគារនៅវៀតណាម មួយចំនួន ត្រៀមបើកទ្វារទទួលភ្ញៀវឡើងវិញនៅក្នុងខែនេះ

វៀតណាម៖ រមណីយដ្ឋាន ក៏ដូចជាសណ្ឋាគារជាច្រើន បន្ទាប់ពីបិទទ្វារជាបណ្ដោះអាសន្ន ស្ថិតក្នុងស្ថានភាពស្រុកទេសមានវិបត្តិ ជុំវិញការរីករាលដាល និងឆ្លងនៃវីរុសកូវីដ ១៩ ធ្ងន់ធ្ងរកាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ គ្រោងនឹងបើកដំណើរការជាបណ្ដើៗវិញហើយ បន្ទាប់ពីស្ថានការណ៍នៃប្រទេសវៀតណាមបានធូស្បើយឡើងវិញច្រើន។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាមបានឱ្យដឹងថា រមណីយដ្ឋាន ក៏ដូចជាសណ្ឋាគារមួយចំនួននៅវៀតណាមគ្រោងនឹងបើកដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារ ខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីពេលកន្លងទៅ។ ការចាប់ផ្ដើមបើកដំណើរការឡើងវិញនេះ ត្រូវបានបញ្ជាក់បន្ថែមដោយលោក Mauro Gasparotti អគ្គនាយកនៃសណ្ឋាគារ Savills Hotels Asia Pacific ប្រចាំនៅប្រទេសវៀតណាម ដែលបានឱ្យដឹងថា ការបើកដំណើរការឡើងវិញនេះ គឺស្ថិតនៅការចាប់ផ្ដើមឡើងវិញ នៅពេលភ្ញៀវទេសចរណ៍ទាំងស្រុងត្រូវបានបាត់បង់ ខណៈប្រទេសជាច្រើនបានបិទការហោះហើរ ឬដាក់ប្រទេសក្នុងភាពអាសន្ន ធ្វើឱ្យចរន្តទេសចរណ៍ជាអន្តរជាតិ និងជាតិធ្លាក់ចុះយ៉ាងគំហុក។

ជាមួយគ្នានេះដែរ លោកអគ្គនាយក បានប្រាប់ឱ្យដឹងថា ការបើកដំណើរការឡើងវិញលើកនេះ នឹងទាមទាររយៈពេលខ្លីបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដោយគោលដៅដំបូង គឺភ្ញៀវទេសចរណ៍ជាតិសិន ដោយរួមបញ្ចូលជាមួយនឹង Promotion ពិសេសៗ បន្ថែមទៀត។ ម្យ៉ាងវិញទៀត ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅវៀតណាម ក៏ពឹងផ្អែកទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងភាពធូស្រាលនៃការឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ ផងដែរ ដែលនឹងធ្វើឱ្យការអនុវត្ត គម្លាតសង្គម (Social Distancing) មានភាពប្រសើរឡើង ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរកំសាន្តនៅក្នុងផ្ទៃប្រទេសឡើងវិញបន្តិចម្ដងៗ។

ក្រៅពីប្រជាជនវៀតណាមផ្ទាល់ វៀតណាមនឹងបើកទទួលភ្ញៀវទេសចរណ៍ពីចិន និងកូរ៉េខាងត្បូងមុនគេ ដែលជាគោលដៅចំបង និងធ្លាប់ជាភ្ញៀវទេសចរណ៍ធំរបស់វៀតណាម មុនពេលវិបត្តិសកលកើតមានឡើង។ វៀតណាមរំពឹងថា វិស័យទេសចរណ៍របស់ខ្លួន នឹងមានភាពល្អប្រសើរឡើងវិញ នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ បើស្ថានការណ៍ នៃវីរុសកូវិដ ១៩ មានភាពធូស្បើយ ដែលនឹងលើកសេដ្ឋកិច្ចឡើងវិញទៀតផង៕