យើងបានដឹងរួចមកហើយថា ប្រទេសចិនជាប្រទេស ដែលសំបូរទៅដោយសំណង់អគារខ្ពស់ៗកប់ពពក ច្រើនជាងបណ្តាប្រទេសដទៃនៅលើពិភពលោក ប៉ុន្តែពេលនេះ ប្រហែលជាងារនេះ នឹងមិនអាចបន្តនៅពេលអនាគតទៀតឡើយ បន្ទាប់ពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាលចិន នឹងដាក់កម្រិតនៅលើការសាងសង់អគារខ្ពស់ថ្មីៗ ដែលគោលនយោបាយនេះ ក៏បានហាមឃាត់ជាផ្លូវការ ទៅលើសំណង់ស្ថាបត្យកម្ម ដែលចម្លងរចនាបថ (copycat) តាមគ្នាទៀតផង។

ការហាមឃាត់លើស្ថាបត្យកម្ម copycat មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ហើយបទបញ្ញត្តិនេះក៏ធ្វើតាម ការណែនាំដ៏មានប្រសិទ្ធិភាព កាលពីបួនឆ្នាំមុនផងដែរ។ សេចក្តីថ្លែងការណ៍ថ្មី ដែលចេញផ្សាយដោយក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីប្រជុំជន របស់ប្រទេសចិននិយាយថា “ការលួចចម្លង ការក្លែងបន្លំ និងទម្រង់នៃរចនាបថចម្លងតាមគេ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត។”

ការផ្លាស់ប្តូរនៃការស្ថាបនាអគារខ្ពស់គឺពិតជាមានសារៈសំខាន់។ ក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុង បាននិយាយថាអគារខ្ពស់ៗ ដែលមានកម្ពស់ខ្ពស់ជាង 500 ម៉ែត្រ (1,640 ហ្វីត) ដូចជា Shanghai Tower នឹងមិនត្រូវបានអនុញ្ញាតឲ្យមានការសាងសង់ទៀតទេ។ ប៉មដែលមានកម្ពស់ជាង 250 ម៉ែត្រ (820 ហ្វីត) នឹងត្រូវបាន "ស្ថិតនៅក្នុងក្របខណ្ឌច្បាប់យ៉ាងតឹងរឹងបំផុត" ផងដែរ ហើយអ្វីដែលត្រូវបានគេគិតថាចាំបាច់បំផុត នឹងត្រូវពិនិត្យឡើងវិញនូវគម្រោងថ្មីៗយ៉ាងដិតដល់។

សេចក្តីថ្លែងការណ៍មួយបានលើកឡើងថា “ជាទូទៅអគារថ្មីដែលមានកម្ពស់ជាង 500 ម៉ែត្រ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់ឡើយ។ ប្រសិនបើក្នុងលក្ខខណ្ឌនៃការសាងសង់ពិសេស ត្រូវបានគេត្រូវការ នៅកន្លែងផ្សេងៗ នោះដំណើរការសាងសង់ និងការពិនិត្យយ៉ាងតឹងរឹងត្រូវបានអនុវត្ត ទៅលើការការពារអគ្គីភ័យ ភាពធន់នឹងរញ្ជួយ និងបច្ចេកវិទ្យានៃការសន្សំថាមពល គួរតែត្រូវមាននៅក្នុងកំឡុងពេលធ្វើគម្រោង និងនៅពេលចាប់ផ្តើមសាងសង់។”

រហូតមកដល់ពេលនេះអត្រានៃការសាងសង់អាគារខ្ពស់ៗ នៅប្រទេសចិន ទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខណៈអគារខ្ពស់ជាងគេនៅលើពិភពលោកលេខមួយបានទៅ Burj Khalifa មានទីតាំងនៅទីក្រុងឌូបៃ ប្រទេសចិនកំពុងកាន់តំណែងទី 2, ទី 4, ទី 7, ទី 9 និងទី 10 នៃចំណាត់ថ្នាក់សំណង់អគារខ្ពស់ជាងគេបំផុត។ ជាការពិតណាស់ យោងតាមចំណាត់ថ្នាក់ផ្លូវការរបស់ CTBUH (Council on Tall Buildings & Urban Habitat) បានបង្ហាញឲ្យដឹងថា អគារទាំង 11 ក្នុងចំណោមអគារខ្ពស់ៗទាំង 20 នៅលើពិភពលោក មានទីតាំងនៅប្រទេសចិន។ នៅក្នុងទស្សនៈនេះដែរ សហរដ្ឋអាមេរិកមានតែអគារមួយប៉ុណ្ណោះ នោះគឺមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (One World Trade Center) និងអឺរ៉ុបក៏មានតែមួយអគារដែរនៅក្នុងចំណាត់ថ្នាក់អគារខ្ពស់ជាងគេ នោះគឺ Lakhta Center។

បទនៃការពន្យល់ សម្រាប់ការសម្រេចចិត្តរបស់រដ្ឋាភិបាលចិននេះ គឺមិនសូវជាមានភាពច្បាស់លាស់ខ្លាំងទេ ប៉ុន្តែសេចក្តីថ្លែងការណ៍បង្ហាញពីតម្រូវការ ក្នុងការពង្រឹងការគ្រប់គ្រងលក្ខណៈស្ថាបត្យកម្មបន្ថែមទៀត និងដើម្បីសាងសង់អគារលើទម្រង់ "សេដ្ឋកិច្ច ធម្មជាតិបៃតង និងភាពស្រស់ស្អាត" ដែលតំណាងឱ្យដួងព្រលឹងខាងក្នុងនៃទីក្រុង តំណាងឲ្យរចនាបថផ្លាស់ប្តូរទៅតាមពេលវេលា និងពីអត្តសញ្ញាណដើមរបស់ចិន។
ពេលវេលាអាចនឹងប្រាប់ថា តើគោលនយោបាយថ្មី នឹងត្រូវបានអនុវត្តយ៉ាងតឹងរឹង ឬអាចនឹងមានករណីលើកលែងពិសេសណាមួយនៅក្នុងនោះដែរឬអត់? ទោះបីមានអ្វីកើតឡើងក៏ដោយ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះ នៃសំណង់អគារខ្ពស់ៗ គួរឱ្យចាប់អារម្មណ៍បំផុត នៅលើពិភពលោក អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ដែលវាជាការពិតមិនអាចប្រកែកបាន។

រង់ចាំមើលបន្តទៀត តើនៅក្នុងពេលអនាគត សំណង់ស្ថាបត្យកម្មរបស់ចិន នឹងវិវត្តដល់កម្រិតណា ហើយនឹងមានសំណង់ថ្មីៗណាខ្លះ ដែលអាចដណ្តើមតំណែងថ្មីរបស់ចិន នៅក្នុងបញ្ជីអគារខ្ពស់បំផុតរបស់ពិភពលោក?