កាស៊ីណូ ក្នុងប្រទេសកម្ពុជា មានទីផ្សារខ្លាំងនៅតំបន់ច្រកព្រំដែន និងក្រុងព្រះសីហនុ!

ក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍន៍នៃកាស៊ីណូរីកចម្រើនមិនចាញ់ប្រទេសដទៃទៀតឡើយ ដោយយើងទើបតែបានឃើញក្រុមហ៊ុន NagaCorp បញ្ចេញគម្រោង Naga 3 ចំណាយទឹកប្រាក់ជិត ៤ ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ។ បើក្រលេកមើលទៅឆ្នាំ ២០១៨ វិញ យើងឃើញថា មានការកើនឡើងកាស៊ីណូចំនួន ៥២ កន្លែង (ស្មើរនឹងការកើន ៥៣%) ដែលកាលពីឆ្នាំ ២០១៧ កាស៊ីណូមានត្រឹមតែ ៩៨ កន្លែងប៉ុណ្ណោះ ប៉ុន្តែនៅដំណាច់ឆ្នាំ ២០១៨ ប្រទេសកម្ពុជាមានកាស៊ីណូឡើងដល់ ១៥០ កន្លែង។ ហើយនៅក្នុងកាស៊ីណូចំនួន ១៥០ កន្លែងនោះ ភាគច្រើនគឺកាស៊ីណូរីកចម្រើនខ្លាំងនៅតំបន់ជាប់សមុទ្រ គឺក្រុងព្រះសីហនុ និងនៅតាមតំបន់ជាប់ព្រំដែន និយាយឲ្យខ្លីគឺនៅច្រកព្រំដែនប៉ោយប៉ែត និងបាវិត ក៏កើនខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

លោក រស់ ភិរុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងក្រុងព្រះសីហនុតែមួយប៉ុណ្ណោះ មានកាស៊ីណូដល់ទៅ ៨៨ កន្លែងទៅហើយ ប្រហាក់ប្រហែល ៦០% នៃចំនួនកាស៊ីណូសរុបក្នុងប្រទេសកម្ពុជា ហើយពួកគេត្រូវបង់អាជ្ញាប័ណ្ណចំនួន ៤០,០០០ ដុល្លារក្នុងមួយឆ្នាំៗ ដែលរកចំនួនយ៉ាងច្រើនដល់សេដ្ឋកិច្ចនៃខេត្តនោះ។ លើសពីនេះ ក្នុងតំបន់កាស៊ីណូ ក្រុងព្រះសីហនុក៏រីកចម្រើននូវសំណង់យ៉ាងច្រើនផងដែរ ដូចជា សណ្ឋាគារ អគារការិយាល័យ ខុនដូ ភោជនីយដ្ឋាន និងហាងលក់សំម្ភារៈគ្រឿងទេសនានា (Shopping Mall) ហើយអតិថិជនភាគច្រើនគឺជាជនជាតិចិន និងបានជំរុញឲ្យអចលទ្រព្យក្នុងទីក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក។

ដោយឡែកចំពោះតំបន់ព្រំដែនវិញ ការកើនឡើងនូវកាស៊ីណូក៏មិនតិចដែរ ជាក់ស្ដែងនៅក្រុងប៉ោយប៉ែត ទទួលបានការវិនិយោគកាស៊ីណូពីក្រុមហ៊ុនធំៗជាច្រើន ដែលគេរំពឹងថាក្រុងប៉ោយប៉ែតអាចរកចំណូលពីកាស៊ីណូដល់ទៅ ៤០០ លានដុល្លារឯណោះ។ ក្រុងបាវិត និងក្រុងប៉ោយប៉ែត មានតថភាពប្រហាក់ប្រហែលគ្នា ដោយការកើនឡើងកាស៊ីណូតំបន់នោះ ដោយសារតែច្បាប់របស់ប្រទេសថៃ និងប្រទេសវៀតណាមមិនអនុញ្ញាតិឲ្យបើកកាស៊ីណូនៅច្រកព្រំដែននោះទេ ដែលជាហេតុធ្វើឲ្យទីក្រុងទាំង ២ ទទួលបានអត្ថប្រយោជន៍ពីនោះ។ លើសពីនេះ ទីក្រុងទាំង ២ ខាងលើក៏ជាតំបន់វិនិយោគដ៏សំខាន់ផងដែរ បន្ទាប់ពីប៉ូលទាំងបី ក្នុងប្រទេសកម្ពុជា ដែលគេហៅថាជាតំបន់សេដ្ឋកិច្ចពិសេស ហើយតម្លៃដី និងផ្ទះ ក៏មិនចាញ់ទីក្រុងភ្នំពេញប៉ុន្មានដែរ។