ព្រះសីហនុ៖ ឆ្នេរអូរត្រេះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាត និងមានទេសភាពត្រកាល នឹងទទួលបានការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ស្របទៅតាមគម្រោង និងចក្ខុវិស័យរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់រដ្ឋបាលនៃខេត្តព្រះសីហនុផ្ទាល់ ស្របពេលហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងព្រះសីហនុកំពុងដំណើរការ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

តាមរយៈកិច្ចប្រជុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ជាមួយនឹងប្រតិភូរាជរដ្ឋាភិបាល អភិបាលរងខេត្ត ស្រុក ខណ្ឌ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នឹងមន្ត្រីទទួលបន្ទុកជាច្រើនផ្សេងទៀត កាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា ឆ្នេរអូត្រេះ២ ដែលមានប្រវែង ១,៧៤៦ ម៉ែត្រ នឹងទទួលបានការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីចូលរួមក្នុងការបង្កើនសោភណ្ឌភាពទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកំសាន្តកាន់តែច្រើនកុះករ។ គម្រោងអភិវឌ្ឍន៍ឆ្នេរអូត្រេះពីរនេះ នឹងធ្វើឡើង ដោយឈរក្នុងគោលបំណង ការពារបរិស្ថានធម្មជាតិ សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងលើកកម្ពស់ទៅដល់សេវាកម្ម និងផលិតកម្មផ្សេងៗ ក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពល្អប្រសើរឡើងរួមមានដូចជា៖
១. ក្រាលការ៉ូឡាកន្លែងចតរថយន្ត
២. រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ
៣. ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង
៤. តំឡើងបង់អង្គុយលេង
៥. សាងសង់បន្ទប់ទឹកថ្មី
៦. រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់
៧. រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ
៨. រៀបចំសួនកុមារ
៩. ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន ដែលទទួលខុសត្រូវក្នុងគម្រោងអភិវឌ្ឍន៍នោះ ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែងប្រមាណ ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណ: បំរើឱ្យសាធារណ:ជន បន្ថែមទៀត។ ការសិក្សារៀបចំឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ ការរៀបចំគម្រោងអភិវឌ្ឍន៍នេះ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ហើយនៅពេលការស្ថាបនា ផ្លូវទាំង ៣៤ ខ្សែនៅក្រុងព្រះសីហនុរួចរាល់ នឹងបង្ករឱ្យមានភាពងាយស្រួលទៅដល់ការធ្វើដំណើរបន្ថែមទៀត៕



ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ