ការទទួលចំណូលច្រើនបំផុតពីវិស័យកាស៊ីណូនៅក្នុងម៉ាកាវ បានឈានមុនទីក្រុង Las Vegas ទៅទៀត ប្រហែលជា ៣ ដឯណោះ។ ចំណែកការរីកចម្រើន នៃសំណង់កាស៊ីណូនៅម៉ាកាវក៏ខ្លាំងផងដែរ ជាក់ស្ដែងកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន MGM China បានបោះទុន ៣.៤ ពាន់លានដុល្លារសម្រាប់វិនិយោគសាងសង់ស្ថានសួគ៌នៃកាស៊ីណូបន្ថែមទៀត ក្នុងនោះក៏មានការសម្ពោធ MGM Cotai ផងដែរ ដោយរំពឹងថានឹងទទួលបានចំណូលចាប់ពី ៤៣០ ទៅដល់ ៧៨០ លានដុល្លារក្នុងមួយឆ្នាំនៅរយៈពេល ១០ ឆ្នាំក្រោយ។
ទើបតែបើកដំណើរការបានមួយឆ្នាំប៉ុណ្ណោះ MGM Cotai រីកចម្រើនគួរឲ្យកក់សម្គាល់ ទាក់ទាញមហាសេដ្ឋីប្រាក់លាន និងមហាសេដ្ឋីប្រាក់ពាន់លាន បានរាប់ពាន់នាក់មកជះលុយនៅក្នុងនោះជារៀងរាល់ខែ ធ្វើឲ្យចំណូលនៃវិស័យទេសចរណ៍កាស៊ីណូ រីកចម្រើនកាន់តែខ្លាំងនៅម៉ាកាវ។ ទន្ទឹងនឹងនេះ MGM Cotai ក៏ទទួលការចាប់អារម្មណ៍ខ្លាំងផងដែរលើស្ថាបត្យកម្មសំណង់នេះ ថែមទាំងបំបែកកំណត់ត្រាពិភពលោក Guinness World Records ថ្មីៗនេះទៀតផង ទៅលើសំណង់ដំបូងខាងលើធំទូលាយបំផុត និងគ្មានដាំបង្គោលសសរឡើយ។
MGM Cotai បានសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់ ៣៧ លានដុល្លារ ដែលស្ថាបត្យកម្មរបស់គេប្លែក ប្រៀបដូចជាការលើកប្រអប់ដាក់លើគ្នាអញ្ចឹង សំណង់នេះគេហៅថា Jewelry Box ថែមទាំងមានចន្លោះដាច់ពីគ្នាតាមហុងស៊ុយចិនទៀតផង។ MGM Cotai មានកម្ពស់ ៣៥ ជាន់ដែលផ្ទុកទៅដោយ បន្ទប់កាស៊ីណូចំនួន ១,៣៩០ បន្ទប់, មានរ៉េស៊ីដង់ Skylofts ចំនួន ១៨ សម្រាប់ការប្រជុំនានា នៅជាន់ទី ៣៣ ដល់ ៣៥, មាន Mansion Villas ចំនួន ២៧ កន្លែង, មានសាល Ballroom ទំហំ ៩,០០០ ហ្វីតការ៉េ ដែលផ្ទុកមនុស្សបានដល់ ១,០០០ នាក់, និងចុងក្រោយគឺមាន MGM Theatre តម្លៃ ១០ លានដុល្លារដែលមានផ្ទុកមនុស្សបានដល់ ២,០០០ នាក់សម្រាប់កម្មវិធីធំៗ។
ចំណែកកន្លែងដែធ្វើឲ្យវាជាប់កំណត់ត្រាពិភពលោក Guinness World Records គឺនៅតំបន់ខាងលើ ដែលគេឃើញថាសំណង់បែបនេះ មិនងាយមានឡើយ នៅខាងលើដែលមានទីធ្លារ ៨,០៧៣ ហ្វីតការ៉េ និងមានកម្ពស់ ៣៧ ម៉ែត្រ សាងសង់ដោយធ្នឹមខាងលើជាដែកថែប ៤,៣៦៥ x ១,៥៣១ ដែលមានទំងន់ប្រហែល ២,០០០ តោន ធ្វើឲ្យវាអាចឈរបានយ៉ាងរឹងមាំ ដោយមិនមានបង្គោលសសរទប់ឡើយ។