កោះកុង៖ នៅឆ្នាំ ២០២១ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា អាចនឹងដាក់ចេញនូវគោនយោបាយថ្មីៗបន្ថែមទៀត តាមរយៈរដ្ឋបាលខេត្តនេះផ្ទាល់ ក្នុងការអភិវឌ្ឍន៍ខេត្តកោះកុងឱ្យកាន់តែល្អប្រសើរឡើង និងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកកំសាន្តកាន់តែច្រើន ពិេសសកោះកុងក្រៅ អាចនឹងប្រែឈ្មោះទៅជា ឧទ្យានជាតិសមុទ្រ ថែមទៀតផង។
តាមរយៈប្រភពព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថារាជរដ្ឋាភិបាលបានកំពុងធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍នៅខេត្តកោះកុង ពិសេសកោះកុងក្រៅ ដែលអាចនឹងផ្លាស់ប្តូរឈ្មោះឱ្យក្លាយជា “ឧទ្យានជាតិសមុទ្រ” ក្នុងឆ្នាំ ២០២១ ខាងមុខ។ តាមរយៈសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅកោះកុងក្រៅ នៃខេត្តកោះកុង ដែលក្នុងសមាសភាពក្រុមការងារនេះ មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានដឹកនាំការងារត្រួតពិនិត្យនេះ អមបេសកកម្មដោយមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត ពីក្រសួងពាក់ព័ន្ធ ជាពិសេសពីក្រសួងសេដ្ឋកិច្ច ក្រសួងដែនដី និងក្រសួងទេសចរណ៍។
ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍នេះ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ ២០១៦ មកម្លេះ ដោយក្នុងនោះក្រសួងគ្រោងនឹងចុះបញ្ជីទីដីកោះនេះ ជាតំបន់ “ឧទ្យានជាតិសមុទ្រ” នៅឆ្នាំ ២០២១ នេះ ក្រោយបញ្ចប់ការសិក្សារួច។ បច្ចុប្បន្ននេះ កោះកុងក្រៅ នៅមិនទាន់ទទួលបានការអភិវឌ្ឍន៍នៅឡើយទេ តែកំពុងស្ថិតក្នុងការការពារ ជាមួយនឹងគម្រោងនាពេលអនាគត ដែលអាចនឹងក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាត ស្របពេលកោះកុងក្រៅ មានឆ្នេរខ្សាច់ស្រស់ស្អាតចំនួន ០៦ កន្លែង ដែលមានប្រវែងសរុបប្រមាណជា ៦,៨៥០ ម៉ែត្រ អមដោយចំការដូងស្រស់ស្អាត។
គួរបញ្ជាក់ផងដែរថា កោះកុងក្រៅ គឺជាកោះធំទីមួយដែលមានទំហំផ្ទៃដីសរុបប្រមាណជា ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ១៩ គីឡូម៉ែត្រ មានទីតាំងស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ តំបន់នេះ សម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ពិសេសមាន ទឹកជ្រោះចំនួន ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង