គម្រោងវិនិយោគរោងចក្រកាត់ដេរ រោងចក្រស្រាបៀរ និងសណ្ឋាគារ សរុបជាង ១៥៥ លានដុល្លារត្រូវបានអនុម័ត នៅដើមខែមិថុនានេះ!

ត្រឹមតែរយៈពេល ១០ ថ្ងៃប៉ុណ្ណោះក្នុងខែមិថុនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តនូវសំណើរគម្រោងវិនិយោគចំនួន ៧ កន្លែងដែលសរុបជាទឹកប្រាក់ ១៥៥ លានដុល្លារ ដែលរួមមានរោងចក្រឧស្សាហកម្មសម្លៀកបំពាក់ រោងចក្រស្រាបៀរ កសិដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ ៤ អាចបង្កើតការងារបានចំនួន ៦,៤២៨ កន្លែង។ 

១. ក្រុមហ៊ុន ZJ S&Y (Cambodia) Garments Co., Ltd សំណើរសុំវិនិយោគវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិពលក្រាំងទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៦៤ កន្លែង។

២. ក្រុមហ៊ុន Hua Te Bang (Cambodia) Co., Ltd សំណើរវិនិយោគរោងចក្រផលិតផលធ្វើពីប្លាស្ទិចគ្រប់ប្រភេទ ដែលមានទីតាំងនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៦ កន្លែង។

៣. ក្រុមហ៊ុន Printx GP (Cambodia) Factory Co., Ltd សំណើរវិនិយោគរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៦ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៤១៤ កន្លែង។

៤. ក្រុមហ៊ុន Dize (Cambodia) Nong Ye Fazhan Co., Ltd សំណើរវិនិយោគកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧.៨ លានដុល្លារ និងបង្កើតការងារបាន ១,៩០០ កន្លែង។

៥. ក្រុមហ៊ុន Sun & Moon Hotel Co., Ltd សំណើរសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៤ ចំនួន ២០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្ន្ំពេញ មានទុនវិនិយោគប្រមាណ ៣៥.២ លានដុល្លារ និងបង្កើតការងារបាន ៥៣៥ កន្លែង។

៦. ក្រុមហ៊ុន Brilliant Dragon (Cambodia) Enterprise Co., Ltd គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគនៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤ លានដុល្លារ និងបង្កើតការងារបានចំនួន ៧០០ កន្លែង។ 

៧. ក្រុមហ៊ុន Vattanac Brewery Co., Ltd គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៨៧ លានដុល្លារ និងបង្កើតការងារបាន ៨៩៩ កន្លែង។