នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ កម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍នូវគម្រោងវារីអគ្គិសនីរបស់ខ្លួនបានសរុប ៧ កន្លែងមកហើយ ដោយគេហទំព័រ Cambodia Property Report បានបង្ហាញជូនគម្រោងវារីអគ្គិសនីដំបូងទាំង ៦ កន្លែងនៅក្នុងប្រទេសកម្ពុជាកាលពីអត្ថបទមុន រួមមាន៖ វារីអគ្គិសនីគិរីរម្យ១ (២០០២), វារីអគ្គិសនីកំចាយ (២០១១), វារីអគ្គិសនីគិរីរម្យ៣ (២០១៣), វារីអគ្គិសនីស្ទឹងអាតៃ (២០១៤), វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម (២០១៥), និងវារីអគ្គិសនីស្ទឹងតាតៃ (២០១៥)។ ចំណែកវារីអគ្គិសនីទី ៧ ដែលបានសម្ពោធចុងក្រោយបង្អស់នៅខែធ្នូ ឆ្នាំ២០១៨ គឺវារីអគ្គិសនីសេសានក្រោម២ ដែលជាសមិទ្ធផលវារីអគ្គិសនីធំបំផុតរបស់កម្ពុជា ដូចនេះយើងនឹងមកស្គាល់ទាំងអស់គ្នា។
គម្រោងវារីអគ្គិសនីសេសានក្រោម២ មានទីតាំងស្ថិតនៅភូមិសាស្ត្រចំណុចប្រសព្វទន្លេសេសាន និងទន្លេស្រែពក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាគម្រោងទំនប់វារីអគ្គិសនីដែលវែងជាងបំផុតនៅទ្វីបអាស៊ីមានប្រវែងទំនប់ ៦.៥ គីឡូម៉ែត្រ និងមានសមត្ថភាពផ្ដល់អនុភាពបានធំជាងគេបំផុតនៅកម្ពុជាដល់ ៤០០ មេហ្គាវ៉ាត់ និងត្រូវចំណាយពេលវេលាសាងសង់ប្រមាណ ១១ ឆ្នាំឯណោះ។
គម្រោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Hydropower Lower Se San 2 Co., Ltd ដោយចំណាយថវិកាប្រមាណ ៨០០ លានដុល្លារ ដែលជាការវិនិយោគរួមចូលគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ប្រទេសចិន ដាក់ទុន ៥១ ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរដាក់ទុន ៣៩ ភាគរយ, និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ ភាគរយ។ ការវិនិយោគនេះ ធ្វើឡើងតាមគោលការណ៍ សាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ ឆ្នាំ ដែលក្នុងនោះ រយៈពេល ៥ ឆ្នាំសម្រាប់ដំណើរការសាងសង់ និង ៤០ ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
វារីអគ្គិសនីសេសានក្រោម២ ត្រូវបានសម្ពោធឲ្យដំណើរការនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបម្រើទៅជាប្រយោជន៍បំពេញតម្រូវការផ្នែកថាមពលប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ធ្វើតម្លៃអគ្គិសនីចុះទាបជាងមុន កាត់បន្ថយការនាំចូល និងជំរុញដល់ការវិនិយោគ រួមមានវិស័យឧស្សាហកម្ម, កសិឧស្សាហកម្ម និងសេវាកម្ម ជាដើម។ ម្យ៉ាងវិញទៀត គម្រោងនេះក៏ជួយឲ្យធនធានថាមពលអគ្គិសនីបានប្រើប្រាស់គ្រប់គ្រាន់ បើផ្លូវដល់អាជ្ញាធរអគ្គិសនី អាចបង្កើនតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ទូទាំងប្រទេស មិនថានៅទីក្រុងឬតំបន់ដាច់ស្រយាលឡើយ។