នៅពេលមានការអភិវឌ្ឍន៍ ធ្វើនគរូបនីយកម្ម និងមានតម្រូវការវិស័យសំណង់កើនឡើងខ្ពស់ កម្ពុជាទទួលបានការវិនិយោគទៅលើរោងចក្រផលិតស៊ីម៉ងត៍ជាច្រើនកន្លែង ដែលភាគច្រើនស្ថិតនៅក្នុងខេត្តកំពតជាតំបន់ភ្នំ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេស និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយរោងចក្រផលិតស៊ីម៉ងត៍ក៏បានសម្ពោធដំណើរការជាបន្ដបន្ទាប់ពិសេសនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលសរុបយើងមានរោងចក្រចំនួន ៥ កន្លែងមកហើយ ជាមួយសមត្ថភាពអាចផលិតបានខ្ទង់ ៨ លានតោនក្នុងមួយឆ្នាំ និងផ្ដល់ការងារជូលពលរដ្ឋជាង ២,៧០០ កន្លែង។ ថ្ងៃនេះ យើងនឹងមកស្គាល់រោងចក្រផលិតស៊ីម៉ងត៍ទាំងអស់ចំនួន ៥ កន្លែងនៅប្រទេសកម្ពុជា។
១. រោងចក្រផលិតស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd)
រោងចក្រនេះមានទីតាំងស្ថិតនៅភ្នំទទុង ភ្នំទូកមាសខាងកើត ស្រុកបន្ទាយមាស និងភ្នំតូច ស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២ លានតោនក្នុងមួយឆ្នាំ ដែលបានវិនិយោគដោយក្រុមហ៊ុន Kampot Cement Co., Ltd និងបានដាក់សម្ពោធជាផ្លូវការនៅឆ្នាំ ២០០៨។

២. រោងចក្រផលិតស៊ីម៉ងត៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd)
រោងចក្រនេះ មានទីតាំងស្ថិតនៅភ្នំបោះដំបង ស្រុកកំពត ខេត្តកំពត ដែលបានវិនិយោគដោយក្រុមហ៊ុន កម្ពុជា ចក្រីទីង ត្រូវបានស្ដារឲ្យរោងចក្រដំណើរការឡើងវិញនៅក្នុងឆ្នាំ ២០១៥ និងមានសមត្ថភាពអាចផលិតស៊ីម៉ងត៍បានជាង ១.១ លានតោនក្នុងមួយឆ្នាំ។

៣. រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement)
រោងចក្រនេះ មានទីតាំងស្ថិតនៅតំបន់ភ្នំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលបានវិនិយោគដោយក្រុមហ៊ុន Chip Mong Insee Cement Corporation មានសមត្ថភាពផលិតស៊ីម៉ងត៍បាន ១.៧ លានតោនក្នុងមួយឆ្នាំ និងសម្ពោធឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៨។

៤. រោងចក្រផលិតស៊ីម៉ងត៍ បាត់ដំបង ខ័នស៍ ស៊ីមេន លីមីតធីត
រោងចក្រនេះ មានទីតាំងស្ថិតនៅតំបន់ភ្នំដូនម៉ាយ ឃុំល្ពៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលបានវិនិយោគដោយក្រុមហ៊ុន Banttambang Conch Cement Company Limited មានសមត្ថភាពអាចផលិតស៊ីម៉ងត៍បាន ២ លានតោនក្នុងមួយឆ្នាំ និងត្រូវបានសម្ពោធដាក់ដំណើរការនៅក្នុងឆ្នាំ ២០១៨។

៥. រោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង
រោងចក្រនេះ មានទីតាំងស្ថិតនៅក្នុងស្រុកដងទុក ខេត្តកំពត ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ថៃ ប៊ុនរ៉ុង ស៊ីម៉ងត៍ សហការជាមួយក្រុមហ៊ុនវិនិយោគិនចិន ដែលមានទុនវិនិយោគប្រហែល ១១០ លានដុល្លារ មានសមត្ថភាពអាចផលិតស៊ីម៉ងត៍បាន ១ លានតោនក្នុងមួយឆ្នាំ និងទើបតែបានសម្ពោធឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៩ កន្លងទៅ។
