ភ្នំភ្លើងហ្វូជី ជាភ្នំខ្ពស់ជាងគេបំផុតនៅប្រទេសជប៉ុន!

ប្រសិនបើលោកអ្នកបានទៅដល់ប្រទេសជប៉ុន ភ្នំហ្វូជី គឺជានិមិត្តសញ្ញាសំខាន់មួយប្រចាំប្រទេស ពិសេសមានភាពល្បីល្បាញបំផុតនៅលើសិល្បៈគំនូរ និងសិល្បៈរូបភាព -ល- ដែលសិល្បៈអំពីភ្នំហ្វូជីបានចាប់ផ្ដើមមានរាប់រយឆ្នាំមកហើយ ថែមទាំងត្រូវបានគេគោរពបូជាជាភ្នំពិសិដ្ឋផងដែរ។ 

ហ្វូជី គឺជាភ្នំភ្លើងនៅមិនទាន់រលត់នៅឡើយទេ ថ្វីបើភាគច្រើនយើងឃើញវាស្រោបដោយទឹកកកក៏ដោយ ហើយបន្ទុះចុងក្រោយរបស់វាគឺនៅក្នុងឆ្នាំ ១៧០៧។ ហ្វូជី គឺជាភ្នំខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសជប៉ុន និងជាភ្នំភ្លើងខ្ពស់លំដាប់ទី ២ នៅអាស៊ី បន្ទាប់ពីភ្នំភ្លើង Kerinci នៅកោះសូម៉ាត្រា ឥណ្ឌូនេស៊ី។ ភ្នំហ្វូជី ឈរនៅរយៈកម្ពស់ ៣,៧៧៦ ម៉ែត្រ ដែលគេអាចមើលឃើញពីទីក្រុងតូក្យូ និងទីក្រុង Yokohama បាន ហើយភ្នំនេះមានទីតាំងស្ថិតនៅចន្លោះអាណាខេត្ត Yamanashi និង Shizuoka ភាគខាងកើតប្រទេសជប៉ុន។

ដើម្បីអាចមើលឃើញទេសភាពនៃភ្នំហ្វូជីបានច្បាស់ គេអាចជិះរថភ្លើងចេញពីទីក្រុងតូក្យូ ទៅកាន់ទីក្រុងអូសាកា ឬទីក្រុងក្យូតុ ឬទីក្រុងណាកូយ៉ា ដែលស្ថិតនៅផ្លូវស្របគ្នានោះ រយៈពេល ៤៥ នាទី យើងនឹងអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃភ្នំហ្វូជីយ៉ាងច្បាស់ ពីស្ថានីយ Shin-Fuji Station ក្នុងករណីដែលមេឃស្រលះ ជាពិសេសគេអាចមើលឃើញនៅរដូវរងារ ច្រើនជាងរដូវក្ដៅ ហើយភ្នំក៏គ្របដណ្ដប់ដោយទឹកកកស្អាតទៀតផង ល្អបំផុតការថតរូបភាពផ្សេងៗ ប៉ុន្តែគប្បីជ្រើសរើសយកពេលវេលាទស្សនាព្រឹកព្រលឹម ឬល្ងាចថ្ងៃលិច ជាជាងពេលថ្ងៃត្រង់។

ដើម្បីទស្សនាទេសភាពជុំវិញភ្នំហ្វូជីកាន់តែស្រស់ស្អាត យើងសូមណែនាំតំបន់មួយចំនួនដូចជា Fuji Five Lake (Fujigoko) ដែលស្ថិតនៅភាពខាងជើងនៃភ្នំ ឬក៏ Hakone ដែលជារីសតដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់។ លើសពីនេះទៀត ភ្នំហ្វូជី នឹងបើកឲ្យអ្នកផ្សងព្រេងអាចឡើងបាននៅក្នុងអំឡុងខែកក្កដា និងខែសីហានេះ ដែលមានផ្លូវជាច្រើនតាមជើងភ្នំ ហើយការឡើងត្រូវចំណាយប្រាក់ខ្ទង់ ១០ ដុល្លារក្នុងម្នាក់ ឬអាចជួលអ្នកនាំផ្លូវបន្ថែមផងដែរ។