បាងកក៖ រដ្ឋាភិបាលថៃ បានសម្រេចអនុម័ត ឱ្យមានការបើកច្រកទ្វារព្រំដែន រវាងប្រទេសថៃ និងប្រទេសកម្ពុជាឡើងវិញហើយ បន្ទាប់ពីបានបិទទ្វារជាបណ្ដោះអាសន្ន កាលពីប៉ុន្មានខែកន្លងទៅ ក្នុងគោលបំណងទប់ស្កាត់ ការឆ្លង និងរីករាលដាល នៃវីរុសកូវិដ ១៩ រវាងពលរដ្ឋទាំងពីរ។
ច្រកទ្វារព្រំដែនពាណិជ្ជកម្ម ដ៏សំខាន់មួយរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានសម្រេចបើកទ្វារឡើងវិញជាផ្លូវការហើយ បន្ទាប់ពីស្ថានការណ៍នៃវីរុសកូវិដ ១៩ នៅប្រទេសថៃ មានភាពធូស្រាលច្រើន កាលពីពេលថ្មីៗកន្លងទៅនេះ។ រដ្ឋាភិបាលថៃ នៃតំបន់ Sa Kaeo បានប្រកាសទទួលស្គាល់ឱ្យមានទំនាក់ទំនងពាណិជ្ជកម្មរវាងពលរដ្ឋទាំងពីរឡើងវិញ ពោលគឺនៅច្រកទ្វារព្រំដែន ប៉ោយប៉ែត និង Klong Luek តែស្ថិតក្នុងពេលវេលាកំណត់ ត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ការបើកច្រកទ្វារព្រំដែននេះ មានគោលបំណងធំបំផុត គឺជួយសេដ្ឋកិច្ចគ្នាទៅវិញទៅមក ខណៈប្រជាជន និងក្រុមហ៊ុនថៃ អាចផ្ដល់ និងបន្តផ្គត់ផ្គង់ទីផ្សារ ទៅកាន់កម្ពុជា ហើយកម្ពុជា ក៏អាចផ្គង់ផ្គង់ទៅថៃវិញ ឬទិញទំនិញ ផលិតផលថៃ ដូចសព្វមុនដងជាដើម។ ស្ថិតក្នុងការបើកច្រកទ្វារព្រំដែននេះ អាជ្ញាធរថៃ បានគូសបញ្ជាក់ថា ពេលវេលាចាប់ផ្ដើមដំណើរការគឺ គិតពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ម៉ោង ១ រសៀលជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋកម្ពុជា ដែលមានទំនាក់ទំនងជំនួញ ឬពាណិជ្ជកម្ម នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទឹកដីថៃផងដែរ ស្ថិតក្នុងគោលបំណងយកឥវ៉ាន់ គ្រឿង សម្ភារៈ ទំនិញជាដើម តែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត រាល់ការចេញចូលត្រូវគោរពតាមវិធានការ ដែលបានកំណត់ រាល់ប្រជាជនកម្ពុជា ចូលទៅកាន់ទឹកដីថៃ មិនថាលក់ ឬទិញនោះទេ គឺត្រូវធ្វើការចុះឈ្មោះជាមុនសិន ដែលការធ្វើដំណើរត្រូវជិះរថយន្ត ដែលមិនឱ្យមានមនុស្សច្រើនជាង ២ នាក់ជាដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង ដែលអាចកើតមានឡើងជាយថាហេតុ។ ពិសេស គឺត្រូវធ្វើការចូលស្កេនសុខភាព និងចាំបាច់ពាក់ម៉ាសការពារជាដាច់ខាត និងគ្រប់ពេលវេលាទាំងអស់ ក្រោមការអនុញ្ញាតឱ្យចូលទៅកាន់ទឹកដីថៃ ដោយអាជ្ញាធរនៅតាមច្រកព្រំដែន។