ការរៀបចំសម្រួលចរាចរណ៍តំបន់ស្ដុបក្ដាន់ពីរ ឈានដល់ដំណាក់កាលបញ្ចប់ហើយ!

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍ ការប្ដូរពីសួនទៅជារង្វង់មូលក្ដាន់ពីរ ការកែសម្រួលភ្លើងស្ដុប ការពង្រីកផ្លូវសហព័ន្ធរុស្ស៊ីតំបន់នោះ ការដាក់លូទំហំ ១ ម៉ែត្រ ជាមួយការអ៊ុតកៅស៊ូខាងជើងផ្លូវមុខទីស្ដីការគណៈរដ្ឋមន្ត្រី និងការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវ បានឈានមកដល់ទីបញ្ចប់ហើយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ នេះ។ 

លោកប្រធានមន្ទីរ បានឲ្យដឹងថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍ និងពង្រីកផ្លូវតំបន់ចំណុចស្ដុបក្ដាន់ពីរ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យស្ថានភាពចរាចរណ៍តំបន់នេះ មានភាពប្រសើរឡើងជាងមុន ខណៈតំបន់នេះមានបញ្ហាកកស្ទះជារៀងរាល់ថ្ងៃ នៅពេលដែលមានការអភិវឌ្ឍន៍កាន់តែច្រើន ពិសេសគឺតំបន់ទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ និងការស្ថាបនាផ្លូវកាត់តែម្ដង។ គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍នេះរួមមាន៖ ការកែសម្រួលភ្លើងសញ្ញចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងវិថីស៊ីធីសេនធ័រ និងវិថីសាធារណរដ្ឋឆេក, ការកែប្រែសួនក្ដាន់ពីរទៅជារង្វង់មូល ដោយរក្សារូបសំណាកនៅដដែល, ការដាក់លូទំហំ ១ ម៉ែត្រដើម្បីរំដោះទឹកចេញពីមហាវិធីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី, និងការពង្រីកកំណាត់ផ្លូវនៅចិញ្ចើមខាងជើង មហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ (ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងការរៀបចំការ៉ូឡាចិញ្ចើមផ្លូវ។ 

គិតមកដល់ពេលនេះ គម្រោងនៃការកែសម្រួលចរាចរណ៍ត្រង់ចំណុចក្ដាន់ពីរ បានឈានមកដល់ទីបញ្ចប់មកហើយ នៅសល់តែការរៀបចំការ៉ូឡានៅចិញ្ចើមផ្លូវប៉ុណ្ណោះ ដែលគម្រោងនេះបានជួយសម្រួលការធ្វើដំណើរ កាត់បន្ថយភាពកកស្ទះបានដល់ ៦០% និងទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ។

លើសពីនេះទៀត មន្ទីរសាធារណការរាជធានីភ្នំពេញ ក៏មានគម្រោងស្ថាបនារបងថ្ម នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីនេះប្រវែងជិត ១ គីឡូម៉ែត្រទៀត ដោយដំណាក់កាលទី១ ផ្ដើមអនុវត្តន៍ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវស្ដុបក្ដាន់ពីរ ប្រវែង ៦៥០ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ និងដំណាក់កាលទី២ ចាប់ពីស្ដុបក្ដាន់ពីរទៅដល់ស្ដុបវត្តនាគវ័ន មានប្រវែង ៤៣៧ ម៉ែត្រ។ គម្រោងខាងលើនេះ នឹងធ្វើឡើងដើម្បីលើកសោភណភាព រាជធានីភ្នំពេញឲ្យស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អបន្ថែមទៀត។