មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តម្លៃជាង ១.៤ លានដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្ដើមក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ហើយ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយគម្រោងនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ១៨ ខែ ហើយត្រៀមបញ្ចប់នៅត្រឹមឆ្នាំ២០២២។

លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៦ មកម្ល៉េះ ដោយឡែកសម្រាប់ការសាងសង់មន្ទីរបង្អែកថ្មីនេះ មានផ្ទៃដីសរុបទំហំ ១៣,២២៩ ម៉ែត្រការ៉េ កម្ពស់ ៤ ជាន់ និងផ្ទៃក្រឡាសរុប ៤១៣,៧៩៦ ម៉ែត្រការ៉េ។ មន្ទីពេទ្យបង្អែកស្រុកដ៏ទំនើបនេះ នឹងមានធនធានគ្រូពេទ្យជំនាញៗ ប្រើប្រាស់បរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីន X-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម។

លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ក៏បានបង្ហាញបន្ថែមថា បន្ទាប់ពីសាងសង់រួចមន្ទីរពេទ្យបង្អែកថ្មីនេះ នឹងដំណើរការពិនិត្យព្យាបាលជំងឺផ្សេងៗតាមសេវាសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងខេត្តដែលនៅក្បែរៗនោះផងដែរ ដូចជាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមជាដើម។

សូមបញ្ជាក់ផងដែរថា ខេត្តត្បូងឃ្មុំ ក៏មានគម្រោងសាងសង់មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ដ៏ធំមានទំហំដី ២៤,៣០០ មែត្រការ៉េ ផ្ទៃក្រឡាអគារ ៥៥,៨១៥ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែសម្រាកព្យាបាលបាន ៣០០ គ្រែ និងបរិក្ខាទំនើបៗជាច្រើន ចំណាយទឹកប្រាក់ជាង ៥០ លានដុល្លារ គ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២១ ខាងមុខនេះផងដែរ។
