កំពង់ធំ៖ ដើម្បីថែរក្សានូវសម្បត្តិវប្បធម៌ ជាមរត៌ករបស់ដូនតា ផ្លូវរវាងក្រាលកៅស៊ូមួយខ្សែ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី០៣ ខែសីហា កន្លងទៅនេះ ដែលនឹងជួយសម្រួលទៅដល់ការធ្វើដំណើរ របស់ពលរដ្ឋនៅក្នុងតំបន់។

ផ្លូវរវាងក្រាលកៅស៊ូ មានប្រវែងសរុប ១៣.៥ គីឡូម៉ែត្រថ្មីមួយ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ហើយ ក្រោមអធិបតីភាពចូលរួមដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីពាក់ព័ន្ធទាំងឡាយ។ ប្រភពព័ត៌មានបានគូសបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ មានទីតាំងស្ថិតនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលតភ្ជាប់ចេញពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ឆ្ពោះទៅកាន់ភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ការសាងសង់នេះ គឺដើម្បីចូលរួមថែរក្សានូវកេរ្តិ៍ដំណែល និងស្នាដៃបុព្វបុរសជាតិខ្មែរជំនាន់មុន ដោយកាត់បន្ថយរំញ័រ បញ្ជៀសនូវសម្លេងរំខាននានា ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ទម្រង់ ឬគុណភាពនៃប្រាសាទបុរាណនៃយើង។

ស្ថិតក្នុងការបើកការដ្ឋានសាងសង់នេះ លោកជំទាវ ចាត់ទុកថា ផ្លូវរវាងមួយខ្សែនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាពិសេសនោះគឺការធ្វើដំណើររបស់រថយន្តគ្រប់ប្រភេទ ដែលបញ្ចៀសនូវបញ្ហា ដែលអាចបង្ករឱ្យមានការប្រេះស្រាំដល់តួរប្រាសាទ ដែលជាទីកន្លែងអភិរក្សដ៏សំខាន់ សម្រាប់កូនចៅជំនាន់ក្រោយ។ លោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ជាក់ឱ្យដឹងថា ផ្លូវមួយខ្សែនេះ នឹងត្រូវស្ថាបនាដោយក្រុមហ៊ុនសាងសង់របស់លោកឧញ៉ា លី ឈួង ដោយប្រើប្រាស់ថវិការជាតិ តែពុំបានបញ្ជាក់អំពីតម្លៃ នៃការចំនាយឡើយ។


ទន្ទឹមនឹងនោះផងដែរ លោកស្រីរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុ ងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលមួយខ្នង ជូនទៅអាជ្ញាធរជាតិសំបូរព្រៃគុក ដែលមានទំហំ ២៧ម៉ែត្រ x ៥០ម៉ែត្រ មានកម្ពស់ ៣ជាន់ មានទីតាំងស្ថិតភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦២ ដើម្បីបម្រើសេវាដល់អ្នកទេសចរជាតិ ឬអន្តរជាតិចូលទៅ កមន្សាន្តនៅទីនោះផងដែរ៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ