រឿងរ៉ាវដែលបានកើតឡើង ជុំវិញឧបទ្ទវហេតុផ្ទុះសារធាតុគីមី ក្នុងទីក្រុង Beirut ប្រទេសលីបង់!

នៅវេលាម៉ោង ៦ ល្ងាច (ម៉ោងនៅក្នុងតំបន់មជ្ឈិមបូព៌ា) ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០ ឧបទ្ទវហេតុការផ្ទុះសារធាតុគីមីដ៏ធំមួយ បានកើតឡើងនៅកំពង់ផែរដ្ឋធានី Beirut ប្រទេសលីបង់ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់ (អ្នកស្លាប់បានរកឃើញ ៧៨ នាក់មកហើយ និងអ្នករបួសខ្ទង់ ៤,០០០ នាក់) ហើយក្រុមសង្គ្រោះ និងកាកក្របាទក្រហមលីបង់ កំពុងស្វែងរកជនរងគ្រោះបន្ថែមទៀត។ ព័ត៌មាន និងវីដេអូនៃសោកនាថកម្មខាងលើនេះ ត្រូវបានចែកចាយពាសពេញពិភពលោក ដោយរួមមានវីដេអូនៃហេតុការណ៍ផ្ទុះ និងវីដេអូបង្ហាញការរងខូចខាតនៃទ្រព្យសម្បត្តិទូទៅពីការផ្ទុះខ្ទាតកំទេចអគារមកប៉ះនឹង ផ្ទះ រថយន្ដ មនុស្ស -ល-។ 

ឥលូវនេះ ក្រសួងសុខាភិបាលសាធារណៈលីបង់ បានបង្ហាញថាមន្ទីរពេទ្យក្នុងប្រទេសជាច្រើនដែលស្ថិតនៅក្នុងក្រុង ឬជិតទីក្រុង Beirut កំពុងទទួលអ្នករងរបួសយ៉ាងច្រើនបំផុត តួយ៉ាងមន្ទីរពេទ្យ American University Hospital ដែលបានបញ្ជូនរថយន្ដសង្គ្រោះទាំងអស់របស់ខ្លួនដឹកអ្នករបួសមកព្យាបាល ហើយគេក៏បានរកឃើញ លោក Nizar Najarian អគ្គលេខាធិការនៃគណបក្សនយោបាយ Kataeb បានបាត់បង់ជីវិត, លោក Kamal Hayek ប្រធានក្រុមហ៊ុនអគ្គិសនីរដ្ឋលីបង់ បានរងរបួសធ្ងន់ ផងដែរ។ លោក Hamad Hassan រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ បានឲ្យដឹងថា ចំពោះថ្លៃព្យាបាលគឺជាបន្ទុករបស់រដ្ឋាភិបាលទាំងស្រុង ដែលនឹងចំណាយលើមន្ទីរពេទ្យទាំងអស់សម្រាប់ជួយសង្គ្រោះជីវិតមនុស្សក្នុងហេតុការណ៍នេះ។ លើសពីនេះទៀត លោកប្រធានាធិបតី Michel Aoun បានប្រកាសទីក្រុង Beirut ស្ថិតនៅក្នុងស្ថានភាពមហន្ដរាយ និងសុំជំនួយបន្ទាន់ពីក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់។ 

តើសារធាតុគីមីផ្ទុះនោះគឺជាអ្វី?

ឃ្លាំងដែលបានផ្ទុះនៅកំពង់ផែ Beirut នោះគឺជាឃ្លាំងស្ដុកទុកសាធាតុគីមីងាយផ្ទុះ ដែលហៅថា អាម៉ូញ៉ូម នីត្រាត (Ammonium Nitrate) ដែលភាគច្រើនគេយកសារធាតុនេះធ្វើជាគ្រឿងផ្សំដើម្បីផលិតចេញជាជីកសិម្ម និងគ្រាប់ផ្ទុះជាដើម ប៉ុន្តែជាអកុសល ឧស្សាហកម្មនៅឃ្លាំងទំនិញសារធាតុគីមីនេះ បានផ្ទុះឡើងបណ្ដាលឲ្យមនុស្សក្នុងតំបន់នោះស្លាប់ និងរបួសជាច្រើន ហើយចំណែកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែតំបន់នោះត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ 

បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Diab បានឲ្យដឹងថា សារធាតុគីមី អាម៉ូញ៉ូម នីត្រាត ដែលបានស្ដុកទុកនេះមានប្រមាណ ២,៧៥០ តោន ដែលធ្លាប់មានបញ្ហាបច្ចេកទេសការពារ កាលពីឆ្នាំ ២០១៤ អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែលលោកនឹងមានចំណាត់ការថ្កោលទោសយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនដឹកជញ្ជូន និងឧស្សាហកម្មឃ្លាំងទំនិញខាងលើនេះ។ 

ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាការពារជាតិ នឹងធ្វើការសិក្សាស៊ើបអង្កេតបន្ថែមដើម្បីស្វែងរកព័ត៌មាន ក្រែងឧបទ្ទវហេតុនេះមានទាក់ទិនទៅនឹងសកម្មភាពអំពើភេរវកម្ម (តាមការប៉ាន់ស្មានរបស់ប្រធានាធិបតី Michel Aoun មានការសង្ស័យថានេះគឺជាអំពើភេរវកម្ម) ហើយសូម្បីតែប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ក៏បានមានប្រសាសន៍ពីសេតវិមានថា «seem to think it was an attack, It was a bomb of some kind» ផងដែរ ដោយសារទីតាំងនោះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវិមាន Grand Serail Palace, មន្ទីរពេទ្យ, ព្រះវិហារឥស្លាម, ព្រះវិហារកាតូលិក, សកលវិទ្យាល័យ ជាច្រើនទៀត។

សូមបញ្ជាក់ផងដែរថា ឧបទ្ទវហេតុការផ្ទុះសារធាតុ អាម៉ូញ៉ូម នីត្រាត នេះធ្លាប់បានកើតឡើងទ្រង់ទ្រាយធំម្ដងរួចមកហើយនៅរដ្ឋតិចសាស សហរដ្ឋអាមេរិច កាលពីឆ្នាំ១៩៤៧ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ៥៨១ នាក់។