ក្រុមអ្នកវិភាគបានលើកឡើងថា “ការរស់នៅជាមួយធម្មជាតិ ឬត្រឹមតែការថែសួននៅក្នុងបរិវេណផ្ទះ អាចធ្វើឲ្យអ្នកមានអាយុវែង”

កាលពីអត្ថបទមុន យើងបានចុះផ្សាយពីប្រធានបទមួយដែលបានថាលើកឡើងថា ការចុះទៅកម្សាន្តនៅតាមតំបន់ធម្មជាតិច្រើនជាញឹកញាប់ អាចជួយឲ្យអ្នកមានអាយុវែង។ ដោយឡែកនៅក្នុងថ្ងៃនេះ ប្រធានបទមួយនេះ មិនសូវជាខុសពីមុនច្រើនឡើយ ព្រោះបើយោងតាមក្រុមអ្នកវិភាគផ្សេងទៀត ក៏មានលើកឡើងថា “គ្រាន់តែការរៀបចំសួនច្បារ ថែសួន នៅក្នុងបរិវេណគេហដ្ឋាន អាចជួយឲ្យអ្នកមានអាយុវែងដល់ទៅ 100 ឆ្នាំឯណោះ?” ពិតទេ? គិតថាវាអាចទៅរួចទេ? នៅក្នុងអត្ថបទនេះ អ្នកនឹងបានឃើញពីបំណកស្រាយមួយចំនួន ទៅលើប្រធានបទមួយនេះ ថាតើវាជាការពិត មានអំណះអំណាងច្បាស់លាស់ ឬមួយយ៉ាងណាដែរ?

 

លោក “Dan Buettner” ដែលជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញមួយរូប បានសិក្សាទៅលើទីតាំង 5 កន្លែងនៅជុំវិញពិភពលោក ដែលជាតំបន់ដែលសំបូរទៅដោយប្រជាជនមានអាយុវែង ក្នុងនោះមានដូចជា Okinawa ប្រទេសជប៉ុន, Nicoya នៅក្នុង Costa Rica, Icaria នៅក្នុងប្រទេសក្រិច, Loma Linda នៅក្នុងរដ្ឋកាលីហ្វរញ៉ា និង Sardinia នៅក្នុងប្រទេសអ៊ីតាលី។ បើតាមការស្រង់មតិរបស់លោក នៅក្នុងតំបន់ទាំង 5 នេះ ភាគច្រើន លោកទទួលបានចម្លើយដូចគ្នា ដែលកត្តាដែលធ្វើឲ្យប្រជាជន ដែលរស់នៅតំបន់ទាំងនោះ មានសុខភាពល្អមានដូចជាការធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃ មានរបបអាហារច្បាស់លាស់ និងមួយទៀតជារួម ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសហគមន៍នីមួយៗ ដែលមានមនុស្សចាស់ចាប់ពីចន្លោះ 80 – 90 ឆ្នាំកំពុងធ្វើការថែសួនច្បាររបស់ពួកគាត់បានយ៉ាងស្រស់បំព្រង ហើយពួកគាត់ពិតជានៅមានសុខភាពរឹងមាំណាស់។

)

 

តើវាអាចពិតដែរទេ ដែលត្រឹមការរស់នៅជាមួយនឹងធម្មជាតិបៃតង តាមរយៈការថែសួនច្បារទាំងនេះ អាចជួយឲ្យមនុស្សរស់បានដល់អាយុ 100 ឆ្នាំ? អ្នកនឹងបានដឹងពីគុណសម្បត្តិមួយចំនួនរបស់វា ដែលមានដូចជាៈ

 

- អារម្មណ៍ល្អ ស្រស់បំព្រង និងព្យាបាលជម្ងឺ

 

ដូចដែលអ្នកបានដឹងរួចមកហើយថា ការហាត់ប្រាណ ជារឿងដែលល្អបំផុតសម្រាប់សុខភាពរបស់មនុស្ស។ ទង្វើថែទាំសួនច្បារនេះ វាប្រៀបដូចជាការហាត់ប្រាណផងដែរ ទោះបីវាមិនច្រើនដូចជាលំហាត់ប្រាណទូទៅ ប៉ុន្តែវាក៏ជាទង្វើមួយដែលធ្វើឲ្យមនុស្សបែកញើស។ រួមផ្សំជាមួយនឹង ធម្មជាតិពណ៌បៃតងនៅក្នុងសួនច្បាររបស់អ្នកទៀតនោះ វាផ្តល់ដំណកដង្ហើមល្អបែបធម្មជាតិដល់អ្នក ដែលនឹងផ្តល់អារម្មណ៍ស្រស់ស្រាយ និងល្អបំផុតដល់អ្នក។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយបញ្ហាផ្លូវចិត្ត អារម្មណ៍តានតឹង ដែលនឹងធ្វើឲ្យអ្នកមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តទៀតផង។ អ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី ក៏បានលើកឡើងមកថា អត្រាមនុស្សដែលបានធ្វើសកម្មភាពជាមួយនឹងធម្មជាតិ តួយ៉ាងដូចជាត្រឹមការថែសួនច្បារនៅក្នុងផ្ទះនេះ អាចកាត់បន្ថយហានិភ័យ នៃប្រព័ន្ធខួរក្បាលអារម្មណ៍ កាត់បន្ថយជម្ងឺភ្លេចភ្លាំង និងវង្វេងបានដល់ទៅជាង 36% ព្រមទាំងធ្វើឲ្យខ្លួនប្រាណរបស់អ្នកទទួលបានឥទ្ធិពលអន្តរកម្ម រវាងធម្មជាតិ ពន្លឺព្រះអាទិត្យ និងខ្យល់បរិសុទ្ធផងដែរ។

 

- អនុញ្ញាតឲ្យធម្មជាតិចិញ្ចឹមអ្នក

 

វាមិនមែនគ្រាន់តែអំពីផលប៉ះពាល់នៃសុខភាពប៉ុណ្ណោះទេ តែវាក៏អាចជួយឲ្យអ្នកមានអាយុវែងផងដែរ។ លោកបណ្ឌិត Bradley Willcox នៃសាកលវិទ្យាល័យហាវ៉ៃ បានសិក្សាពីមនុស្សដែលរស់នៅទីក្រុង Okinawa ដែលជាតំបន់ដែលសំបូរដោយប្រជាជនដែលមានសុខភាពល្អ និងអាយុវែងបំផុតនៅក្នុងពិភពលោក ដែលលោកក៏បាននិយាយថា ប្រជាជននៅទីនេះ ទុកធម្មជាតិជាទ្រព្យមហាសាល នៅតាមផ្ទះនីមួយៗសុទ្ធតែមានសួនច្បារពណ៌បៃតង និងមានមនុស្សចាស់ក្មេងជាច្រើនជាអ្នកថែទាំ និងពេលទំនេរពួកគាត់ក៏អង្គុយលំហែនៅតាមសួនច្បារក្នុង បរិវេណផ្ទះគាត់។ វាជាការផ្សារភ្ជាប់យ៉ាងសំខាន់បំផុតរវាងមនុស្ស និងធម្មជាតិ។ ដោយឡែកវេជ្ជបណ្ឌិត នៅក្នុងប្រទេសស្កុតឡេន ក៏បានលើកឡើងមកដែរថា ការចេញដំណើរ និងចំណាយពេលរស់នៅក្នុងធម្មជាតិ អាចព្យាបាលជម្ងឺរាំរ៉ៃផ្សេងៗ ដូចជាការកាត់បន្ថយសំពាធឈាម សម្រួលចលនាបេះដូង ដំណកដង្ហើម និងកាត់បន្ថយអារម្មណ៍តានតឹងផងដែរ។ លើសពីនេះ បើនៅក្នុងសួនរបស់អ្នក មានដាំបន្លែផ្លែឈើជាគ្រាប់ធុញ្ញជាតិ តាមបែបធម្មជាតិទៀតនោះ វាពិតជាពិសេសមែនទែន សម្រាប់សុខភាព និងការកាត់បន្ថយភាពចាស់។

 

- ការធ្វើកសិកម្មជាមួយធម្មជាតិកាន់តែយូរ អ្នកនឹងរស់នៅបានកាន់តែយូរដូចគ្នា

 

មិនខុសពីការលើកឡើងខាងលើនោះទេ បើសិនជាអ្នកថែសួនច្បាររបស់អ្នក ឬទង្វើកសិកម្មជាការដាំដំណាំនៅទីនោះបានល្អ មិនមានការខូចខាត នោះសួនច្បាររបស់អ្នកនឹងនៅតែស្រស់បំព្រងជាដរាប ដែលវាក៏ជះឥទ្ធិពលឲ្យអ្នកបញ្ចេញពលកម្មក្នុងការថែទាំនេះ បានកាន់តែយូរដូចគ្នាដែរ។ វាជម្រុញឲ្យមានលំហាត់ប្រាណប្រចាំថ្ងៃ គួបផ្សំជាមួយនឹងអាហារធម្មជាតិដែលបានមកពីសួនច្បាររបស់អ្នក នឹងធ្វើឲ្យអ្នកមានសុខភាពល្អ និងរឹងមាំជានិច្ច។ ភ័ស្តុតាងមួយចំនួនបានបង្ហាញថា “កសិកម្មជាមួយធម្មជាតិ គឺជារបរមួយដែលល្អបំផុតសម្រាប់សុខភាព”។ ការសិក្សាមួយទៀតរបស់អូស្រ្តាលីក៏បានបង្ហាញមកដែរថា កសិករ គឺជាប្រភេទមនុស្សដែលមានជម្ងឺតិចជាងគេបំផុតនៅក្នុង ចំណោមប្រភេទមនុស្សជាច្រើនផ្សេងទៀត។

 

រីឯលោកបណ្ឌិត Masahiko Gemma មកពីសាកលវិទ្យាល័យ Waseda របស់ទីក្រុងតូក្យូក៏បានលើកឡើងមកដែរថា ទៅលើកសិករនៅក្នុងខេត្ត Saitama អត្រានៃមនុស្សដែលមានអាយុវែង កើនឡើងជាងមុន ហើយអត្រាមនុស្សស្លាប់ក៏ស្រកចុះផងដែរ ដែលអ្នកដែលមានអាយុវែងទាំងនោះ ភាគច្រើនគឺជា កសិករ ឬអ្នកដែលតែងតែ មានទម្លាប់ថែទាំសួនច្បារជារៀងរាល់ថ្ងៃ។

 

- វិភាគទៅលើការពិត 

 

ថ្វីត្បិតតែយើងទទួលបានអំណះអំណាងបញ្ជាក់ជាច្រើនក៏ពិតមែន ទាំងអ្នកស្រាវជ្រាវពីប្រទេសអូស្រា្តលី ក្រុមគ្រូពេទ្យ លោកបណ្ឌិតនៅហាវ៉ៃ និងបណ្ឌិតនៅតូក្យូសុទ្ធតែបានលើកឡើងមកបញ្ជាក់ដូចគ្នា។ មិនខុសទេ! វាសុទ្ធតែត្រឹមត្រូវ ប៉ុន្តែដើម្បីទទួលបានសុខភាពល្អពេញលេញ និងធ្វើឲ្យរាងកាយមានតុល្យភាពល្អ ពិតណាស់ធម្មជាតិ គឺជាកត្តាធំមួយ ប៉ុន្តែអ្នកក៏ត្រូវរៀបចំរបបអាហារទៅតាមសកម្មភាពប្រចាំថ្ងៃរបស់អ្នក អាហារដែលគ្មានជាតិគីមី និងការធ្វើលំហាត់ប្រាណឲ្យបានច្រើនផងដែរ។ 

 

ចាប់ផ្តើមពីការចូលខ្លួន ទៅរស់នៅឬចំណាយពេលក្នុងធម្មជាតិឲ្យបានច្រើន បើមិនបានទៅណាឆ្ងាយ យ៉ាងហោចណាស់ក៏បានត្រឹម រៀបចំ និងថែទាំសួនច្បារធម្មជាតិ ដែលនៅក្នុងបរិវេណរបស់អ្នកឲ្យបានល្អ និងស្រស់បំព្រងជានិច្ចក៏បាន នោះអ្នកនឹងទទួលបានអារម្មណ៍ល្អ សុខភាពរឹងមាំ និងអាយុវែងផងដែរ។