នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញលិខិតជូនចំពោះ នាយកក្រុមហ៊ុនកោះពស់ (ខេមបូឌា) អិនវេសមិនគ្រុប អិលធីឌី លើកម្មវត្ថុស្ដីពីការបើកចរាចរណ៍ជាសាធារណៈ ឲ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេលជាច្រើនឆ្នាំមក។

យោងតាមខ្លឹមសារលិខិតខាងលើ បង្ហាញថា ក្នុងដំណើរការរៀបចំហេដ្ឋានរចនាសម្ព័ន្ធនៅក្នុងខេត្តសម្រាប់បម្រើដល់វិស័យទេសចរណ៍ រដ្ឋបាលខេត្តបាននឹងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៤ ខ្សែជិតរួចរាល់តាមផែនការកំណត់ហើយ និងកំពុងរៀបចំកែលម្អ បើកលំហឆ្នេសមុទ្រសម្រាប់ប្រជាពលរដ្ឋបានមកសម្រាកកម្សាន្ដដោយសេរី ដែលកាលពីមុននៅតំបន់ឆ្នេរខ្លះ បិទបាំងនិងហាមឃាត់ការចេញចូលជាសាធារណៈ។
ក្នុងន័យនេះ ស្ពានកោះពស់ក៏បានបិទច្រកទ្វារមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ មិនពេញចិត្តមកលើរដ្ឋបាលខេត្ត។ ហេតុដូចនេះ ដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីបង្កើនចំនួនភ្ញៀវទេសចរឲ្យមកកម្សាន្ដតំបន់ឆ្នេរ នៅខេត្តព្រះសីហនុ កាន់តែច្រើនឡើង រដ្ឋបាលខេត្តស្នើសុំដល់នាយកក្រុមហ៊ុនកោះពស់ បើកចរាចរណ៍ជាសាធារណៈឡើងវិញ នៅលើស្ពានកោះពស់ សម្រាប់សាធារណជនចេញ-ចូល ចាប់ពីថ្ងៃទទួលសេចក្ដីជូនដំណឹងនេះតទៅ។

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ