ឆកកំពង់សោម គឺជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រនិងកោះដ៏មានសក្ដានុពលបំផុតនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅភាគនិរតីព្រំប្រទល់ខេត្តព្រះសីហនុ និងកោះកុង ដែលទទួលបានការចាប់រម្មណ៍ខ្លាំងបំផុតសម្រាប់លំហែកាយនៅរដូវក្ដៅ ជាពិសេសក្នុងឱកាសរយៈពេលឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃស្អែកតទៅនេះ។
តាមប្រសាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញថា នៅក្នុងខេត្តព្រះសីហនុ មានគោលដៅទេសចរណ៍សំខាន់ចំនួន ១៧ ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងដំណើរកម្សាន្ដថ្ងៃឈប់សម្រាកខាងមុននេះ ក្នុងនោះរួមមាន៖
១. តំបន់ឆ្នេរសមុទ្រស្រស់ស្អាត ៩ កន្លែង ស្ថិតនៅក្នុងក្រុងព្រះសីហនុតែម្ដង
២. កោះទាំង ៣២ ក្នុងខេត្តព្រះសីហនុ ដូចជា៖ កោះរ៉ុង កោះពស់ កោះតាគៀវ កោះឬស្សី -ល-
៣. តំបន់ឆ្នេរតាបាំង ឆ្នេរព្រែត្រែង ស្រុកស្ទឹងហាវ
៤. រមណីយដ្ឋានលើភ្នំខាងក្រោយសាលាស្រុកព្រៃនប់
៥. ស្ពានទឹកសាប ស្រុកព្រៃនប់
៦. រមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ
៧. ឆ្នេរមាសឆ្នេរប្រាក់ ឧទ្យានជាតិរាម ស្រុកព្រៃនប់
៨. ស្ពានឆ្លងទៅកោះពស់ និងសង្កាត់ទី៣ ក្រុងព្រះសីហនុ
៩. ឧទ្យានជាតិគិរីរម្យ ស្រុកកំពង់សីលា
១០. ទឹកធ្លាក់ថ្មរូង ស្រុកកំពង់សីលា
១១. ព្រៃកោងកាងកោះខ្យង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់
១២. ពយជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់
១៣ ក្បាលហុង ព្រែកចាក ឃុំរាម ស្រុកព្រៃនប់
១៤. កម្សាន្ដទឹកធ្លាក់របស់ឯកឧត្តម លូ គឹមឈុន នៅស្រុកព្រៃនប់
១៥. ទឹកធ្លាក់នាងនួន ឃុំកំពង់ចិន ស្រុកព្រៃនប់ ផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ខេត្តកំពត
១៦. ព្រៃកោងកាង ជំពូរខ្មៅ ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់
១៧. ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង (ថ្មរូង) ស្រុកកំពង់សីលា
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះអភិបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បាននិងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៤ ខ្សែជិតរួចរាល់តាមផែនការកំណត់ហើយ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការធ្វើដំណើរកាន់តែប្រសើរឡើងក្នុងខេត្តព្រះសីហនុ ដូចនេះវាកាន់តែបង្កភាពងាយស្រួលដល់ដំណើរកម្សាន្ដរបស់លោកអ្នក។
ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ