ព្រៃឈើ គឺជាជម្រកអាយុជីវិតជាច្រើន មិនមែនសម្រាប់តែមនុស្សសត្វ ជីវចម្រុះជាច្រើនលានមុខប៉ុណ្ណោះទេ តែវាក៏ជាផ្នែកសំអាតឧស្ម័នពុលរបស់ផែនដី បង្កើតឡើងពីស្នាដៃរបស់មនុស្សផងដែរ។ ព្រៃឈើដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ទៅដល់តុល្យភាពភពផែនដី ដោយប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិ បង្កើតខ្យល់បរិសុទ្ធ និងជាច្រើនផ្សេងៗទៀត។ នៅលើផែនដីយើងបច្ចុប្បន្ន មានព្រៃឈើជាច្រើនកន្លែង ដោយព្រៃខ្លះអាចនឹងមានអាយុកាលយូលុងណាស់មកហើយ ហើយខ្លះក៏បានបាត់បង់ទៅវិញដោយសារតែសកម្មភាពរបស់មនុស្ស។

ខាងក្រោមនេះ គឺជាព្រៃឈើទាំង ៨ ដែលមានអាយុកាលចាស់ជាងគេបំផុត លើភពផែនដី ដែលកំពុងបន្តរស់រានមានជីវិត ផ្សាភ្ជាប់ប្រវត្តិសាស្ត្រ ជាមួបបច្ចុប្បន្នកាល។
១. ព្រៃ Tongass National Forest
នៅក្នុងទំហំជាង ១៦,៨ លានហិកតា ព្រៃ Tongass National Forest គឺជាព្រៃធំមួយ ដែលប្រមូលផ្ដុំទៅដោយរុក្ខជាតិចម្រុះ និងឈើជាច្រើនប្រភេទ អមជាមួយនឹងបរិយាកាសបរិសុទ្ធ ត្រូវបានចាត់ទុកថាជាព្រៃត្រូពិច (Rain Forest) ដែលធំជាងគេបំផុតនៅអាមេរិក។ ព្រៃនេះមានទីតាំងស្ថិតនៅ Alaska ដែលផ្នែកមួយចំនួននៃព្រៃនេះ ត្រូវបានកំណត់ថាមានអាយុកាលច្រើនជាង ១ ពាន់ឆ្នាំ ដោយរួមមានដើមឈើ ដែលមានអាយុកាលច្រើនជាង ៨០០ ឆ្នាំរស់នៅ។

National Geographic បានពិពណ៌នាអំពីព្រៃ Tongass នេះថាជា “ប្រព័ន្ធអេកូឡូស៊ីសំបូរបែបពិសេសមួយដែលផ្ទុកសារធាតុសរីរាង្គច្រើន ជីវម៉ាស់ច្រើនជាងគេ ក្នុងមួយហិចតា រួមទាំងព្រៃត្រូពិចផង។ វាជាព្រៃធំ តំណាងឱ្យព្រៃត្រូពិច ជិតមួយភាគបី លើភពផែនដីទាំងមូល ដែលស្ថិតក្រោមការអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត។
២. ព្រៃ Waipoua Forest
មិនខុសពីព្រៃធំៗផ្សេងទៀតឡើយ Waipoua ត្រូវបានរកឃើញនៅពេលជនជាតិអឺរ៉ុប បានទៅដល់តំបន់ប្រមូលផ្ដុំដោយកោះនៅប្រទេសញូហ្សេឡែន ក្នុងសតវត្សទី ១៩។ ព្រៃនេះត្រូវបានប្រើប្រាស់សម្រាប់ផលិតជាអាវុធ ធ្វើទូក និងសំពៅ និងមានការកាប់រុករានជាច្រើន តែមកដល់ឆ្នាំ ១៩៥២ ព្រៃ Waipoua និងតំបន់ព្រៃឈើក្បែនោះ ត្រូវបានប្រកាសថាជាជម្រក ដែលត្រូវបានអភិរក្ស និងថែរក្សា ហាមមិនឱ្យមានការរាប់ព្រៃទៀតឡើយ។ ក្នុងព្រៃនេះ មានដើមឈើធំជាងគេមួយដើម ដែឡមានកម្ពស់ច្រើនជាង ១៥០ ហ្វីត ដែលត្រូវបានគណនាថា មានអាយុកាលច្រើនជាង ២,៣០០ ឆ្នាំឯណោះ។

៣. ព្រៃ Daintree Rainforest
តំបន់ព្រៃត្រូពិកធំជាងគេបំផុតនៅប្រទេសអូស្ត្រាលី ដែលមានទំហំប្រមាណជា ១,២០០ គីឡូម៉ែត្រក្រឡា ប្រមូលផ្ដុំទៅដោយព្រៃជាច្រើនប្រភេទ និងជីវិតសត្វរាប់ម៉ឺនក្បាល។ ព្រៃ Daintree ត្រូវបានសន្និដ្ឋានថា មានអាយុកាលច្រើនជាង ១៨០ លានឆ្នាំមកហើយ ក្នុងភពផែនដី ដែលចាស់ជាងព្រៃអាម៉ាហ្សូនដល់ទៅ ១០ លានឆ្នាំឯណោះ។ ព្រៃនេះគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលទទួលស្គាល់ដោយ UNESCO។

៤. ព្រៃ Yakushima Forest
ព្រៃត្រូពិច ប្រមូលផ្ដុំទៅដោយភ្នំជាច្រើន នៅលើដែនកោះ Yakushima របស់ជប៉ុន ដែលត្រូវបានចុះឈ្មោះក្លាយជា តំបន់បេតិកភណ្ឌធម្មជាតិពិភពលោកដោយអង្គការ UNESCO កាលពីឆ្នាំ ១៩៩៣។ ដែនកោះប្រមូលផ្ដុំទៅដោយព្រៃត្រូពិកមួយនេះ គឺជាជម្រកសទ្វ និងរុក្ខជាតិជាច្រើនប្រភេទ ពិសេសដើមឈើ Yakusugi ដែលត្រូវបានសន្និដ្ឋានថាមានអាយុកាលច្រើនជាង ៧ ពាន់ឆ្នាំ និងដើមផ្សេងៗទៀតជាច្រើន ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។

៥. ព្រៃ Acient Bristlecone Pine Forest
ព្រៃស្រល់បុរាណ ខុសពីព្រៃត្រូពិកខាងលើ ដែលមានទីតាំងស្ថិតនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វញ៉ា ក្នុងទំហំផ្ទៃដីជាង ១០,០០០ ហ្វីត នៅជីតតំបន់ Sequoi National Forest។ ព្រៃមួយនេះ មានអាថកំបាំងមួយ គឺដើមឈើរ Methuselah ដែលត្រូវបានសន្និដ្ឋានថា មានអាយុកាលយ៉ាងហោចណាស់ ៤,៨៤១ ឆ្នាំ ហើយវាបានបន្តរស់រានមានជីវិតចាប់តាំងពីជនជាតិអេហ្ស៊ីប ចាប់ផ្ដើមសាងសង់ប្រាសាទពីរ៉ាម៉ីតមកម្លេះ ក៏ប៉ុន្តែដើមឈើប្រភេទនេះត្រូវបានបិទបាំងព័ត៌មានមិនបានឱ្យដឹងនោះឡើយ ដោយត្រូវបានការពារយ៉ាងយកចិត្តទុកដាក់បំផុត។

៦. ព្រៃ Bialowieza Forest
មានទីតាំងស្ថិតនៅព្រំដែននៃប្រទេស ប៉ូឡូញ និងប្រទេសបេឡារុស្ស ព្រៃ Bialowieza ត្រូវបានទទួលស្គាល់ថាជា តំបន់បេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការ UNESCO កាលពីឆ្នាំ ១៩៧៩ បើទោះបីជាមានទំហំត្រឹមតែ ១៥០២ គីឡូម៉ែត្រក្រឡាក៏ដោយ។ ព្រៃនេះមានភាពល្អប្លែកត្រង់ថា មានដើមឈើមានអាយុកាលចាស់ៗជាច្រើនរស់នៅទីនោះ រួមទាំងសត្វជាច្រើនប្រភេទ ពិសេសសត្វគ្មានឆ្អឹងខ្នងច្រើនជាង ១២,០០០ ប្រភេទឯណោះ

៧. ព្រៃ Tarkine Forest
Tarkine គឺជាព្រៃត្រូពិក ដែលមានទំហំធំជាងគេបំផុតនៅអូស្ត្រាលី ជាទីជម្រកសត្វព្រៃយ៉ាងសំខាន់ ហើយវាក៏ជាព្រៃត្រូពិក ដែលនៅដាច់ដោយឡែកពីគេឯង ធំជាងគេទី២ ក្នុងពិភពលោក ដែលត្រូវបានគណនាថា មានអាយុកាលប្រមាណជា ៣០០ លានឆ្នាំមកហើយ។ ព្រៃនេះប្រមូលផ្ដុំដោយភ្នំជាច្រើន ដងទន្លេ ទឹកជ្រោះ អូប្រឡាយ រោងភ្នំ ឆ្នេខ្សាច់ វាលស្មៅ និងជាច្រើនផ្សេងទៀត ដោយក្នុងនោះរួមមានដើមស្រល់ដែលមានអាយុកាលច្រើនជាង ៣ ពាន់ឆ្នាំរស់នៅទៀតផង។ ព្រៃនេះ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីយកចិត្តទុកដាក់ខ្លាំង ក្នុងការអភិរក្សទាំងជីវិតឈើ និងសត្វព្រៃ។

៨. ព្រៃ Kakamega Forest
ជាមួយនឹងទំហំផ្ទៃដីត្រឹមតែ ២៣៤ គីឡូម៉ែត្រក្រឡា ព្រៃ Kakamega មានទីតាំងស្ថិតនៅកេនយ៉ា (Kenya) ទ្វីបអាហ្វ្រិក ជាព្រៃមានអាយុកាលចំណាស់ជាងគេក្នុងពិភពលោកផងដែរ។ ព្រៃនេះ ត្រូវបានខូចខាត ដោយជនទុចរិកលួចកាប់បំផ្លាញអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ តែមកដល់ពេលបច្ចុប្បន្ននេះ វានៅតែបន្តរស់រានមានជីវិត ដោយក្នុងនោះរួមបញ្ចូលជាមួយនឹងសត្វព្រៃជាច្រើនប្រភេទ និងមានសត្វស្លាបច្រើនជាង ៣០០ ប្រភេទរស់នៅ ថែមទាំងមានពូជសត្វស្វាចម្រុះជាច្រើន រស់នៅតាមតំបន់ និងដើមឈើមានអាយុកាលជាង ៧០០ ឆ្នាំផងដែរ។
