ផលប្រយោជន៍ដ៏សំខាន់ របស់ព្រៃឈើ សម្រាប់ជីវិតរស់នៅលើផែនដី

ព្រៃឈើមានអត្ថប្រយោជន៍ខ្លាំងណាស់ នៅលើផែនដី វាគឺជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិជាច្រើនអស់រយៈពេលរាប់លានឆ្នាំមកហើយ។ ព្រៃ ឬដើមឈើ គឺជាឧបករណ៍សម្រាប់មនុស្សស្វែងរកអាហារ ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាច្រើនផ្សេងៗទៀតរាប់មិនអស់ ពិសេសគឺជាសួតរបស់ភពផែនដីរបស់យើងតែម្ដង។

អស់រយៈពេលជាច្រើនលានឆ្នាំកន្លងមកនេះ ព្រៃឈើត្រូវបានសង្កេតឃើញថាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែសកម្មភាពរបស់ជនទុចរិត ដែលបានបំផ្លិចបំផ្លាញព្រៃឈើ ឬជាសកម្មភាពពង្រីកលំនៅដ្ឋាន ឬការអភិវឌ្ឍន៍ជាដើម ដោយក្នុងនោះរួមមានគ្រោះធម្មជាតិផងដែរ។ ព្រៃឈើបានកំពុងចាប់ផ្ដើមបាត់បង់ជាបន្តបន្ទាប់ ហើយជាលទ្ធផលវាបានកំពុងធ្វើឱ្យ ដើមឈើប្រមាណជា ២ ម៉ឺនប្រភេទប្រឈមនឹងហានិភ័យ ហើយមានជាង ១,៤០០ ប្រភេទ កំពុងស្ថិតក្នុងបញ្ជីខ្មៅ ដែលអាចផុតពូជ ដោសារតែស្នាដៃមនុស្សក្នុងពេលដ៏ខ្លីខាងមុខទៀតផង។

បញ្ហាទាំំងនេះកើតមានស្ទើតែគ្រប់ទីកន្លែង ហើយបើយើងងាកមកមើលផលប្រយោជន៍នៃព្រៃឈើ ដែលផ្ដល់ឱ្យភពផែនដីវិញឃើញថា មានផលប្រយោជន៍ច្រើនណាស់ ដែលជាផលប្រយោជន៍រួម សម្រាប់អនាគតរបស់មនុស្សជាតិជំនាន់ក្រោយៗ។ 

១. ព្រៃឈើជួយចិញ្ចឹមដី

ជាការពិតណាស់ប្រិយមិត្តភាគច្រើនអាចនឹងធ្លាប់បានដឹង ឬសិក្សារួចមកហើយ ព្រៃឈើជួយចិញ្ចឹមដីឱ្យមានជីជាតិ ដែលជួយទៅដល់បរិស្ថាន ជីវិតសត្វព្រៃ ក៏ដូចជាផលប្រយោជន៍រួមរបស់មនុស្ស ជុំវិញការប្រើប្រាស់ដី សម្រាប់ដាំដំណាំធម្មជាតិជាដើម។

២. ព្រៃឈើស្រូបយកឧស្ម័នពុល

ព្រៃឈើមានតួនាទីដូចជាម៉ាស៊ីនប៉ូមឧស្ម័នពុលអញ្ចឹងដែរ។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការ NASA បានបញ្ជាក់ថា ព្រៃឈើបានស្រូបយកឧស្ម័នពុលក្នុងមួយឆ្នាំបានដល់ទៅជាង ១,៤ ពាន់លានតោន នៃ CO2។ វាក៏ជួយយ៉ាងច្រើនទៅដល់ការស្រូបយកឧស្ម័នពុលក្នុងបរិយាកាស ដែលជាមូលហេតុធ្វើឱ្យផែនដីឡើងកម្ដៅ និងរក្សាលំនឹងសីតុណ្ហភាពឱ្យនៅក្រោម ២ អង់ហ្សាសេ មុនពេលឆ្នាំ ២០៣០ មកដល់។

៣. ព្រៃឈើផ្ដល់អាហារដល់ជីវិត

ជាការពិតណាស់ ប្រជាជនលើផែនដីច្រើនជាង ៨៦ លាននាក់ ពឹងផ្អែកទៅលើព្រៃឈើដើម្បីរស់ ដោយក្នុងនោះប្រជាជនជាង ១ ពាន់លាននាក់ ពឹងផ្អែកឈើ ដើម្បីរស់នៅដូចជាសាងសង់ផ្ទះ ឧបករណ៍ផ្សេងៗ អុសដុត ជាដើម។ ព្រៃឈើក៏ជាទីជំរករបស់សត្វព្រៃដ៏សំខាន់ផងដែរ។

៤. ព្រៃឈើគឺជាជលផលធម្មជាតិ

ព្រៃឈើក៏ជាទីកន្លែងផ្ដល់នូវធនធានធម្មជាតិជាច្រើនផងដែរ ក្នុងនោះព្រៃអាចផ្ដល់ទឹកបរិសុទ្ធ តាមរយៈដងទន្លេ ដងជ្រោះ ទឹកធ្លាក់ ដងព្រែក សម្រាប់ជនជាតិភាគតិច នៅតាមប្រទេស និងតំបន់ដាច់ស្រយាលផ្សេងៗ។ នៅលើពិភពលោក ជនជាតិភាគតិចជាច្រើន ពឹងផ្អែកទៅលើព្រៃឈើដើម្បីការរស់នៅប្រចាំថ្ងៃ និងជាប្រភពទឹកដ៏សំខាន់ រួមមានដូចជា នៅ Bogota, Jakarta, Karachim, Madrid ជាអាទិ៍។

៥. ព្រៃឈើជួយជីវចម្រុះជាង ៨០% នៅលើផែនដី

ព្រៃឈើគឺជាទីជំរករបស់សត្វព្រៃជាច្រើនប្រភេទ អាស្រ័យតាមតំបន់។ បច្ចុប្បន្នសត្វស្លាបប្រមាណជា ៨០% មានទីជម្រកនៅក្នុងតំបន់ព្រៃ។ ព្រៃដែលមានជីវសាស្ត្រចម្រុះ និងស្មុគស្មាញបំផុតគឺជាប្រភេទព្រៃត្រូពិច យោងទៅតាមមូលនិធិពិភពលោកសម្រាប់ធម្មជាតិ ភ្លៀងច្រើននឹងរក្សាតុល្យភាពកម្ដៅឱ្យល្អ ព្រោះព្រៃឈើគឺជាឧបករណ៍ទាក់ទាញទឹកភ្លៀងយ៉ាងសំខាន់។

បើទោះបីជាបច្ចុប្បន្ន ការកាប់បំផ្លាញព្រៃឈើ នៅតែកើតមានឡើង ពិភពលោកក៏បានរៀបចំគម្រោងរួមគ្នា ដើម្បីផលប្រយោជន៍រួម តាមរយៈការដាំដើមឈើថ្មីឱ្យបាន ១ លានដើម ដើម្បីជួយទៅដល់សុខភាពផ្លូវដង្ហើមរបស់ផែនដី និងដើម្បីជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដែលជាប្រធានបទក្ដៅនៅពេលបច្ចុប្បន្ន៕