តម្លៃផ្ទះនៅទីក្រុងតៃប៉ិ ថោកជាងនៅហុងកុង ៣ ដង!

ទីក្រុងតៃប៉ិ ជាទីក្រុងដែលថ្លៃជាងគេបំផុតនៅកោះតៃវ៉ាន់ ជាបណ្ដុំពាណិជ្ជកម្ម របស់ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចធំៗមកពីជប៉ុន កូរ៉េ អាមេរិច ចិន និងតៃវ៉ាន់ខ្លួនឯង ហើយតៃប៉ិក៏ត្រូវបានគេយកធ្វើជារាជធានីនៃកោះតៃវ៉ាន់ផងដែរ។ ថ្វីត្បិតតែតៃវ៉ាន់ ជាប្រទេសមានសេដ្ឋកិច្ចខ្ពស់លំដាប់ទី ៧ នៅអាស៊ី និងមានពាណិជ្ជកម្មជាច្រើនក៏ដោយ ប៉ុន្តែតម្លៃផ្ទះនៅក្រុងតៃប៉ិ មិនថ្លៃដូចជានៅសិង្ហបុរី និងហុងកុងឡើយ ពោលបើយើងធៀបតម្លៃផ្ទះនៅហុងកុង និងតៃប៉ិ គឺខុសគ្នាដល់ទៅ ៣ ដងឯណោះ។

អចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងតៃប៉ិ បានកើនឡើងប្រហែល ១៨% ជាមធ្យមតាំងពីលោកស្រី Tsai Ing-wen ឈ្នះឆ្នោតកាលពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ដូចនេះតម្លៃអចលនទ្រព្យពាណិជ្ជទីក្រុងតៃប៉ិជាមធ្យមគឺ ១,៣២២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះតម្លៃផ្ទះវិញ មានតម្លៃជាមធ្យមគឺ ៩០០ ដុល្លារប៉ុណ្ណោះក្នុងមួយការ៉េ ហើយបើធៀបជាមួយហុងកុងលំនៅដ្ឋាន ៣,៥៧០ ដុល្លារក្នុងមួយការ៉េ គឺទីក្រុងតៃប៉ិថោកជាង ៣ ដងឯណោះ ឬស្មើរ ១ ភាគ ៤ នៃតម្លៃ។

យើងដឹងហើយថា ទីក្រុងទាំង ២ សុទ្ធសឹងជាតំបន់ពាណិជ្ជកម្ម ដែលស្ថិតនៅតំបន់ផ្លូវទឹកដ៏សំខាន់របស់អាស៊ីបាស៊ីហ្វិច ប៉ុន្តែបណ្ដុំពាណិជ្ជកម្ម និងអចលនទ្រព្យនៅហុងកុងផ្ទុះខ្លាំងជាង សេដ្ឋកិច្ចក៏ខ្ពស់ជាងផងដែរ ជាងនេះទៅទៀត ទីក្រុងតៃប៉ិមានចំនួនប្រជាជនខ្ទង់ ២.៦ លាននាក់ប៉ុណ្ណោះ (ប្រហែល ១១% នៃប្រជាជនសរុប) ខណៈក្រុងហុងកុងមានដល់ ៧.៤ លាននាក់ ដែលធ្វើឲ្យហុងកុង ជាទីក្រុងមមារញឹកបំផុតលើលោក។

យ៉ាងណាមិញ បើតាមរបាយការណ៍ប្រជាសាស្ត្របានបង្ហាញថា នៅទីក្រុងតៃប៉ិ ជីវភាពប្រជាជនរស់នៅបានសមរម្យជាង ដោយមានផ្ទះរស់នៅបានគ្រប់គ្រាន់ ប៉ុន្តែនៅទីក្រុងហុងកុង ចំនួនអ្នកខ្វះលទ្ធភាពទិញផ្ទះកើនឡើងជារៀងរាល់ឆ្នាំ ហើយប្រជាជនហុងកុងរាប់ម៉ឺននាក់ សុខចិត្តរស់នៅផ្ទះតូចៗដែលមានទំហំ ១ x ២ ម៉ែត្រគេឲ្យឈ្មោះថា Coffin House។ ដូចនេះហើយទើបថ្មីៗនេះសារព័ត៌មានចិនដីគោកជាច្រើនបានចុះផ្សាយថា ហុងកុងក្លាយជាទីក្រុងថ្លៃហួសកម្រិត សម្រាប់ប្រជាជនហុងកុងខ្លួនឯង។ នេះមិនដឹងថាជារឿងល្អ ឬជារឿងអាក្រក់នោះទេ សម្រាប់ហុងកុង នៅពេលដែលសេដ្ឋកិច្ចតំបន់នោះឡើងខ្ពស់ អចលនទ្រព្យតម្លៃថ្លៃកប់ មានមហាសេដ្ឋីរស់នៅច្រើន និងជាប់ឈ្មោះជាទីក្រុងថ្លៃបំផុតលំដាប់ទី ៦ ប៉ុន្តែចំនួនអ្នកដែលគ្មានលទ្ធភាពទិញផ្ទះកើនឡើងជាលំដាប់បែបនេះ។