ស្ថានីយថាមពលពន្លឺព្រះអាទិត្យបណ្ដែតលើទឹកដ៏ធំបំផុតមួយលើលោក នឹងត្រូវរៀបចំក្នុងប្រទេសសិង្ហបុរី!

ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ដោយប្រើប្រាស់ផ្ទាំងសូឡាបណ្ដែតលើផ្ទៃទឹកនៅតំបន់ Tuas ប្រទេសសិង្ហបុរី នឹងក្លាយជាគម្រោងស្ថានីយសូឡាបណ្ដែតលើទឹកធំជាងគេមួយលើពិភពលោក មានទំហំប្រហែលនឹងតារាងបាល់ទាត់ ៤៥ ដង ហើយគម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០២១ ខាងមុខ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល, ការបំភាយកាបូន, និងជួយដល់ទប់កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ។ 

គម្រោងខាងលើនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Sembcorp Industries ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sembcorp Floating Solar Singapore សហការជាមួយភ្នាក់ងារធនធានទឹកជាតិសិង្ហបុរី PUB ដោយការសាងសាង់ស្ថានីយនេះស្ថិតនៅក្នុងអាងស្ដុកទឹក Tengeh Reservoir ភាគខាងលិចនៃប្រទេសសិង្ហបុរី ហើយស្ថានីយនេះ នឹងមានសមត្ថភាពផ្ដល់ថាមពលអតិបរមាដល់ ៦០ មេហ្គាវ៉ាត់ រួមចំណែកដល់ការប្រើប្រាស់ថាមពលក្នុងប្រទេសប្រមាណ ៧% អាចផ្គង់ផ្គត់ថាមពលអគ្គិសនីដល់ផ្ទះមានបន្ទប់ ៤ បានចំនួន ១៦,០០០ ផ្ទះឯណោះក្នុងមួយឆ្នាំ។ 

លើសពីនេះទៀត គម្រោងខាងលើ រំពឹងថានឹងជួយកាត់បន្ថយការបំភាយកាបូនប្រមាណ ៣២ តោនក្នុងមួយឆ្នាំ ប្រហែលការកាត់បន្ថយចំហេះយានយន្ដ ៧,០០០ រថយន្ដចេញពីដងផ្លូវ។ 

លោក Wong Kim Yin នាយកប្រតិបត្តិនៃក្រុមហ៊ុន Sembcorp Industries បានឲ្យដឹងថា គម្រោងនៃការសាងសង់ស្ថានីយសូឡាបណ្ដែតទឹកធំបំផុតមួយលើលោកនេះ នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន ដោយរួមមានការសិក្សាទៅលើបញ្ហាបរិស្ថានសមស្របជាមួយអាកាសធាតុប្រទេសសិង្ហបុរី សម្រាប់ទាញថាមពលបានខ្ពស់, ភាពច្នៃប្រឌិតលើបច្ចេកវិទ្យា ឲ្យប្រើប្រាស់បានយូរអង្វែង, ធានាមិនប៉ះពាល់ដល់គុណភាពទឹក -ល-។ ជាក់ស្ដែង បច្ចេកទេសនៃការផលិតផ្ទាំងសូឡាខាងលើ នឹងត្រូវប្រើប្រាស់កញ្ចក់ ២ ជាន់ដើម្បីតម្លើង ហើយធានារយៈពេលដល់ ២៥ ឆ្នាំ ថែមទាំងមានបំពាក់កាមេរ៉ាសុវត្ថិភាព និងបច្ចេកវិទ្យាតាមដានអាកាសធាតុ បង្ហាញនៅលើ Dashboard ក្នុងការវាស់គ្រោះធម្មជាតិផ្សេងៗដូចជាល្បឿនខ្យល់ កម្ដៅ កម្រិតកម្ពស់ទឹកជាដើម។ តាមរយៈបច្ចេកវិទ្យាទាំងអស់នេះ គេនឹងធានាបាននូវការប្រើប្រាស់ថាមពលប្រកបដោយចីរភាពក្នុងប្រទេសសិង្ហបុរី ព្រោះនេះជាថាមពលបៃតងមិនចេះរីងស្ងួត ថែមទាំងចូលរួមកាត់បន្ថយការបំភាយកាបូន និងឧស្ម័នផ្ទះកញ្ចក់ផ្សេងៗ។