ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា កន្លងទៅនេះ បានសម្រេចផ្ដល់នូវផ្ទៃដីទំហំជាង ១៥ ហិកតា នៃតំបន់បឹងតាមោក ដើម្បីផ្ដល់ជូនទៅដល់ការអភិវឌ្ឍន៍ និងសាងសង់ទីស្នាក់ការថ្មី ជូនទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់បំពេញការងារនាថ្ងៃអនាគត។
យោងតាមលិខិត ៧៩០ សជណ.មយ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ បានបង្ហាញឱ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេច និងអនុម័តយល់ព្រមជាគោលការណ៍ កាត់ដីបឹងតាមោក ដែលយើងស្គាល់ថា បឹងទំនប់កប់ស្រូវ ក្នុងទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការសាងសង់ទីស្តីការក្រសួងថ្មី នៅទីនោះ។ តាមន័យរបស់លិខិតនោះបានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់យកទីតាំងផ្ទៃដីបឹងតាមោកបឹង (កប់ស្រូវ) ទំហំ ១៥,០៣ ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ សម្រាប់រៀបចំសាងសង់ អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
បើទោះបីជាមានសេចក្ដីសម្រេចឱ្យបង្កើតទីស្ដីការរបស់ក្រសួងថ្មីក៏ដោយ ស្ថាប័នពាក់ព័ន្ធរួមមានដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើដំណើរបន្តទៀតតាមនីតិវិធី ទម្រាំចេញជាផែនការមេ សម្រេចធ្វើការសាងសង់ និងបើកការដ្ឋានជាផ្លូវការ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្ម នូវផ្ទៃដីបឹងតាមោកប្រមាណជាជាង ៨ ហិកតា នៅក្នុងសង្កាត់គោករកា ជូនទៅលោក សេង វុទ្ធី គ្រប់គ្រងជាកម្មសិទ្ធិស្របច្បាប់ផងដែរ។
ការសម្រេចបង្កើតទីស្នាក់ការថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ក្រសួង ពិសេសគឺការបំពេញការងារបច្ចុប្បន្ន ដែលកំពុងជួបការលំបាក នៃទីកន្លែងសម្រាប់បំពេញការងារ មានទីតាំងតួចចង្អៀត ពិបាកក្នុងការបើកកិច្ចប្រជុំ ស្វែងរកចំណត ជាដើម។ គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាល ធ្លាប់បានកាត់ផ្ទៃដីបឹងនេះជាច្រើនដងមកហើយ។ ជាក់ស្ដែងកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំជិត ៣០០ ហិចតា ដើម្បីសាងសង់អគ្គបញ្ជាការដ្ឋាននៃកងទ័ពថ្មីនៅទីនោះផងដែរ។
ប្រភព៖ ទីស្ដីការគណរដ្ឋមន្ត្រី