គិតមកដល់ដើមខែកញ្ញានេះ គម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ បានបញ្ចប់ការងារដំណាក់កាលទី ១ សព្វគ្រប់ ១០០% មកហើយ ក្នុងនោះមានដូចជាការងារដោះមីន ការងារកាប់ឆ្ការព្រៃ និងសម្អាតផ្ទៃដីដែលមានទំហំ ១៧.៣៣ ហិកតា។

យោងតាមប្រសាសន៍របស់ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធាណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុថ្មីនេះ បានបញ្ចប់ការងារដំណាក់កាលទី១ កាលពីដំណាច់ខែសីហា ហើយជំហ៊ានបន្ទាប់ នឹងមានការជីករណ្ដៅចាក់សំរាមដែលមានទំហំទទឹង ១៣០ ម៉ែត្រ និងបណ្ដោយ ១៥០ ម៉ែត្រជាមួយជម្រៅចាប់ពី ២ ទៅ ៤ ម៉ែត្រ ភ្ជាប់ជាមួយប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងនៃការសាងសង់ទីលានចាក់សំរាមថ្មីខេត្តព្រះសីហនុនេះ មានទំហំផ្ទៃដីសរុបដល់ ៥១ ហិកតា ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ ការចំណាយទៅលើគម្រោងនេះ ស្ថិតក្នុងក្របខណ្ឌថវិកាជាតិ មានតម្លៃសរុបជាង ៥.៣១ លានដុល្លារ និងមានសមត្ថភាពផ្ទុកសំរាមបានជាង ៨៨ ម៉ឺត្រម៉ែត្រគូប ក្នុងរយៈពេល ៥ ឆ្នាំដំបូង ហើយត្រូវអនុវត្តប្រមូលដោយក្រុមហ៊ុន ហេង សម្បត្តិ អាហារ័ណ នីហរ័ណ។

ឯកឧត្តម កឹម បូរី បានបន្ថែមថា រាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិរបស់ខ្លួនគឺដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រង់សំរាម និងអនាម័យជូនប្រជាពលរដ្ឋ ធ្វើឲ្យសុខុមាលភាពសាធារណៈ និងបរិស្ថានកាន់តែប្រសើរ ព្រោះបច្ចុប្បន្ននេះ សំរាមនៅក្នុងខេត្តព្រះសីហនុមានប្រមាណពី ៦០០ ទៅ ៧០០ តោន/ថ្ងៃ ដោយមិនទាន់គិតពីកាកសំណល់នៅតាមការដ្ឋានសំណង់ឡើយ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត។