ប្រវត្តិនៃស្ពានឥន្ធនូ ខេត្តកំពត!

តាំងពីសម័យអាណានិគមបារាំង រហូតមកដល់សព្វថ្ងៃ ខេត្តកំពតត្រូវបានគេចាត់ទុកជាគោលដៅទេសចរណ៍សម្រាកលំហែដ៏ល្អបំផុតមួយក្នុងប្រទេសកម្ពុជា ហើយហេដ្ឋារចនាសម្ព័ន្ធនានារួមមានអគាររដ្ឋបាល សណ្ឋាគារ ស្ពាន ព្រះវិហារ ត្រូវបានកសាងឡើងជាច្រើនកន្លែងចាប់ពីក្រុងកំពត រហូតទៅដល់ភ្នំបូកគោ ដែលបន្សល់ទុកសំណង់បុរាណទាំងនោះមកដល់សព្វថ្ងៃ។ 

ស្ពានឥន្ធនូ ស្ថិតនៅក្នុងចំណោមសំណង់ល្បីល្បាញតំណាងខេត្តកំពតមួយផងដែរ ហើយយើងនឹងបានឃើញភ្លាមពេលទៅដល់ព្រែកកំពង់បាយ ក្រុងកំពត។ ស្ពាននេះ ត្រូវបានអ្នកស្រុកកំពតស្គាល់ថាជាស្ពានព្រែកកំពង់បាយ ដែលភ្ជាប់ពីត្រើយកោះខាងលិច ជាមួយដីគោកក្រុងកំពតខាងកើត ក្រោមស្ថាបត្យកម្មសំណង់បែបបង្កាន់ដៃឥន្ធនូ ស្រដៀងទៅនឹងស្ពានបុរាណជាច្រើនផ្សេងៗទៀតដែលបានសាងសង់ក្នុងសម័យអាណានិគមបារាំង។ 

ស្ពានឥន្ធនូ ត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ ១៩២៣ ហើយបញ្ចប់នៅក្នុងឆ្នាំ ១៩២៥ ដែលក្នុងទម្រង់ដើម ស្ពាននេះមានសណ្ឋានជាប្រាំកំណាត់ ដែលកោងដូចឥន្ធនូ ប៉ុន្តែបច្ចុប្បន្ននៅសល់តែពីរកំណាត់ប៉ុណ្ណោះ ដោយសារសំណង់ដើមត្រូវបានកាត់ផ្ដាច់ស្ទើរទាំងស្រុងដោយភ្លើងសង្គ្រាមក្នុងទសវត្សទី ៧០ (ស្ពាននេះត្រូវបំផ្លាញចោលនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ១៩៧១)។

មកដល់បច្ចុប្បន្ន ស្ពានព្រែកកំពង់បាយ ឬស្ពានឥន្ធនូ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលមិនអនុញ្ញាតិឲ្យរថយន្ដបើកបរកាត់ឡើយ ពោលមានតែម៉ូតូ កង់ និងថ្មើរជើងឆ្លងកាត់ប៉ុណ្ណោះ។ កាលពីចុងខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក៏បានដឹកនាំថ្នាក់ដឹកនាំសិក្សាអំពីលទ្ធភាពនៃការសាងសង់ស្ពានឥន្ធនូថ្មីផងដែរ ក្រោមកិច្ចសហការពីក្រុមហ៊ុន China Road ដើម្បីសម្រួលដល់ការធ្វើដំណើរ ជាពិសេសវិស័យទេសចរណ៍ និងដឹកជញ្ជូន ហើយនឹងត្រៀមដាក់សំណើរគម្រោង ជូនទៅដល់រាជរដ្ឋាភិបាលដើម្បីសម្រេចគោលការណ៍។ 

ឯកឧត្តម អភិបាលខេត្តបានអះអាងថា បន្ទាប់ពីបានទទួលសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល ស្ពានឥន្ធនូថ្មី នឹងត្រូវសាងសង់រួចរាល់មិនឲ្យលើសពី ២ ឆ្នាំឡើយ ដែលនឹងជួយកាត់បន្ថយបញ្ហាស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ស្របពេលដែលខេត្តកំពតមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សមានគម្រោងវិនិយោគច្រើន និងមានកំណើនភ្ញៀវទេសចរខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ 

លើសពីនេះ ខេត្តកំពត រំពឹងមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងតិច ២.៥ លាននាក់ នៅត្រឹមឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០១៩ ដែលទទួលបាន ១.៦ លាននាក់។