ការស្រាវជ្រាវ បង្ហាញថាប្រាសាទភិមានអាកាស ជាព្រះបរមរាជវាំងតាំងពីសតវត្សទី៩

ប្រាសាទភិមានអាកាស មានទីតាំងស្ថិតនៅក្នុងភូមិនគក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប ដែលបានកសាងឡើងពីថ្មភក់ មានទម្រង់ជាប្រាសាទភ្នំ នៅលើគ្រឹះថ្មបាយក្រៀមចំនួន ៣ ជាន់ ដោយ២ជាន់មានសណ្ឋានរាង៤ជ្រុងទ្រវែង មានកម្ពស់សរុប ៨ ម៉ែត្រ និងមានជណ្ដើរចំនួន៤ទិស។ ជាន់ក្រោមបង្អស់ មានទទឹងជើង-ត្បូងប្រវែង ២៨ ម៉ែត្រ និងបណ្ដោយលិច-កើត ប្រវែង ៣៥ ម៉ែត្រ អមនៅសងខាងជណ្ដើរឡើងត្រង់មុំជើងគ្រឹះទាំង ៣ ជាន់មានចម្លាក់រូបសិង្ហ និងរូបដំរី។ 

 

យោងតាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ដោយកម្រតាញស្រីសត្យាស្រ័យរវាងឆ្នាំ ៩១០ ហើយបន្ដកសាងក្នុងរាជ្យក្រោយៗទៀត និងត្រូវបានយកប្រាសាទនេះ សម្រាប់ការគោរពបូជាដល់អាទិទេពផង និងសម្រាប់រាជ្យផង។

ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះរាជាច្រើនជំនាន់ រួមមានព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វទី១០ ព្រះបាទជ័យវរ្ម័នទី៥ ចុងសតវត្សទី១០ និងព្រះបាទសូរ្យវរ្ម័នទី១ ដើមសតវត្សទី១១ ជាដើម។ 

តាមកំណត់ត្រារបស់អ្នកការទូតចិន ជីវ តាក្វាន់ ហេមស្រឹង្គគិរី ផែដោយមាសភ្លឺចាំងចិញ្ចែងចិញ្ចាចអស្ចារ្យក្រៃលែង និងមានរឿងដំណាលមួយថារាល់រាត្រី ព្រះរាជា ត្រូវយាងចូលទៅក្នុងប្រាង្គមាសនោះ ដើម្បីជួបនឹងនាគក្បាលប្រាំបួន ដែលកាឡាខ្លួនជាស្រីស្អាតម្នាក់ មុននឹងយាងចូលក្រឡាបន្ទំជាមួយអគ្គមហេសី បើព្រះរាជាអវត្តមាន ឬនាងនាគពុំបង្ហាញខ្លួន គេជឿថា នឹងមានគ្រោះអាក្រក់កើតឡើង។

តាមរយៈគម្រោងស្រាវជ្រាវបុរាណវិទ្យា MoDaThom របស់សាលាបារាំងចុងបូព៌ា EFEO កាលពីពេលថ្មីៗនេះ បានប្រទះឃើញដើមធ្លក និងគ្រាប់ធ្លក កប់នៅក្រោមគ្រឹះប្រាសាទ និងសំណល់ផ្សេងៗទៀត ដែលបញ្ជាក់ថា ទីនេះទំនងជាព្រះបរមរាជវាំងតាំងពីសតវត្សទី៩ ដោយរាជវាំងដំបូងកសាងពីឈើ ប្រក់ក្បឿង ហើយបន្ដរៀបចំពីព្រះមហាក្សត្រពីមួយអង្គទៅមួយអង្គទៀត និងបន្ដប្រើប្រាស់រហូតដល់សតវត្សទី១៦។

ឯការប្រទះឃើញដើមធ្លក ជាតឹកតាងបញ្ជាក់ថា រឿងនគរគោកធ្លក មានប្រភពចេញពីប្រាសាទភិមានអាកាសតំបន់អង្គរនេះឯង។

 

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ